ក្រុមអាជីវករខ្មែរនិយាយពីការលំបាក ក្នុងការនាំស្រូវយកទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ក្នុងខេត្តព្រៃវែង។
អង្គភាព សារព័ត៌មាន KMS TV Online យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

ក្រុមអាជីវករខ្មែរនិយាយពីការលំបាក ក្នុងការនាំស្រូវយកទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ក្នុងខេត្តព្រៃវែង។

ខេត្តព្រៃវែង ៖ ក្រុមអាជីវករដឹកស្រូវយកទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគាត់ដើរប្រមូលទិញស្រូវបងប្អូនប្រជាពលរដ្ឋពីបណ្តាខេត្តនានា ១គីឡូក្រាមក្នុងតម្លៃ៧៩០៛-៨៣០៛ឫ៨៤០៛ទៅតាមប្រភេទស្រូវ ។ ក្រុមអាជីវករបញ្ជាក់ថា ក្នុង១ថ្ងៃៗខ្លះប្រមូលទិញបានចាប់ពីជាង១០តោនទៅ៥០តោន ដឹកយកមកលក់បន្តអោយឈ្មួញជនជាតិវៀតណាមក្នុង១គីឡូក្រាមតម្លៃត្រឹមតែជាង៨០០៛ ទៅ១០០០៛ ប៉ុណ្ណោះ ។ ខណៈដែលឆ្នាំមុនៗស្រូវលក់អោយឈ្មួញវៀតណាមក្នុង១គីឡូក្រាមបានជាង៩០០៛ទៅជាង១០០០៛ឯណោះ ។ ដោយសារជំងឺកូវីដ-១៩ ធ្វើអោយច្រកទ្វារព្រំដែនត្រូវបានបិទផ្អាកចរាចរណ៍ចេញ-ចូលមួយរយៈ ហើយទើបតែបើកប្រទេសឡើងវិញ នូវច្រកទ្វារព្រំដែនអន្តរជាតិកោះរកានេះប្រហែល៦ទៅ៧ថ្ងៃនោះទេ ។ ហេតុដូច្នេះទើបពួកគាត់នាំគ្នាដឹកស្រូវយកមកលក់អោយឈ្មួញវៀតណាមតាមច្រកមួយនេះ ដោយឈប់ឡានចតបន្តកន្ទុយគ្នានៅលើទ្រូងផ្លូវចំងាយរាប់ពាន់ម៉ែត្រ ដើម្បីរងចាំភាគីខាងវៀតណាមអោយឡានដឹកស្រូវបើកចូលទៅតាមលំដាប់លំដោយ ក្រោមការសម្របសម្រួល និងរៀបចំសណ្តាប់ធ្នាប់ពីមន្ត្រីស្នាក់ការខេត្តប្រចាំច្រកសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រក បានជួយកត់ឈ្មោះ កត់ផ្លាកលេខឡាន និងអោយឈប់ចតនៅមួយចំហៀងផ្លូវ​ជាតិ ដើម្បីបញ្ជៀសកុំអោយកកស្ទះចរាចរណ៍ប៉ះពាល់ដល់អ្នកធ្វើដំណើរ ។ ប៉ុន្តែទោះបីយ៉ាងណា ការកកស្ទះចរាចរណ៍លើដងផ្លូវនៅតែកើតមានដដែល ដោយសារមានអ្នកកាងបេនមួយចំនួនរត់ជ្រែអោយឡានដឹកស្រូវរបស់ខ្លួនដែលមកក្រោយគេ បើកវាជែងឡើងមកមុខគេ ។
ក្រុមអាជីវករបានបញ្ជាក់បន្ថែមថា ចំពោះឡានដឹកស្រូវបើកចូលទៅត្រឹមចំណុចផ្លាស់ប្តូរទំនិញ គឺដូរតៃកុងខ្មែរចុះ អោយតៃកុងវៀតណាមបើកឡានយើងចូលទៅក្នុងស្រុកគេ រហូតទម្លាក់ស្រូវចុះអស់ទើបវៀតណាមបើកឡានយកមកត្រឹមចំណុចផ្លាស់ប្តូរទំនិញ អោយតៃកុងខ្មែរបើកចេញមកវិញ។ ក្រុមអាជីវករបានសំណូមពរដល់អាជ្ញាធរខេត្ត ជាពិសេសរាជរដ្ឋាភិបាល មេត្តាជួយបើកច្រកទ្វារព្រំដែនអោយបានច្រើន ដើម្បីអោយទីផ្សារស្រូវបានថ្លៃ និងជួយរៀបចំឡានអោយចូលតាមលំដាប់លំដោយស្មើភាពគ្នា កុំអោយមានអ្នកកាងបេនរត់ការជ្រែឡាន ។ លោក សាំង សារុំ ប្រធានស្នាក់ការប្រចាំច្រកទ្វារព្រំដែនអន្តរជាតិកោះរកា បានប្រាប់អោយដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ថា ច្រកទ្វារអន្តរជាតិកោះរកានេះ ត្រូវបានឯកឧត្តម អភិបាលខេត្ត បើកអោយដំណើរការឡើងវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីជួយសម្រួលចរាចរណ៍ស្រូវរបស់អាជីវករយកទៅលក់នៅប្រទេសវៀតណាម ។ ហើយសម្រាប់ស្រូវខ្មែរនាំចេញទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិកោះរកានេះ ក្នុង១ថ្ងៃប្រមាណចាប់ពីជាង៦០០តោនទៅជាង១០០០តោន ។ ក្នុងនាមស្នាក់ការប្រចាំច្រកទ្វារ លោកក៏បានសហការជាមួយនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា កត់ឈ្មោះតៃកុងឡានលេខទូរស័ព្ទ និងកត់ផ្លាកលេខឡាន ដើម្បីងាយស្រួលគ្រប់គ្រងមិនអោយមានការយកលុយពីអាជីវករឡើយ និងនៅពេលដែលភាគីវៀតណាមយកឡានមកដល់ចំណុចផ្លាស់ប្តូរទំនិញ បានទាក់ទងរកតៃកុងខ្មែរមកបើកឡានចេញកុំអោយស្ទះ ។ លោកប្រធានស្នាក់ការបន្តថា ការចាល់ឡានដឹកស្រូវនៅខាងដីខ្មែរច្រើនបន្តកន្ទុយគ្នារាប់ពាន់ម៉ែត្រនៅលើដងផ្លូវនោះ គឺដោយសារបេនឡានខាងវៀតណាមតូចចង្អៀតពេក ។ ដោយឡែកបញ្ហាអ្នកកាងបេនជ្រែឡានក្នុងនាមស្នាក់ការ និងនគរបាលអន្តោប្រវេសន៍បានរាយការណ៍ជូនថ្នាក់លើហើយ។ទោះបីយ៉ាងណាការអនុវត្តតាមវិធានការសុខាភិបាលនៅតែបន្ត ហើយការដោះដូរតៃកុងឡានទៅវិញទៅមក បានន័យថា ពេលឡានទំនិញវៀតណាមឡើងមកខ្មែរត្រឹមចំណុចទីតាំងផ្លាស់ប្តូរទំនិញរវាងប្រទេសនិងប្រទេសអោយតៃកុងខ្មែរបើកចូលមក ពេលទំនិញចុះទៅវៀតណាមក៏ដូរតៃកុងវៀតណាមបើកទៅម្តង ។ ទោះបីលោកប្រធានស្នាក់ការរូបនេះ បានអះអាងថា មិនឲ្យមានការយកលុយពីក្រុមអាជីវករយ៉ាងណាក៏ដោយ បើយោងតាមប្រភព័ព៌តមានបានបង្ហើបអោយដឹងថា សព្វថ្ងៃនៅតែមានប៉ូលិសវរៈការពារព្រំដែន និងគយច្រកទ្វារកោះរកា បានកំណត់ទារលុយពីពលរដ្ឋខ្មែរដឹកស្រូវទៅលក់នៅប្រទេសវៀតណាមដដែល ។ ហើយនៅច្រកទ្វារមួយនេះ កំពុងកើតមានបេនជាច្រើនកន្លែង ដែលគេសង្ស័យថា ខ្លះគ្មានច្បាប់នោះទេ ហើយសូម្បីតែពេលទូកទំនិញឡើងពីវៀតណាមចូលមកបេនក្នុងដីខ្មែរ ក៏ម្ចាស់បេនមិនសហការអនុញាតអោយមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកោះរកាធ្វើការត្រូតពិនិត្យដែរ ៕

Post a Comment

Previous Post Next Post

Technology