ខេត្តបន្ទាយមានជ័យៈ សមត្ថកិច្ចនគរបាលបញ្ចូនជនសង្ស័យប្រុស.ស្រី៣នាក់ ជួញដូរនិងរក្សារទុកគ្រឿងញៀនដោយខុសច្បាប់ជាង២៥គីឡូក្រាម ទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ ជនសង្ស័យទី១មានឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ លិខិតឆ្លងដែនគ្មាន ត្រូវបានបង្ក្រាបនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅចំណុចក្រោមដើមស្វាយ លើផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ ជនសង្ស័យដើរជាជនជាតិថៃត្រូវកម្លាំងសមត្ថកិច្ចបាន ដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន២៥ដុំ ស្មើទម្ងន់ ២៤,៨៨៨គីឡូក្រាម។ លោកវរសេនីយ៍ឯក ធិនស៊ិនដេន ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប លោកបានដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញ និងកម្លាំងនគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក១) សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប បានចុះស្រាវជ្រាវទៅដល់ផ្ទះជនសង្ស័យ២នាក់ប្តីប្រពន្ធផ្សេងទៀត ដែលប្តីឈ្មោះ លាង ម៉ាប់ ហៅទូច ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ឡុង សុឡេង ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ។ ក្នុងប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងឃុំសណ្តែក ស្រុកប្រាសាទបាគង់ ខេត្តសៀមរាប និងបន្តមកឆែកឆេរនៅផ្ទះមួយកន្លែងរបស់ជនសង្ស័យប្តីប្រពន្ធទាំងពីរនាក់បន្តនៅក្រុងប៉ោយប៉ែត កម្លាំងជំនាញបានដកហូតបានវត្ថុតាងជាច្រើនសន្ធឹកសន្ធាប់ មានគ្រឿងញៀនគ្រប់ប្រភេទ។ បច្ចុប្បន្នគ្រឿងញៀននិងសម្ភារៈ ជនសង្ស័យប្រុស.ស្រី ជនជាតិខ្មែរនឹងថៃទាំង៣នាក់ខាងលើ រួមទាំងរថយន្តទំនើប២គ្រឿង ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យកសាងសំណុំរឿបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការទៅតាមផ្លូវច្បាប់។