កំពង់ស្ពឺ :យោងតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋមកថាមានទីតាំងមួយកន្លែងលួចបង្កប់ល្បែងផ្សងសំណាងឆ្នោតឡូតូ បើកលេងយ៉ាងរលូន ដោយមិនរំខានដល់អាជ្ញាធរក្នុងមូលដ្ឋាន ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខផ្សារឧដុង្គ ក្នុងភូមិឧដុង្គ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែមានជ័យ ខេត្តកំពង់ស្ពឺ។
សូមរំលឹកថា÷កាលពីថ្ងៃទី៩ខែកុម្ភៈឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញលិខិត ជម្រាបជូនលោកអភិបាលនៃគណៈអភិបាលក្រុងនិងស្រុក ស្តីពីការបញ្ឈប់ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងចាត់វិធានការបង្ក្រាបល្បែង ស៊ីសងគ្រប់គ្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
ប្រជាពលរដ្ឋមានការងឿងឆ្ងល់មិនដឹងថាទីតាំងការហ្វេយីហោ ឌៀប គឹមភៀវ មានអំណាចនិងឥទ្ធិពលអ្វី បានជាមិនខ្លាចនឹងមិនគោរពតាមការណែនាំសេចក្តីជូនដំណឹងរដ្ឋបាលខេត្តកំពង់ស្ពឺ ហើយថែមទាំងផ្គើននៅតែបន្តបើកដំណើរអាជីវកម្មល្បែងសុីសងល្បែងឡូតូរបស់ខ្លួនយ៉ាងរលូនទៀតផង។
ពាក់ព័ន្ធនឹងទីតាំងខាងលើប្រជាពលរដ្ឋរស់នៅក្នុងក្រុងឧត្តុងម៉ែមានជ័យទាំងមូលសំណូមពរទៅដល់លោកជុន សូឃូន អធិការក្រុងឧត្តុងម៉ែមានជ័យ និងឧត្តមសេនីយ៍ទោ សម សាមួន ស្នងការខេត្តកំពង់ស្ពឺ ជាពិសេស ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ មេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋាននិងគណៈបញ្ជាការឯកភាពខេត្តចុះពិនិត្យទីតាំងជាក់ស្ដែងដើម្បីធ្វើការបង្ក្រាបផង។
ដើម្បីការរស់នៅសុខដុមរមនាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋទាំងមូលនិងរក្សាឲ្យបាន ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង 7 ចំណុច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដាក់ចេញដោយក្រសួងមហាផ្ទៃ គឺត្រូវលុបបំបាត់រាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានទូទាំងប្រទេស។
អង្គភាពយើងរង់ចាំការស្រាយបំភ្លឺពីស្ថាប័នពាក់ព័ន្ធជុំវិញករណីខាងលើ រៀងរាល់ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន
លេខទូរសព្ទទំនាក់ទំនង 012 743661/088 4789663 សូមអរគុណ!!