(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យអន្តរជាតិ IU នៅរាជធានីភ្នំពេញ ។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមិទ្ធផលគួរជាទីមោទនៈ ទាំងអស់នេះ បានស្តែងឱ្យឃើញអំពីតួនាទីមិនអាចអាចខ្វះបាននៃ វិស័យឯកជន នៅក្នុងការចូលរួមបណ្តុះបណ្តាល និងបង្កើតធនធានមនុស្សកម្ពុជា ដើម្បីឈានទៅសម្រេចបានតាមគោលដៅនៃគោលនយោបាយអភិវឌ្ឍវិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាមួយនឹងការអភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំ, រាជរដ្ឋាភិបាល ក៏បាន និង កំពុងយកចិត្តទុកដាក់លើផ្នែកមួយទៀត គឺការធានាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ព្រោះថា ប្រទេសជាតិមួយមានការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងមានភាពប្រកួតប្រជែងខ្ពស់ លុះត្រាតែប្រជាពលរដ្ឋរបស់ខ្លួនមានចំណេះ, ជំនាញ និងសុខភាពល្អបរិបូណ៌។ សុខភាពល្អបរិបូណ៌នេះ គឺជាទ្រព្យធនដ៏មានតម្លៃមហាសាល និងជាកត្តាចាំបាច់មិនអាចខ្វះបាន នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍជាតិ។
ឯកឧត្តម បានធ្វើការលើកទឹកចិត្តបន្ថែមទៀតដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យអន្តរជាតិគ្រប់កម្រិត និងគ្រប់ផ្នែក បន្តយកចិត្តទុកដាក់រៀបចំកម្មវិធីសិក្សារបស់ខ្លួនឱ្យស្របតាមស្តង់ដារកម្មវិធីសិក្សាជាតិ និងអន្តរជាតិ ទាំងក្នុងវិស័យសុខាភិបាល និងក្រៅវិស័យសុខាភិបាល ដែលសាកលវិទ្យាល័យអន្តរជាតិ កំពុងអនុវត្តនៅតាមសាខារបស់សាកលវិទ្យាល័យដែលមានស្រាប់ មិនថានៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តនោះឡើយ។