នៅកោះកុង (កោះកុង)៖ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្មេងស្រីអនីតិជនម្នាក់ ត្រូវបុរសចំណាស់ រំលោភសម្រេច២ដង នៅក្នុងបន្ទប់រៀន ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ ។ ពេលនេះកម្លាំងនគរបាលផ្នែកជំនាញកំពុងធ្វើការស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់។ នេះបើតាមពាក្យបណ្ដឹងពីម្ដាយជនរងគ្រោះដែលបណ្តាញ ទទួលបាន។ សូមជម្រាបថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៤៥នាទី ផ្នែកជំនាញបានទទួលពាក្យបណ្ដឹង ពីឈ្មោះវ៉ាន់ មុំ ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបកសិករ ត្រូវជាម្ដាយជនរងគ្រោះ មានទីលំនៅភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ដោយបានមកប្ដឹងឈ្មោះម៉ី លាក់ ភេទប្រុស អាយុ ៧៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ពីបទចាប់រំលោភសេពសន្ថវៈ លើកូនស្រីរបស់គាត់ឈ្មោះ វ.វ.វ ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរសិស្ស រហូតបានសម្រេច០១លើកនៅក្នុងថ្នាក់រៀន កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១វេលាម៉ោង ១៧និង១០នាទី។ បើតាមប្រភពបានប្រាប់ឲ្យបានដឹងថា ក្រោយពីសិស្សទាំងអស់បានចេញពីសាលារៀន ហើយពួកគេទៅផ្ទះរៀងៗខ្លួនអស់ ចំណែកកូនរបស់គាត់ពុំទាន់មកផ្ទះនៅឡើយ គឺនៅកត់មេរៀនបង្ហើយ ក្នុងថ្នាក់រៀនម្នាក់ឯង ជនសង្ស័យបានធ្វើសកម្មភាពចាប់កូនរបស់គាត់តែម្តង។ លុះដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៥និង០០នាទី ពេលកូនស្រីរបស់គាត់មកអង្គុយលេង លើបង់ នៅមុខបន្ទប់រៀនម្នាក់ឯង ស្រាប់តែជនរូបនេះដើរសំដៅមកចាប់ដៃកូនស្រីគាត់អូសចូលទៅក្នុងបន្ទប់រៀន ហើយក៏ចាប់រំលោភបានសម្រេចម្ដងទៀត មិនតែប៉ុណ្ណោះជនរូបនេះបានគំរាមថា បើហ៊ានយករឿងទាំងនេះប្រាប់អ្នកណាឲ្យដឹងរូបគេ នឹងសម្លាប់ចោល។ ជនសង្ស័យ ត្រូវបានរត់គេចខ្លួនបាត់ ផ្នែកជំនាញកំពុងធ្វើការស្រាវជ្រាវចាប់ជនសង្ស័យ មកផ្តន្ទាទោសតាមផ្លូវច្បាប់៕