ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ


មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖​ យុវជនកម្ពុជាកាន់តែមានឱកាសបង្ហាញទេពកោសល្យនៅលើឆាកអន្តរជាតិ

លោកបណ្ឌិត សាន វឌ្ឍនា​ បានលេីកឡេីងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០៨​ ខែសីហា​ ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានចូលរួមកម្មវិធី​ បេីកព្រឹត្តិការណ៍ប្រកួតប្រជែងទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិចសកល អាលីបាបា ខណៈដែលមកដល់ពេលនេះកម្ពុជា​ បានឈានដល់ដំណាក់កាលជ្រើសរើសបេក្ខជនឆ្នើមពីវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្ត ដើម្បីបន្តវគ្គផ្តាច់ព្រ័ត្តសម្រាប់ថ្នាក់ជាតិនៅថ្ងៃទី១៤ ខែសីហាខាងមុខ។
ពិធីនេះក៏មានការចូលរួមពីលោក បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកស្រី សៀង ឯមទទឹម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង រួមទាំងមានយុវជនចូលរួមជាច្រេីនាក់ទៀតផងដែរ។
លោកបណ្ឌិត សាន វឌ្ឍនា​ បានថ្លែងទៀតថា​ តាមរយៈកម្មវិធីនេះយុវជនកម្ពុជា​ នឹងក្លាយជាបញ្ចវ័ន្ត ដែលមានមុខមាត់នៅលើពិភពលោក​ ដែលរកដំណោះស្រាយជាមួយនិងបញ្ហារបស់ប្រជាជនទាំងអស់ទូទាំងពិភពលោកទៅលើផ្នែកទំនិញ ទំនាក់ទំនង ចំណេះដឹង ជាពិសេសការផ្សព្វផ្សាយការផ្លាស់ប្តូរនៃបច្ចេកវិទ្យាឌីជីថល របស់អង្គភាពនិមួយៗ​ រាប់បញ្ចូលទាំងឧស្សាហកម្ម​ និងសង្គម។
លោកស្រី សៀង ឯមទទឹម បានឱ្យដឹងដែរថា​ ក្រោយប្រកាសបើកព្រឹត្តិការណ៍ប្រកួតប្រជែងទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិចសកល អាលីបាបា២០២០នេះ​ គោលបំណងគឺដេីម្បីរកដំណោះស្រាយបែបឌីជីថលសម្រាប់អាជីវកម្មបុគ្គល និងស្ថាប័នដែលរងការប៉ះពាល់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើឡើងនៅតាមបណ្តាប្រទេសចំនួន១៥ផ្សេងគ្នារួមមាន៖ ចិន កម្ពុជា កូឡុំប៊ី បារាំង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងកូរ៉េខាងត្បូង ដែលមានការចាប់អារម្មណ៍ និងចូលរួមពីក្រុមនិសិ្សត យុវជន និងសហគ្រិនវ័យក្មេងជាច្រើនក្រុម។
សម្រាប់ក្រុមដែលបានចុះឈ្មោះចូលរួមប្រកួត​ក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងទេពកោសល្យពាណិជ្ជកម្មអេឡិចត្រូនិចសកលនេះ​ ចំពោះបេក្ខជនចំណាត់ថ្នាក់លេខ១ នឹងទទួលបាន ១៤,០០០ដុល្លារ​ នៃមូលនិធិអាជីវកម្ម, ដំណើរស្វែងរករបកគំហើញសេដ្ឋកិច្ចឌីជីថលនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន អាលីបាបា នៅទីក្រុងហាំងចូវ ប្រទេសចិន, ចុះឈ្មោះចូលរៀនជាមួយធនាគារ (Alibaba GET Talent) ដែលមានទំនាក់ទំនងជាមួយគ្រូបង្រៀន វិនិយោគិន និយោជក ប្រកបដោយសក្តានុពល និងឱកាសអាជីវកម្ម។ ចំពោះចំណាត់ថ្នាក់លេខ២ នឹងទទួលបាន ៧,០០០ដុល្លារ ៕

មន្ត្រីជំនាញចុះណែនាំអាជីករនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់លើគុណភាពអនាម័យ ឱ្យបានល្អតាមការណែនាំរបស់មន្រ្តីជំនាញ

លោក ឈឹម វាសនា ដឹកនាំមន្រីជំនាញរបស់ខ្លួន ព្រមទាំងសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើតេស្តបឋម (Test Kit) លើចំណីអាហារបរិភោគ ដើម្បីរកសារធាតុគីមី ដែលនាំឱ្យគ្រោះថ្នាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅផ្សាព្រំ ស្ថិតក្នុងភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងឱកាសនោះលោក ឈឹម វាសនា ក៏បានផ្តល់គោលការសំខាន់ៗមួយចំនួនដែលពាក់ព័ន្ធលើចំណីអាហាបរិភោគដល់អាជីវករសម្រាប់អនុវត្តរួមមាន៖
ទី១៖ សហការទប់ស្កាត់កុំឱ្យយកទំនិញណាដែលខូចគុណភាព ទំនិញដែលមិនមានច្បាប់អនុញ្ញាតិ ឬទំនិញដែលមិនមានស្លាកសញ្ញាត្រឹមត្រូវមកដាក់តាំងលក់។
ទី២៖ ត្រូវរៀបចំទុកដាក់កន្លែងឱ្យបានត្រឹមត្រូវ មានអនាម័យខ្ពស់ជាប់ជានិច្ច។
ទី៣៖ ត្រូវរាយការណ៍ជូនមន្រ្តីជំនាញឱ្យបានទាន់ពេលវេលានៅពេលជួបបញ្ហាដែលពាក់ព័ន្ធលើចំណីអាហាបរិភោគ។
និងទី៤៖ ត្រូវយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវាជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។
ទន្ទឹមនឹងនេះប្រធាន ក.ប.ប ខេត្តប៉ៃលិន ក៏បានជំរុញដល់មន្រ្តីជំនាញរបស់ខ្លួនត្រូវសហការសាមគ្គីគ្នាឱ្យបានល្អ ក្នុងការក្តាប់សភាពដែលកើតមាននូវមូលដ្ឋានលើចំណីអាហាបរិភោគដែលបង្កឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ស្របតាមការណែនាំរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ។
សូមបញ្ជាក់ថា ក្នុងការចុះធ្វើតេស្តបឋម (Test Kit) មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន រួមមានដូចជា៖ ពពុះសណ្ដែក សណ្តែកបណ្តុះ សរសៃគុយទាវ ខ្ញី និងចំណីអាហារផ្សេងៗមួយចំនួនទៀត ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយនៅក្នុងគំរូផលិតផលទំនិញទាំងនោះឡើយ៕

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅតែបន្តសកម្មភាពក្នុងការដឹកនាំក្រុមការងារ

អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានឲ្យដឹងថា បច្ចុប្បន្នដោយសារជំងឺកូវីដ១៩នេះ បានធ្វើឲ្យមានការប៉ះពាល់ដល់ជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ទើបសម្តេចតេជោ ហ៊ុន សែន មានគោលនយោបាយឲ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវស្រង់ស្ថិតិប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ ជាពិសេសអ្នកដែលទីទាល់ក្រពិតប្រាកដ ដើម្បីផ្តល់ប័ណ្ណសមធម៌ ដើម្បីបានជួយសម្រាលជីវភាពការរស់នៅខ្វះខាត របស់ប្រជាពលរដ្ឋ ក្នុងខណៈដែលជំងឺកូវីដ១៩ កំពុងតែឆ្លងរាតត្បាត នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមិនរត់ចោលប្រជាពលរដ្ឋ នៅកាលៈទេសៈដែលប្រទេសជាតិ និងប្រជាពលរដ្ឋកំពុងជួបប្រទះបញ្ហា។
លោក ចេង មុនីរ៉ា បានលើកឡើងផងដែរថា ចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាដែលក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះតែប្រជាពលរដ្ឋ មានជីវភាពខ្វះខាតប៉ុណ្ណោះ ដូចជាជនគ្មានទីពឹង ជនចាស់ជរា អ្នកកើតជំងឺរ៉ាំរៃ ឬមានផ្ទុកមេរោគជាដើម ដែលជាការចង្អុលបង្ហាញចំគោលដៅ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
នាឱកាសប្រគល់អំណោយមនុស្សធម៌ តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ក្នុងនាមប្រជាពលរដ្ឋ លោក ចេង មុនីរ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់កំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជាកំលុងពេលជម្ងឺកូវីដ១៩ កំពុងតែរីករាតត្បាត។
ជាមួយគ្នានោះដែរ លោកអភិបាលក៏បានផ្ដាំផ្ញើដល់លោកយាយលោកតាបងប្អូនទាំងអស់ឲ្យរក្សានូវអនាម័យល្អ ផឹកស្អាត ហូបស្អាត រស់នៅស្អាត ជាពិសេសត្រូវអនុវត្តន៍តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជានិច្ចក្នុងការបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែងសុខភាព និងជីវភាពប្រជាពលរដ្ឋជាសកល មិនថាតែប្រទេសកម្ពុជាយើងមួយប៉ុណ្ណោះទេ។
សូមជម្រាបថា នូវកំលុងពេលជម្ងឺកូវីដ១៩ កំពុងតែរាតត្បាតលើពិភពលោក, ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ នៅតែបន្តសកម្មភាពក្នុងការចុះសួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋជាជនពិការខ្វះខាតដែលងាយរងគ្រោះជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីថ្ងៃទី៦ សីហា លោក ចេង មុនីរ៉ា បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋរស់នៅសង្កាត់និរោធ ចំនួន ១០០គ្រួសារ។
ដោយឡែកនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ លោកអភិបាលខណ្ឌ បន្តនាំអំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋ នៅសង្កាត់ព្រែកប្រាចំនួន ៦០គ្រួសារទៀត ៕

យ៉ាងហោច១៤៥នាក់បានស្លាប់ និងជាង៥,០០០នាក់ រងរបួស

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា កាលពីថ្ងៃពុធសប្តាហ៍នេះ អភិបាលក្រុងបេរូត លោក Marwan Abboud បានប៉ាន់ប្រមាណថាការផ្ទុះនេះបានធ្វើឲ្យលីបង់ខាតបង់ ប្រាក់ពី ៣ទៅ ៥ពាន់លានដុល្លារ ខណៈដែលប្រទេសទាំងមូលកំពុងតែស្ថិតក្នុងវិបត្តិនយោបាយផង និងវិបត្តិសេដ្ឋកិច្ចផងដែរបង្កឡើង COVID-19។ បច្ចុប្បន្ននេះ ប្រទេស លីបង់ កំពុងជាប់គាំងនៅក្នុងវិបត្តិសេដ្ឋកិច្ច ដែលបានអូសបន្លាលជាច្រើនខែមកហើយ។ នៅក្នុងរបាយការណ៍ដែល បានចេញផ្សាយដោយកាសែតឯករាជ្យមួយកាលពី ខែកក្កដាកន្លងទៅ បានឲ្យដឹងថា សហព័ន្ធការងារលីបង់ បានវាយតម្លៃថា ប្រជាជនលីបង់ចំនួន ១៥០,០០០ នាក់បានបាត់បង់ការងារក្នុងឆ្នាំ២០២០នេះ ចំពេលសេដ្ឋកិច្ច កំពុងតែធ្លាក់ចុះយ៉ាងគំហុក។
ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនេះដែរ រដ្ឋាភិបាលលីបង់ នៅតែបន្តខ្វែងគំនិតគ្នា ហើយគ្មានឆន្ទៈក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅទៅតាមការចង់បានរបស់ប្រជាពលរដ្ឋ ដើម្បី ទទួលបានជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ឡើយ។ ដូច្នេះហើយ ទើបធ្វើឲ្យមានផ្ទុះការតវ៉ានៅទូទាំងប្រទេស បន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ថយវិធានការរឹតត្បឹត។
សហគមន៍អន្តរជាតិ កំពុងតែបង្ហាញក្តីកង្វល់ពីផលប៉ះពាល់ទៅលើសន្តិសុខស្បៀងអាហារ ខណៈដែលកំពង់ផែជាច្រើន ជាពិសេសកំពង់ផែធំជាងគេនៅក្នុងរដ្ឋធានីបេរូត បានរងផលប៉ះពាល់យ៉ាងដំណំ ដែលអាចបង្កជាភាពលំបាកក្នុងការនាំចូលស្បៀងអាហារ ប្រេងឥន្ធនៈ និងសម្ភារៈផ្គត់ផ្គង់ចាំបាច់ផ្សេងទៀតផងដែរ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មលីបង់ លោក Raoul Nehme បានប្រកាសថា គ្រាប់ធញ្ញជាតិដ៏សំខាន់ និងស្រូវសាលីទាំងអស់ដែលរក្សាទុក ត្រូវបានក៏បំផ្លាញដោយសារការផ្ទុះកាលពីថ្ងៃអង្គារនោះដែរ៕

កាំជណ្តើរ និងរោងសម្រាកឡើងភ្នំត្បែងនៅខេត្តព្រះវិហារ ត្រូវបានមន្រ្តីជួសជុលឡើងវិញ បន្ទាប់ពីខូចខាតដោយកន្លែង

លោក យ៉ុង គឹមហឿង នាយករដ្ឋបាលសាលាខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះថា រសៀលថ្ងៃម្សិលមិញលោក ប្រាក់ សុវណ្ណ បានដឹកនាំមន្ត្រីក្រោមឱវាទឡើងភ្នំត្បែងមានជ័យ ដើម្បីពិនិត្យជាក់ស្តែងពីស្ថានភាពកាំជណ្តើរឡើងភ្នំ និងរោងសម្រាក។
នាយករដ្ឋបាលបានថ្លែងបន្តថា បន្ទាប់ពីបានចុះពិនិត្យសិក្សានិងវាយតម្លៃរួចមក ឃើញថា កាំជណ្តើរជាង៥០ម៉ែត្របានរងការខូចខាត និងរោងសម្រាកមួយកន្លែងដែលត្រូវភ្លើង ព្រៃឆេះក្តា។
ជាមួយគ្នានេះ អភិបាលខេត្តព្រះវិហារ បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះសិក្សាដើម្បីធ្វើការជួសជុលឡើងវិញ សម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ក្នុងការឡើងលេងកំសាន្តលើខ្នងភ្នំត្បែងនេះ។
សូមបញ្ជាក់ថា ភ្ញៀវទេសចរណ៍ដែលមានបំណងចង់មកឡើងលេងកំសាន្តលើខ្នងភ្នំត្បែង អាចធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦២ ចូលតាមច្រកខ្លោងទ្វារវត្តក្របៅជ្រុំ ស្ថិតក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ហើយកាំជណ្តើរដែលឡើងភ្នំត្បែងនេះគឺមានចំនួន ១០៩២កាំ៕

អង្គការមូលនិធិអាស៊ី សម្ពោធកម្មវិធីពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំ ដល់អតីតសិស្សបញ្ចប់ការសិក្សា ពីកម្មវិធី Access របស់ស្ថានទូតអាមេរិក

កម្មវិធីនេះ មានរយៈពេល៥ខែ ក្នុងគោលបំណង ជួយបង្កើនជំនាញទន់ ការអភិវឌ្ឍផ្ទាល់ខ្លួន និងជំនាញសំខាន់ៗផ្សេងទៀត ក្នុងការស្វែងរកអាជីពបានដោយជោគជ័យ ក្នុងទីផ្សារការងារនៅប្រទេសកម្ពុជា។
លោកស្រី មែលឡូនី លីនប៊ឺក នាយកអង្គការមូលនិធិអាស៊ី បានលើកឡើងថា កម្មវិធីនេះ ផ្តោតទៅលើការរៀន និងអនុវត្តជំនាញទន់ ក្នុងបរិបទការងារផ្លូវការ ដើម្បីជួយដល់អតីតសិស្សទាំងនោះ ពង្រឹងអាជីពទៅតាមបំណងប្រាថ្នារបស់ពួកគេ។
លោកស្រីបានបន្ថែមថា គោលបំណងមួយ ក្នុងចំណោមគោលបំណងផ្សេងទៀតរបស់កម្មវិធីនេះគឺ ដើម្បីបង្រៀនសិស្ស អំពីការត្រៀមសម្រាប់ការសម្ភាសការងារជាភាសាអង់គ្លេស ដែលជាជំនាញមួយ ដែលត្រូវគេមើលរំលង តែមានសារសំខាន់សម្រាប់ការងារជាច្រើន។
កម្មវិធីពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំនេះ នឹងរៀបចំឡើងតាមរយៈអនឡាញ ដោយគួបផ្សំរវាង ការពិភាក្សាជាក្រុម ការអនុវត្តគម្រោងរួមគ្នា និងការរៀនសូត្រផ្ទាល់ខ្លួន ក្នុងពេល៥ខែ។
តាមរយៈការអនុវត្តគម្រោងរួមគ្នា សិស្សដែលចូលរួមក្នុងកម្មវិធីនេះ នឹងមានឱកាសក្នុងអនុវត្តការងារសង្គមផ្ទាល់ នៅតាមសហគមន៍ន៍របស់ពួកគេ។ ទាំងនេះ នឹងចូលរួមផ្តល់បទពិសោធផ្ទាល់ដល់ពួកគេ រួមទាំងបង្កើនទំនុកចិត្តក្នុងការស្វែងរក វិថីអប់រំជាន់ខ្ពស់ និងអភិវឌ្ឍអាជីពការងារ។ កម្មវិធីនេះ នឹងបង្ហាញវិថីនៃអាជីពការងារផ្សេងៗមួយចំនួន តាមរយៈការជួបតាមបណ្ដាញអនឡាញ ជាមួយអ្នកជំនាញមានបទពិសោធជោគជ័យ មកពីស្ថាប័ន អង្គការ ក្រុមហ៊ុន និងរដ្ឋាភិបាល។
លោក អារ៉េន ស្ងួតជេស្ស ប្រធានអ្នកនាំពាក្យស្ថានទូតអាមេរិក បានបញ្ជាក់ថា បើយោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ, ជំនាញទន់ ដូចជា ការនិយាយទាក់ទងគ្នា សេវាជួយអតិថិជន ការធ្វើការងារជាក្រុម និងការបង្កើតភាពច្នៃប្រឌិតថ្មី សុទ្ធតែជាបញ្ហាប្រឈម ដែលប្រជាជនកម្ពុជាជួបប្រទះ នៅពេលពួកគាត់ស្វែងរកការងារធ្វើ។
កម្មវិធីពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំនេះ នឹងជួយសម្របសម្រួលដល់ឱកាសក្នុងការរៀនសូត្រ និងភាពជាអ្នកដឹកនាំ ដែលចាំបាច់សម្រាប់យុវជនជំនាន់ថ្មី ដែលជាអ្នកដឹកនាំ និងមានចេះដឹងសម្រាប់ប្រទេសកម្ពុជា។
កម្មវិធីនេះ រៀបចំឡើង ដើម្បីជួយដល់សិស្សានុសិស្សវ័យក្មេង ដែលមានពេលវេលា និងជម្រើសសម្រាប់ពង្រីកវិថីនៃអាជីពការងារនានា៕

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593