-->

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >



ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ

ក្រោយរដ្ឋបាលក្រុងចុះណែនាំអាជីវករលក់ដូរលើដងផ្លូវញយដងមិនព្រមស្តាប់ ពេលនេះរដ្ឋបាលខេត្តប៉ៃលិនបន្តចុះណែនាំទាំងអាជីវករ និងម្ចាស់ផ្សារ បើមិនព្រមអាចមានវិធានការ

ចំនួនអ្នកទស្សនា: Views

 


  ខេត្តប៉ៃលិន ៖ គេដឹងហើយថា ការលក់ដូរនៅលើដងផ្លូវសាធារណ: ផ្លូវចូលផ្សារបង្កផលប៉ះពាល់ខ្លាំង ដល់សណ្តាប់ធ្នាប់សាធារណ: បាត់បង់សោភ័ណភាព នាំឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ខណ:រដ្ឋបាលក្រុងប៉ៃលិន ក៏បានចេញសេចក្តីប្រកាស និងចុះអប់រំណែនាំញយដងតែមិនព្រមស្តាប់ ដោយអាជីវករម្នាក់ៗ លើកឡើងថា ការលក់ដូរក្នុងផ្សារស្ងាត់អតិថិជនពេក លក់មិនដាច់ក៏នាំ គ្នាចេញមកលក់ដូរលើដងផ្លូវខាងក្រៅ ទើបរហូតមកដល់ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ លោក ឃ្លោក នួយ អភិបាលរងខេត្ត និងជាតំណាងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារក្រុង និងសង្កាត់ប៉ៃលិន ចុះណែនាំអាជីវករឱ្យត្រៀមខ្លួនចូលទៅលក់ដូរក្នុងផ្សារវិញ ព្រមទាំងណែនាំម្ចាស់ផ្សារឱ្យរៀបចំកន្លែងលក់ដូរ និងតូបសម្រាប់ទទួលអាជីវករផងដែរ។ 

  ក្នុងឱកាសចុះណែនាំដល់អាជីវករ និងម្ចាស់ផ្សារប៉ាហ៊ីជើង លោក ឃ្លោក នួយ អភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា ៖ ជំហានដំបូងក្រុមការងាររដ្ឋបាលខេត្ត ចុះទៅពិនិត្យទីតាំងផ្សារប៉ាហ៊ីជើង (ហៅផ្សារ ជាងអូន) ស្ថិតនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ជាមុនសិន ដើម្បីណែនាំម្ចាស់ផ្សារតុប តែងដាក់គ្រែតូប ធ្វើប្រព័ន្ធលូបង្ហូរទឹក សម្អាតបង្គន់អនាន័យ ព្រមទាំងកន្លែងចតម៉ូតូឱ្យបានត្រឹមត្រូវ ទើបក្រុមការងារនឹងអញ្ជើញអាជីវករ ដែលលក់ដូរលើទ្រូងផ្លូវ ឱ្យចូលទៅលក់ដូរនៅក្នុងផ្សារ។ លោកបន្តទៀតថា ក្រុមការងារក្រុង និងសង្កាត់ប៉ៃលិន ត្រូវតែចុះណែនាំដល់ម្ចាស់ផ្ទះ ដែលនៅជាប់នឹងដងផ្លូវចូលផ្សារ មិនត្រូវជួលឱ្យអាជីវករណាម្នាក់លក់ដូរនៅមុខផ្ទះរបស់ខ្លួនលើចិញ្ចើមផ្លូវសាធារណ:នោះឡើយ ព្រោះអាចនឹងប៉ះពាល់ដល់សណ្តាប់ធ្នាប់ផ្លូវសាធារណ:។ ក្រោយពីណែនាំម្តងជាពីរដងឱ្យពួកគាត់រៀចំផ្សារ និងចូលទៅលក់ដូរខាងក្នុងផ្សារហើយ បែរជាមិនព្រមស្តាប់តាម រដ្ឋបាលខេត្តនឹងឱ្យក្រុមការងាររឹបអូសយកសម្ភារ:លក់ដូរម្ហូបអាហារ នំចំណី បន្លែផ្លែឈើ ទៅរក្សាទុកនៅឯសាលាក្រុង ធ្វើកិច្ចសន្យារាងចាល។ លើសពីនេះ បើសិនជាម្ចាស់ផ្សារមិនព្រមធ្វើតាម ខាងខេត្តនឹងដាក់ពិន័យទៅតាមផ្លូវ ច្បាប់ ព្រោះខាងខេត្តធ្លាប់ណែនាំជាច្រើនដងមកហើយ តែម្ចាស់ផ្សារមិនព្រមធ្វើតាម។ 

  បើតាមការរៀបរាប់ពីស្រ្តីម្នាក់ ឈ្មោះ គង់ វណ្ណា ហៅមួង ជាម្ចាស់ផ្សារប៉ាហ៊ីជើង បានឱ្យដឹងថា ៖ ក្រោយពីទទួលបានការណែនាំពីគណ:អភិបាលខេត្តប៉ៃលិន គាត់នឹងសន្យារៀបចំកន្លែងលក់ដូរក្នុងផ្សារត្រឹមរយ:ពេល១សប្តាហ៍ប៉ុណ្ណោះឱ្យរួចរាល់ តែសំខាន់ កុំឱ្យអាជីវករនាំគ្នាចេញពីផ្សារទៅលក់ដូរនៅខាងក្រៅ នាំឱ្យផ្សារមានការស្ងាត់អាជីវករ និងអតិថិជនផងដែរ។ ប្រភពបន្តទៀតថា ការដាក់ជួលឱ្យអា ជីវករលក់ដូរ ក្នុងផ្សារតូបមួយតម្លៃចាប់ពី៣០០០០៛ ទៅ៦០០០០៛ ដោយយកថ្លៃភាស៊ីក្នុង១តូប៥០០រៀល ក៏សន្យា រៀបចំបំពាក់អំពូលភ្លើងអគ្គិសនី និងធ្វើអនាម័យបន្ទប់ទឹក កន្លែងទុកដាក់កាកសំណល់ឱ្យបានល្អ និងត្រឹមត្រូវ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពអាជីវករ និងអតិថិជនផងដែរ។ 

បើតាមអាជីវករបានឱ្យដឹងថា មូលហេតុដែលពួកគេចេញមកលក់ដូរក្រៅផ្សារ ដោយសារតែនៅ ខាងក្នុងផ្សារអត់មានលក្ខណ:ស្តង់ដា ដំបូលទាបពេក ហើយអត់មានអនាម័យ លុះអតិថិជនឃើញបែប នេះអត់មានអ្នកចូលទិញ ធ្វើឱ្យពួកគាត់បាត់បង់ចំណូលប្រចាំថ្ងៃ ក៏នាំគ្នារើតូបចេញទៅលក់ដូរលើទ្រូងផ្លូវតែម្តង។ តែបើម្ចាស់ផ្សាររៀបចំកន្លែងលក់ដូរ ព្រមទាំងធ្វើទីធ្លាលក់ដូរឱ្យសមរម្យ ពួកគាត់នឹងចូលទៅ លក់ទីនោះវិញ តាមការណែនាំរបស់អាជ្ញាធរខេត្ត។ 

សូមបញ្ជាក់ថា ៖ ក្រោយពីសារព័ត៌មានបានចុះផ្សាយពាក់ព័ន្ធនឹងករណីអាជីវករលក់ដូរនៅលើ ទ្រូងផ្លូវកាលពីពេលថ្មីៗកន្លងទៅ ខាងក្រសួង បានចេញលិខិតឱ្យខាងខេត្តចុះពិនិត្យមើល ដើម្បីរៀបចំ សណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយផងដែរ៕ ដោយ ៖ នាក់ ង៉យ











0 comments:

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593