-->

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >



ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ

ឃើញកូនបង្កើត និងកូនប្រសារឈ្លោះគ្នា ឪពុកខំចូលទៅសម្របសម្រួល ស្រាប់តែកូនប្រសារទាញកាំបិតខ្វែវកាប់ប្រហាររងរបួសធ្ងន់

ចំនួនអ្នកទស្សនា: Views


ខេត្តប៉ៃលិន ៖ បុរសជាឪពុកក្មេក រងរបួសកំភួនជើងស្តាំធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណ:កូនស្រីបង្កើតឈ្លោះទាស់ទែងគ្នាជាមួយនឹងប្តី (កូនប្រសារ) រូបគាត់ក៏ចូលទៅហាមឃាត់ និងធ្វើការសម្របសម្រួល លុះកូនប្រសារចិត្តខ្លាំងមិនស្តាប់តាម ក៏ទាញយកកាំបិតខ្វែវមានមុខសស្ញាច កាប់ប្រហារទៅលើជនរងគ្រោះជាឪពុកក្មេក បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ហេតុការណ៍កូនប្រសារចិត្តធំ ទាញកាំបិតខ្វែវកាប់ប្រហារទៅលើឪពុកក្មេក បណ្តាលឱ្យរងរបួសនេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្ដឹង ពាក់ព័ន្ធនឹងករណីហិង្សា ដោយចេតនាមានស្ថានទំងន់ទោស ដោយជនរងគ្រោះ មាន ឈ្មោះ តូត ខ្លា ភេទប្រុស អាយុ៦២ឆ្នាំ របួសធ្ងន់ជើងខាងស្តាំ រស់នៅភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ចំណែកជនបង្កមានឈ្មោះ ម៉ម ពិសី ភេទប្រុស អាយុ៣០ឆ្នាំ (ត្រូវជាកូនប្រសារ) រស់នៅក្នុងភូមិជាមួយគ្នា ក្រោយពេលកាប់ប្រហារទៅលើឪពុកក្មេករងរបួសរួច ក៏រត់គេចខ្លួនបាត់ភ្លាមៗតែម្តង។

សមត្ថកិច្ចជំនាញបានបញ្ជាក់ឱ្យដឹងបន្តទៀតថា ៖ មុនដំបូងគឺកូនបង្កើតរបស់គាត់ និងកូនប្រសារបានឈ្លោះទាស់ទែងពាក្យសំដីគ្នាឮខ្លាំងៗ រហូតដល់រំខានដល់អ្នកជិតខាង ទើបជនរងគ្រោះជាឳពុកក្មេក ក៏ចេញពីផ្ទះ ចូលទៅសម្របសម្រួល។ ពេលឪពុកក្មេកនិយាយយ៉ាងណា ក៏កូនប្រសារមិនស្តាប់នោះដែរ រិតតែខឹងនឹងឪពុកក្មេកបន្ថែមទៀត ក៏ទាញកាំបិតខ្វែវដងវែងកាប់ប្រហារទៅលើឱពុកក្មេកមួយកំបិត ពេញទំហឹង បណ្តាលឱ្យត្រូវចំជើងខាងស្តាំរងរបួសធ្ងន់ឈាមហូរជោកដីតែម្តង។

   ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិ ន រីឯជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕ ដោយ ៖ នាក់ ង៉យ





រាជធានី និង ក្រុងចំនួន៣ទទួលបានពានរង្វាន់ទីក្រុងនិរន្តភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាតសម្រាប់ឆ្នាំ២០២១

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ :ថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២២ ជាក្តីមោទនរបស់ជាតិកម្ពុជា ទីក្រុងព្រះសីហនុ ទទួលបានពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាន រាជធានីភ្នំពេញបានទទួលវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត ទីក្រុងសែនមនោរម្យ បានទទួលវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត និងទីក្រុងកែបបានទទួលវិញ្ញាបនបត្រ ទទួលស្គាល់ខ្យល់ស្អាត សម្រាប់ឆ្នាំ២០២១កន្លងមកនេះ។

ពិធីប្រគល់ពានរង្វាន់ទីក្រុងនិរន្តភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត ដល់ទីក្រុងរបស់ព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន។

គួររម្លឹកថា សម្រាប់កម្ពុជា រាជធានីភ្នំពេញបានទទួលពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាននាឆ្នាំ២០០៨ និងឆ្នាំ២០១១ ទីក្រុងបាត់ដំបងបានទទួលនាឆ្នាំ២០១៣ ទីក្រុងកែបបានទទួលនាឆ្នាំ២០១៧ និងទីក្រុងព្រះសីហនុបានទទួលនាឆ្នាំ២០២១កន្លងទៅថ្មីៗនេះ។ ទន្ទឹមនោះ ទីក្រុងសៀមរាបបានទទួលវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាតនាឆ្នាំ២០១៣ ទីក្រុងពោធិ៍សាត់បានទទួលវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាតនាឆ្នាំ២០១៧ និងសម្រាប់ឆ្នាំ២០២១ កន្លងមកនេះ រាជធានីភ្នំពេញបានទទួលវិញ្ញាបនបត្រទទួលស្គាល់ទឹកស្អាត ទីក្រុងសែនមនោរម្យបានទទួលវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត និងទីក្រុងកែបបានទទួលវិញ្ញាបនបត្រទទួលស្គាល់ខ្យល់ស្អាតដែលជាក្តីមោទនរបស់ជាតិយើង។

សម្រាប់គោលបំណងនៃការផ្តល់ពានរង្វាន់ និង វិញ្ញាបនបត្រទទួលស្គាល់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន គឺដើម្បីលើកកម្ពស់ការយល់ដឹងពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងបណ្តាប្រទេសអាស៊ាន ឈានទៅសម្រេចបាន ទីក្រុងស្អាតនិងបៃតង។

ពានរង្វាន់ទាំងពីរនេះបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាខ្យល់ឱ្យបានស្អាត ដីស្អាត និងទឹកស្អាត ខណៈដែលទីក្រុងអាស៊ានត្រូវបន្តការអភិវឌ្ឍប្រកបដោយចីរភាព។ ទាំងនេះគាំទ្របន្ថែមលើអាទិភាព នៃការពង្រឹងសមត្ថភាពក្នុងតំបន់ក្នុងការរៀបចំផែនការទីក្រុង និងការកសាងទីក្រុងដែលធន់នឹងអាកាសធាតុ។ នៅក្នុងក្របខខ័ណ្ឌនៃការផ្តល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន គឺបានរៀបចំរៀងរាល់៣ឆ្នាំម្តង ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៧ និងរៀងរាល់៤ ឆ្នាំម្តងក្រោយពីឆ្នាំ២០១៧ ហើយដែលការប្រគល់ពានរង្វាន់ និងនិងវិញ្ញាបនបត្រទទួលស្គាល់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន បានធ្វើនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន។

ជាមួយគ្នានេះដែរ ដើម្បីជួយគាំទ្រ និងជំរុញការអនុវត្តយុទ្ធសាស្ត្រទីក្រុងនៃប្រទេសអាស៊ាន ប្រកបដោយភាពស្អាត និងបៃតង វិទ្យាស្ថានយុទ្ធសាស្រ្ដបរិស្ថានពិភពលោក (IGES) នៃប្រទេសជប៉ុន បានគាំទ្រជាថវិកានិងបច្ចេកទេសដល់កម្មវិធីទីក្រុងគំរូអាស៊ានចំនួន៤០ នៃបណ្តាប្រទេសអាស៊ាន ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៧ ដោយបែងចែកជា ៣ដំណាក់កាល។ ក្នុងដំណាក់កាលទី១ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១២ សម្រាប់កម្ពុជាមានរាជធានីភ្នំពេញ និងក្រុងសៀមរាបបានចូលរួមអនុវត្ត ក្នុងដំណាក់កាលទី២ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ មានរាជធានីភ្នំពេញនិងក្រុងពោធិ៍សាត់បានចូលរួមអនុវត្ត និងដំណាក់កាលទី៣ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ មានក្រុងពោធិ៍សាត់និងក្រុងកែបបានចូលរួមអនុវត្ត។ បន្ទាប់ពីបញ្ចប់ដោយជោគជ័យនូវកម្មវិធីទីក្រុងគំរូអាស៊ាន កម្មវិធីទីក្រុងឈានមុខ អាស៊ានត្រូវបានដាក់ឱ្យអនុវត្ដចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ផងដែរ ហើយដែលមានទីក្រុងកែបបានទទួលកិត្តិយសជ្រើសរើសជាទីក្រុងឈានមុខអាស៊ាន ចំណែកទីក្រុងកំពតនិងទីក្រុងពោធ៍សាត់ត្រូវបានជ្រើសរើសជាទីក្រុងគំរូអាស៊ាន។ តាមរយៈការចូលរួមការអនុវត្តកម្មវិធីទីក្រុងគំរូអាស៊ាន និងកម្មវិធីទីក្រុងឈានមុខអាស៊ាន គឺបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងពីការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព លើការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការគ្រប់គ្រងសំណល់រាវ ការទប់ស្កាត់ការបំពុលខ្យល់ ការធ្វើអនាម័យនៅតាមសាលារៀន ទីសាធារណៈ ធានាបានការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងទីប្រជុំជនក្រុង ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ២០១៦-២០៣០៕ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ ក្រសួងបរិស្ថាន សម្រួលផ្សាយដោយ៖ dara

អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំអនុម័តលើសេចក្តីព្រាងផែនទីកំណត់តំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ ក្នុងស្រុកព្រៃនប់

ចំនួនអ្នកទស្សនា: Views



ព្រះសីហនុ: ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានដឹកនាំកិច្ចប្រជុំអនុម័តលើសេចក្តីព្រាងផែនទីកំណត់តំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ ក្នុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោក នាយករដ្ឋបាលសាលាខេត្ត ប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធ និងមេឃុំ ។ កិច្ចប្រជុំនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុបានរាយការណ៍ពីសក្តានុពលព្រែកកំពង់ស្មាច់ ជាតំបន់មានសក្តា នុពលស្ថិតក្នុងស្រុកព្រៃនប់ ដោយសារភាពសម្បូរបែប នៃធម្មជាតិតំបន់ឆ្នេរមានដូចជា ព្រែកោងកាង ស្មៅសមុទ្រ ផ្កាថ្ម ក្តាម បង្គា ។ល។ ។ ស្រុកព្រៃនប់ មានព្រែក ៣សំខាន់ មានដូចជា ព្រែកទឹក សាប ព្រែកកំពង់ស្មាច់ និងព្រែកទាល់ ព្រែកទាំងបីនេះដើរតួនាទីក្នុងការស្តុកទឹកពីប្រភពផ្សេងៗ ដើម្បីផ្គត់ផ្គង់ដល់ការប្រើប្រាស់ក្នុងស្រុក។ ដោយឡែកព្រែកកំពង់ស្មាច់ មានទេសភាពស្អាត ប្រព័ន្ធអេកូឡូស៊ីល្អ មានដែននេសាទសម្រាប់ ប្រជានេសាទក្នុងសហគមន៍តំបន់ឆ្នេរ គ្របដណ្ដប់ដោយព្រៃកោងកាងដ៏វិសេសវិសាល ព្រែកកំពង់ស្មាច់ទទួលប្រភពទឹកពីដៃស្ទឹងតូចធំចំនួន១៦ ។ លោកអភិបាលរងខេត្ដបន្ដថា ព្រែកកំពង់ស្មាច់មានព្រៃកោងកាងដុះចំនួន៣៩ប្រភេទ ២៣ប្រភេទដាំដុះឡើងវិញ និង ១៦ប្រភេទដែលមានដុះក្នុងតំបន់តែម្ដង វាមានកម្ពស់ ២៥ម៉ែត្រ អង្កត់ផ្ចិត ០,៨០ម៉ែត្រ ជាអំណោយផលដល់ប្រភេទខ្យងសមុទ្រ គ្រែងឈាម និងក្តាម លើសពីនេះ មានសត្វល្មូន និងសត្វស្លាបជាច្រើនប្រភេទផ្សេងទៀត។

ជាមួយគ្នានេះដែរ ដើម្បីសម្រេចបាននូវទស្សន វិស័យផែនការគ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់យើងបានកំណត់នូវគោលដៅចំនួន៤៖ ទី១. ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពធនធានជលផលសមុទ្រ និងជីវចម្រុះដែលបាត់បង់ក្នុងតំបន់ព្រែកកំពង់ស្មាច់។

២.ការពារ និងអភិរក្សនូវប្រភេទសត្វកម្រនិងងាយរងគ្រោះ និងទីជម្រករបស់វា។ ៣. លើក កម្ពស់ការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋមូលដ្ឋានឱ្យប្រសើរឡើង។ ៤.ពង្រឹងនូវអភិបាល កិច្ចល្អក្នុងតំបន់ព្រែកកំពង់ស្មាច់ ទាំងសមត្ថភាពក្នុងការគ្រប់គ្រងធនធានជលផលសមុទ្រ និងជីវចម្រុះក្នុងតំបន់ព្រែកកំពង់ស្មាច់ប្រកបដោយនិរន្តរភាព។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ក្នុងទំនប់ប៊ុលឌែ មិនអនុញ្ញាតឱ្យមានការកាប់បំផ្លាញព្រៃកោងកាងទេ ហើយត្រូវមានតួលេខផ្ទៃដីដែលត្រូវធ្វើការដាំដុះព្រៃកោងកាងឡើងវិញ។ ទន្ទឹមនោះ ត្រូវធ្វើការឯកភាពគ្នាកំណត់ដែន ជល ផលព្រែកកំពង់ស្មាច់ ដើម្បីធានាថា ធនធានព្រៃកោងកាង និងជីវចម្រុះនានាត្រូវបានថែរក្សា ការពារ និងអភិរក្សតាមរយៈការបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិ។ ឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំដល់អាជ្ញាធរស្រុក ឃុំ រៀបចំចលនាបំផុសបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍នេសាទ កុំកាប់បំផ្លាញព្រៃកោងកាង រួមគ្នាចូលរួមថែរក្សា អភិរក្ស និងធ្វើការដាំដុះព្រៃកោងកាងឡើងវិញនៅក្នុងដែនសហគមន៍នេសាទ ដើម្បីជួយលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទនៅក្នុងសហគមន៍កាន់តែល្អប្រសើរឡើងថែមទៀត៕ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ dara

កន្លែងបញ្ចាំម៉ូតូខុសច្បាប់ដុះស្លែ១កន្លែង សមត្ថកិច្ចទើបចុះបង្ក្រាប ឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការ

ចំនួនអ្នកទស្សនា: Views

 


ខេត្តប៉ៃលិន ៖ ក្រោយពីទទួលបាននូវដំណឹងថា កន្លែងបញ្ចាំម៉ូតូ១កន្លែង គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ កម្លាំងសមត្ថកិច្ចនគរបាល បានចុះឆែកឆេរផ្ទះដែលពាក់ព័ន្ធករណីរក្សាទុកម៉ូតូបញ្ចាំខុសច្បាប់  ដោយចាប់ឃាត់ខ្លួនមនុស្សម្នាក់ និងរឹបអូសបានម៉ូតូចំនួន០៩គ្រឿងយកទៅរក្សាទុកនៅអធិការនគរបាលស្រុកសាលាក្រៅ។ 

ហេតុការណ៍ចុះបង្ក្រាបកន្លែងបញ្ចាំម៉ូតូខុសច្បាប់នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង០៥នាទី រសៀលថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២២  ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនសង្ស័យទី១- ឈ្មោះ ហង់ សុបាលីយ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ម្ចាស់ទីតាំង) ទី២- ឈ្មោះ សុំ ភីណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅបច្ចុប្បន្នក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (អ្នកទទួលបញ្ជាំ)។ ប្រភពបន្តទៀតថា ក្នុងការចុះឆែកឆេរនោះបានរកឃើញម៉ូតូបញ្ចាំខុសច្បាប់ចំនួន០៩គ្រឿងរួមមាន ៖ ទី០១/ ម៉ាកស្កុបពី ពណ៌ក្រហម គ្មានស្លាកលេខ ទី០២/ ម៉ាក វីវ៉ា ពណ៌ក្រហម គ្មានស្លាកលេខ ទី០៣/ ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន 1B-0562 ទី០៤/ ម៉ាក Wave RSX ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន 1C-0853 ទី០៥/ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ សៀមរាប 1I-8506 ទី០៦/ ម៉ាក Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ 1C-1128 ទី០៧/ ម៉ាក Wave ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BG-1680

   ទី០៨/ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខប៉ៃលិន 1B-1447 និងទី០៩/ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1AH-5332 ។ ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្ន៖ ឈ្មោះទាំងពីរនាក់ខាងលើ ត្រូវបាននាំខ្លួនមកធ្វើការសាកសួរ និងម៉ូតូទាំង ០៩គ្រឿង ត្រូវបានធ្វើកំណត់ហេតុដកហូតយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ តែរៀបចំសំនុំរឿងបញ្ជូនមនុស្សម្នាក់ទៅតុលាការ ដើម្បីបន្តតាមនីតិវិធី៕ ដោយ ៖ នាក់ ង៉យ







រដ្ឋបាលរាជធានីភ្នំពេញ៖ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមូលដ្ឋានជូនកុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ បានដំណើរការហើយនៅថ្ងៃទី២៣ ខែកុម្ភៈនេះ

ចំនួនអ្នកទស្សនា: Views

     



 ភ្នំពេញ :ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ដល់អាណាព្យាបាលកុមារ ត្រូវនាំកូន ចៅ មកទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ លើកទី១ ជូនកុមារអាយុ៣ឆ្នាំ ដល់៥ឆ្នាំ និង១២ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានដំណើរការហើយ នាព្រឹកថ្ងៃ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយមានអាណាព្យាបាល នាំកូន ចៅរបស់ពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាននេះយ៉ាងច្រើន នៅតាមទីតាំងដែលបានរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ បានកំណត់រួច ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ ដែលជាថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ដូសមូលដ្ឋានជូនកុមារ ដែលមានអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ និងដល់១២ឆ្នាំ នៅមន្ទីរពេទ្យបង្អែកចតុមុខ នៅមន្ទីរពេទ្យបង្អែកដង្កោ នៅមន្ទីរពេទ្យបង្អែកច្បារអំពៅ មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង និងនៅតាមមន្ទីរពេទ្យបង្អែកមួយចំនួនទៀត ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋានជូនកុមារ បានដំណើរការព្រមៗគ្នា ជាមួយនឹងកុមារជាច្រើននាក់ទៅទទួលការចាក់វ៉ាក់សាំងនេះដូចគ្នាផងដែរ។

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋានជូនកុមារ ដែលមានអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ គឺអនុវត្តន៍ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយក្នុងសេចក្តីជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចឱ្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋានជូនកុមារ ដែលមានអាយុចាប់ពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ និងសម្រាប់ដូសទី២ ចាប់ផ្តើមពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ រៀងរាល់ម៉ោង០៨:០០នាទីព្រឹកដល់ម៉ោង១៧ៈ០០នាទីរសៀល ដែលគម្លាតរវាងដូសទី១ និងដូសទី២ មានរយៈពេល២៨ថ្ងៃ នៅតាមទីតាំងដែលបានកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញ ៕ដោយសួស សំរិត សម្រួលផ្សាយដោយ៖ ធូ កុសល

ឯកឧត្តម អុី ឈាន អញ្ជើញចូលរួមពិធីសម្ពោធ ឱ្យ ប្រើ ប្រាស់ដងទង់ សាសនា កំពស់២១ម៉ែត្រ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ចំនួនអ្នកទស្សនា: Views



ប៉ៃលិន  ៖  ព្រឹកថ្ងៃអង្គារ៍ ០៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អុី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញទទួល និងអមដំណើរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចូលរួមពិធីលើកទង់ និងដាក់សម្ពោធដងទង់សាសនាប្រើប្រាស់ជាផ្លូវការ នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតនៅភូមិវត្ត សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ។


លោកជំទាវបានថ្លែងថា សម្រាប់ខេត្តប៉ៃលិនពីអតីតកាល គឺជាទីតាំង និងសមរភូមិក្តៅ ប៉ុន្តែបច្ចុប្បន្ននេះ បានប្រែក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ រួមជាមួយនឹងរោងចក្រ សហគ្រាស ក្រុមហ៊ុនតូចធំ និងសេដ្ឋកិច្ចតាមព្រំដែនរីកចម្រើនគួរអោយកត់សម្គាល់ដែលបានជំរុញកំណើនសេដ្ឋកិច្ច នៃខេត្តប៉ៃលិនបានមួយកម្រិត និងជួយកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថការធ្វើចំណាកស្រុកជាដើម។


កម្មវិធីនេះផងដែរក៏មានវត្តមាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាខេត្ត ឧបាសិកា ដន ឧត្តម ឧបាសិកា ឆេង ស៉ីម ឯកឧត្ត ឧត្តមសេនីយ៍ឯក សៀន សេង និងលោកជំទាវ សៀង ស៉ីពោធិ៍ និងក្រុមគ្រួសារព្រមទាំងមន្រ្តីរាជការ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ ។


ថ្លែងក្នុងឱកាសនោះ លោកជំទាវបានមានប្រសាសន៍ថា ពិធីថ្ងៃនេះអាចដំណើរទៅបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបាន នូវការបង្រួប បង្រួមជាតិ ទាំងស្រុង ការនាំមកវិញនូវរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ មានស្ថិរភាពនយោបាយ តាមរយៈ ការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ  និងនាំមកនូវការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមលើគ្រប់វិស័យ រហូត ដល់បច្ចុប្បន្ននេះ ដោយបានប្រែក្លាយតំបន់នេះទៅជាតំបន់ព្រំដែនសន្តិភាព និងជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ប្រកបដោយទាក់ទាញ ។


លោកជំទាវបានថ្លែងនូវការកោតសសើរដល់លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តដឹកនាំនិងកសាងនូវរាល់សមិទ្ធផលក្នុងខេត្តមានការ រីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។  ដោយឡែកសមិទ្ធផលដងទង់ថ្មី ១គូរថ្ងៃនែះ បានបង្ហាញអំពីការរីកចំរើនផ្នែកពុទ្ធចក្រ ដែលបានកើតចេញពីសុទ្ធាជ្រះថ្លារបស់  ឯកឧត្តមឧត្តមសេនីយ៍ឯក សៀន សេង និងលោកជំទាវ សៀង ស៉ីពោធិ៍ ព្រមទាំងក្រុមក្រួសារ បានរួមគ្នាកសាងនូវដងទង់ ១គូរ កម្ពស់ ២១ម៉ែត្រ ចំណាយថវិកាអស់ប្រមាណ ២៤,០០០ដុល្លារ សម្រាប់តម្កល់ទុក្ខក្នុងវិស័យព្រះពុទ្ធសាសនា ។


លោកជំទាវបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃ ត្រូវ ៖

១. បន្តការខិតខំតទៅទៀត ក្នុងការ ប្រយុទ្ធប្រឆាំង នឹង កូវីដ១៩ ជាពិសេស ត្រូវអនុវត្តវិធានការណ៍ «៣-ការពារ និង ៣-កុំ» ជាចាំបាច់ផងដែរ ។


២. ត្រូវចូលរួមអនុវត្តតាមសារាចរ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នមេរោគកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មី ប្រភេទ «អូមីក្រុង» ។

៣. ថែរក្សា ការពារ នូវសមិទ្ធិផលនេះ ឱ្យបានស្ថិតស្ថេរគង់វង្ស ទុក្ខជាសម្បតិក្នុងព្រះពុទ្ធសាសនា ។


៤. មន្រ្តីរាជការ និងព្រះសង្ឃ ត្រូវតែដើរតួក្នុងការផ្សព្វផ្សាយ និងការជម្រុញក្នុងការ ចាក់វ៉ាក់សាំង និងបំផុសដល់កុមារនៅតាមមូលដ្ឋានទៅចាក់វ៉ាក់សាំងនៅតាម ទីតាំងដែលបានកំណត់ សម្រាប់ដូសទី១ កុមារមានអយុ ៥ឆ្នាំ និងការបន្តចាក់ដូសទី៣ សម្រាប់កុមារដែលមានអាយុចាប់ពី ៦-១២ឆ្នាំ ស្របតាមការអំពាវនាវរបស់រដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងចូលក្នុងសហគមន៍៕








អគារលេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ

ចំនួនអ្នកទស្សនា: Views

  




 ត្បូងឃ្មុំ : ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារលេខាធិការដ្ឋាន ខេត្តត្បូងឃ្មុំ ដើម្បីបង្កលក្ខណៈងាយស្រួលការផ្តល់សេវាសាធារណៈជូនដល់ធុរជន ឬវិនិយោគិន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ថ្នាក់ដឹកនាំខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្ត នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

រូបថត៖ AKP-ត្បូងឃ្មុំ

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ ៥.០០០ ម៉ែត្រគូបក្នុង១ថ្ងៃ

ចំនួនអ្នកទស្សនា: Views


នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២២នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារួមជាមួយឯកឧត្តមមីកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ ៥.០០០ ម៉ែត្រគូបក្នុង១ថ្ងៃ លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ។គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ បានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២១ ហើយគ្រោងនឹងបញ្ចប់ការសាង សង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣  ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។       បើតាមឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  បានឱ្យដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើង ឯកមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងនេះត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ២គ្រឿង បាន ៤៦៨ម៉ែត្រ គូបក្នុងមួយម៉ោង។     ឯកឧត្តមបានឱ្យដឹងទៀតថា នៅក្នុងគម្រោងនេះ មានការសាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយ ដែលមានទទឹងផ្លួវ ១០ ម៉ែត្រ និងមានបណ្តោយផ្លូវ ១,៦៩០ម៉ែត្រ ក្រាលកៅស៊ូ AC ទំហំ៧ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ២៧១ រហូតដល់មហាវិថី អ្នកឧក ញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង។ ផ្លូវនេះ នឹងជីកដាក់បំពង់លូដែកបង្ហូរទឹកកខ្វក់មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ទំហំមុខកាត់ ០.៣ ម៉ែត្រ ប្រវែងប្រមាណ ១,៨៤០ម៉ែត្រ ដើម្បីបង្ហូរ ទឹកកខ្វក់ពី សំណង់បូមបញ្ចូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើង ឯក។    ឯកឧត្តមអភិបាលរាជធានីភ្នំពេញ  បានបញ្ជាក់ថា ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ (Sewage Treatment Plant) មានបឹងបម្រុងទុកប្រមាណ ១៩ ហិកតា ស្ថិតនៅជាប់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ដែលរាជរដ្ឋាភិបាល បានកាត់ឆ្កៀលសម្រា ប់សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្នុងគម្រោងឆ្នាំគោលដៅ២០២៥ ។ ជាមួយគ្នានេះ គម្រោងក៏ត្រូវមានការសាងសង់សំណង់ប្រព្រឹត្តកម្មសំណល់ភក់ (Sludge Treatment Facility) ដែលកើតចេញពីស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកផងដែរ។   សូមបញ្ជាក់ថា គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះមានតម្លៃប្រមាណ ២,៣៤០លានយេន ស្មើនឹងជាង ២០លានដុល្លារអាមេរិក។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture)៕

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593