-->

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >



ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ

រដ្ឋមន្រ្តីសុខាភិបាល៖ អត្រានៃភាពពិការភ្នែកនៅកម្ពុជា ធ្លាក់ចុះនៅត្រឹម ០.៣៧% សម្រាប់ពលរដ្ឋទូទៅ និងត្រឹម ២.៥% សម្រាប់ពលរដ្ឋអាយុពី៥០ឆ្នាំឡើង

ចំនួនអ្នកទស្សនា: Views


 (ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា តាមរបាយការណ៍របស់ កម្មវិធីជាតិសុខភាពភ្នែក ទៅលើការស្រាវជ្រាវថ្មីៗនេះ នៅកម្ពុជាមានអត្រានៃភាពពិការភ្នែក បានធ្លាក់ ចុះពី០.៣៨ % មក ០.៣៧ % ក្នុងចំណោមពលរដ្ឋទូទៅ និង ២.៨ % មក២.៥ % ចំពោះពលរដ្ឋកម្ពុជាដែល មានអាយុចាប់ពី៥០ឆ្នាំឡើងទៅ។

លោកអះអាងបន្ថែមថា អត្រាការធ្លាក់ចុះនៃភាពពិការភ្នែកនេះ បានបង្ហាញនូវភាពជោគជ័យមួយបន្ថែមទៀត របស់កម្មវិធីជាតិសុខភាពភ្នែក និងមន្ត្រីសុខាភិបាល គ្រប់ជាន់ថ្នាក់ដែលបានខិតខំផ្តល់សេវាសុខភាព ភ្នែកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ក្រៅពីនេះប្រទេសកម្ពុជា បានសំរេចនូវសមិទ្ធិផលដ៏ធំធេងមួយទៀត គឺការលុបបំបាត់ជំងឺត្រាក់កូម រឺជំងឺអៀស៊ីភ្នែក ឲ្យអស់តាំងពីឆ្នាំ២០១៥មក ដែលទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបែបនេះ ក្នុងឱកាសបើកសិក្ខាសាលា ផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គង និងបង្ការភាពពិការភ្នែក ២០២១-២០៣០ នៅសណ្ឋាគាភ្នំពេញ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ កម្មវិធីនេះ មានការចូលរួមដោយ ឯកអគ្គរាជទូត អូស្ត្រាលី ប្រចាំកម្ពុជា បាបប្លូ កាំង(Pablo Kang) រួមទាំង ប្រធាននាយកដ្ឋាន តំណាងរដ្ឋបាលខេត្ត-ក្រុង ប្រធានមន្ទីរសុខាភិបាល ប្រធានអង្គការជាតិ និងអន្តរជាតិ ជាដៃគូអភិវឌ្ឍន៍ ប្រធានមន្ទីរពេទ្យ ប្រធានអគារចក្ខុរោគ និងតំណាងភាគីពាក់ព័ន្ធជាច្រើនទៀត។

លោករដ្ឋមន្រ្តី បានសម្តែងការអរគុណ និងកោតសរសើរ ចំពោះក្រុមការងារកម្មវិធីជាតិសុខភាពភ្នែក នាយកដ្ឋានផែនការព័ត៌មាននៃក្រសួងសុខាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែន រដ្ឋាភិបាលក្នុងនិងក្រៅស្រុក ដែលបានខិតខំតាក់តែងចងក្រង និងអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រជាតិស្តីពីការ គ្រប់គ្រង និងបង្ការភាពពិការភ្នែក ២០២១-២០៣០ សម្រាប់ប្រទេសកម្ពុជាដែលមានលក្ខណៈស្របទៅនឹង ចក្ខុវិស័យ២០៣០(Insight 2030)របស់អង្គការសុខភាពពិភពលោក និងទីភ្នាក់ងារអន្តរជាតិសម្រាប់បង្ការភាព ពិការភ្នែក។

លោកចាត់ទុកថា ផែនការយុទ្ធសាស្ត្រនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីបន្តអភិវឌ្ឍន៍ក្នុងការកាត់បន្ថយភាពពិការភ្នែក និងគំហើញថយចុះសម្រាប់ប្រជាជនកម្ពុជា ជាពិសេសមនុស្សចាស់ដែលមានកំណើនកាន់តែច្រើនឡើងៗ ហើយក៏ជួយលើកមុខមាត់ប្រទេសកម្ពុជា ជាប្រទេសឈានមុខមួយក្នុងតំបន់ដែលអត្រាភាពពិការភ្នែកកម្រិតទាបជាងប្រទេសជិតខាងគួរឱ្យមោទនៈ។ ក្រៅពីនេះផែនការយុទ្ធសាស្ត្រនេះ មានធាតុចូលយ៉ាងច្រើនទៅក្នុង ផែនការយុទ្ធសាស្ត្រសុខាភិបាលឆ្នាំ២០២២- ២០៣០ និងផែនការយុទ្ធសាស្ត្រជាតិក្នុងការប្រយុទ្ធនឹងជំងឺមិនឆ្លង២០២២-២០៣០ របស់ក្រសួងសុខាភិបាល។

លោករដ្ឋមន្រ្តី បានបន្ថែមទៀតថា ជាងពីរទសវត្សរ៍កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការពង្រឹង គុណភាព និងពង្រីកវិសាលភាពសុខភាពភ្នែកក្រោមគោលនយោបាយសមធម៌សុខភាពសាធារណៈរបស់ ក្រសួងសុខាភិបាលនៃរាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងសុខភិបាលតាមរយៈកម្មវិធីជាតិសុខភាពភ្នែក បានបង្កើនពង្រឹងគុណភាពនៃការផ្តល់សាវាចក្ខុសាស្ត និងពង្រីកវិសាលភាពសុខភាពភ្នែកទៅដល់តំបន់ដាច់ស្រយាលនៅទូទាំងប្រទេសកម្ពុជា។ ការថែទាំសុខភាព ភ្នែកបឋម ប្រព័ន្ធបញ្ចូនអ្នកជំងឺ និងប្រព័ន្ធព័ត៍មានត្រូវបានអភិវឌ្ឍន៍កាន់តែប្រសើឡើងហើយត្រូវធ្វើសមាហរណ៍ កម្មដាក់បញ្ចូលទៅក្នុងប្រព័ន្ធថែទាំសុខភាពនៅគ្រប់កម្រិតទាំងអស់។

ក្រសួងសុខាភិបាល ក៏បានធ្វើការវាយតម្លៃខ្ពស់ពីសមិទ្ធផល និងការអភិវឌ្ឍន៍នានា ក្នុងវិស័យចក្ខុរោគរយៈពេល ប្រមាណ២៦ឆ្នាំកន្លងមកនេះ ពិតជាបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយកាត់បន្ថយភាពក្រីក្រតាមរយៈ ការអភិឌ្ឍន៍ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំផ្សព្វផ្សាយយល់ដឹងស្តីពី សុខភាពភ្នែក និងការផ្តល់សេវាចក្ខុសាស្ត្រដល់មូលដ្ឋាន និងដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

យ៉ាងណាមិញ បម្រែបម្រួលនៃប្រជាករ និងការរីកចម្រើនលើវិស័យបច្ចេកវិទ្យា បានធ្វើឲ្យតម្រូវការ សុខភាពភ្នែកមានការកើនឡើង ដែលទាមទារឲ្យយើងបង្កើតផែនការយុទ្ធសាស្ត្រជាតិ លើកទី៣ សម្រាប់ការ គ្រប់គ្រង និងបង្ការភាពពិការភ្នែកដល់ឆ្នាំ២០៣០ ដោយមានគោលបំណងរួម កាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែកមកត្រឹម ០,៣៥% នៅឆ្នាំ២០៣០ ដែលជាមហិច្ឆតាមួយដែលតម្រូវឲ្យពហុស្ថាប័នឯកជននិង រដ្ឋ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលក្នុង និងក្រៅស្រុកចូលរួមទាំងអស់គ្នាដើម្បីសម្រេចឲ្យ បាននូវគោលបំណងខាងលើ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង។

លោករដ្ឋមន្រ្តីមានជំនឿយ៉ាងមុតមាំថា ស្ថាប័នសុខាភិបាល និងរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ចូលរួមនឹងប្រែក្លាយ ផែនការយុទ្ធសាស្ត្រនេះ ឱ្យទៅជាផែនការសកម្មភាព ដើម្បីពង្រីកនិងពង្រឹងបន្ថែមទៀត ក្នុងការផ្តល់សេវាសុខភាពភ្នែកកាន់តែប្រសើរឡើង សម្រាប់ប្រជាជនរបស់យើង។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ការបោះឆ្នោតខាងមុខ នឹងមិនមានបញ្ហាអ្វីកើតឡើង នាំដល់ការរំខានការបោះឆ្នោតនោះទេ

ចំនួនអ្នកទស្សនា: Views


 (ភ្នំពេញ):ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូស បញ្ជាក់ប្រាប់សហភាពអឺរ៉ុបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដើម្បីកសាង ប្រជាធិបតេយ្យឱ្យមានភាពចម្រុះនៅមូលដ្ឋាន ហើយសង្ឃឹមថាថ្ងៃបោះឆ្នោតខាងមុខ ក៏នឹងមិនមានបញ្ហាអ្វីកើតឡើង នាំដល់ការរំខានការបោះឆ្នោតនោះទេ។


ក្នុងជំនួបពិភាក្សាការងារ ជាមួយប្រតិភូនៃអគ្គរដ្ឋទូតសហភាពអឺរ៉ុបចំនួន៤ប្រទេស ដឹកនាំដោយលោកជំទាវ ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណា ចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៦ ខែឧសភា នៅទីស្តីការក្រសួង ដោយកិច្ចជំនួបនេះ បានលើកយកប្រធានបទដ៏សំខាន់នារសៀលនេះ គឺភាគីសហភាពអឺរ៉ុប មានបំណងចង់ ឈ្វេងយល់បន្ថែមអំពីដំណើរការ និងស្ថានភាពនៃយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងមកដល់នាពេល ឆាប់ៗខាងមុខនេះ និងក៏ចង់ដឹងអំពីការវាយតម្លៃរបស់សម្ដេចក្រឡាហោមអំពីស្ថានភាព ទូទៅនៃដំណើរការ ឈានទៅការបោះឆ្នោត និងស្ថានភាពទូទៅនៃយុទ្ធនាការក្នុ ងរយៈពេលកន្លងមក។


ក្នុងជំនួបនោះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ជាការអនុវត្ត តាមអ្វីដែលបានកំណត់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នា ពេលនេះ គឺជា លើកទី៥ហើយ។ សម្តេចបានគូសបញ្ជាក់ថា « ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ មានគោលបំណងក សាងប្រជាធិបតេយ្យឱ្យមានភាពចម្រុះនៅមូលដ្ឋាន ដើម្បីធ្វើឱ្យ មូលដ្ឋាន កសាងភាពម្ចាស់ការជាមួយប្រជាពលរដ្ឋរបស់ខ្លួនផ្ទាល់ ពោលគឺផ្លាស់ប្តូរពីការ តែងតាំងអ្នកដឹកនាំមូលដ្ឋានទៅជាការបោះឆ្នោតដោយពលរដ្ឋ ដែលបានអនុវត្តន៍ជា បន្តបន្ទាប់កន្លងមក»។


សម្ដេចបន្តថា ក្រុមប្រឹក្សាដែលកើតចេញពីការបោះឆ្នោតនេះ ក៏ត្រូវធ្វើគណនេយ្យភាព ជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅមូលដ្ឋាន និងធ្វើគណនេយ្យភាពជាមួយរាជ រដ្ឋាភិបាល ផងដែរ ហើយថាក្នុងការងារពង្រឹងប្រជាធិបតេយ្យនៅមូលដ្ឋាននេះ រាជរដ្ឋាភិបាល កម្ពុជាក៏បានកំពុងខិតខំអនុវត្តន៍កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដោយបន្តផ្ទេរមុខងារ ធនធានថវិកា និងធនធានហិរញ្ញវត្ថុដល់ថ្នាក់មូល ដ្ឋានដើម្បីអនុវត្តភារកិច្ចប្រកបដោយ ប្រសិទ្ធភាព។


សម្ដេចបានបង្ហាញក្ដីរីករាយ ដោយឃើញនូវវឌ្ឍនភាពពីការបោះឆ្នោតមួយ ទៅការ បោះឆ្នោតមួយឃើញថា ប្រជាពលរដ្ឋកាន់តែមានការគាំទ្រទៅលើការបោះឆ្នោតថ្នាក់មូល ដ្ឋាននេះ ខណៈពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយនោះដែរ ប្រជាពលរដ្ឋក៏មានការ យល់ដឹងកាន់តែច្រើន។


សម្ដេចបន្តថា គិតមកដល់ពេលនេះមិនមានព័ត៌មាននៃអំពើហិង្សាណាមួយកើត ឡើងនោះទេ ហើយបណ្ដាគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះ ឆ្នោតនេះក៏ បានធ្វើសកម្មភាព តាមអ្វីដែលបានកំណត់ដោយច្បាប់ ពោលគឺជារួមឃើញថា មានការវិវត្តល្អប្រសើរ។ សម្ដេចក៏បង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថា ថ្ងៃបោះឆ្នោតខាងមុខ ក៏នឹងមិនមានបញ្ហាអ្វីកើតឡើង នាំដល់ការរំខានការបោះឆ្នោតនោះដែរ ដោយសម្ដេច សង្ឃឹមថា ដំណើរការល្អនៃការបោះឆ្នោតនេះ ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការអនុវត្តស្រប តាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្សនៅកម្ពុជា។


សម្តេចក៏បានជម្រាបជូនប្រតិភូដែរថា ពាក់ព័ន្ធនឹងតួនាទីក្រសួងមហាផ្ទៃក្នុង ដំណើរការរៀបចំការបោះឆ្នោតនេះ កិច្ចការសំខាន់គឺពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ ដែល ក្រសួងមហាផ្ទៃសហការជាមួយ គ.ជ.ប រៀបចំផែនការដើម្បីការពារសុវត្ថិភាព សំដៅធ្វើយ៉ាងណាបង្កលក្ខណៈឱ្យការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយចំពោះបញ្ហាអ្វីផ្សេងទៀត គឺស្ថិតក្នុងសមត្ថកិច្ចដោះស្រាយរបស់ គ.ជ.ប ដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការពិនិត្យទៅលើបញ្ហាផ្សេងៗដែលកើតមានពាក់ព័ន្ធនឹងការបោះឆ្នោត។


សម្ដេចក៏យកឱកាសនេះ អំពាវនាវដល់សហភាពអឺរ៉ុបបន្តគាំទ្រដល់កិច្ចការកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែអនុវត្តន៍ក្នុងការ ពង្រឹងភាពជាម្ចាស់ការរបស់ថ្នាក់មូលដ្ឋាន ជាពិសេស គឺបន្តជួយគាំទ្រការចែករំលែក បទពិសោធន៍ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីមានសមត្ថភាពកាន់ តែសមស្របបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាការងារអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន៕ ដោយ អ៊ាង ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ dara


ឯកឧត្តម ឈឹម សារ៉េត និងឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យដង្ហែអង្គផ្កាប្រាក់មហាសាមគ្គី និងជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋ នៅស្រុកខ្សាច់កណ្ដាល

ចំនួនអ្នកទស្សនា: Views



(កណ្តាល): ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីបុណ្យដង្ហែអង្គផ្កាប្រាក់មហាសាមគ្គី និងជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋប្រមាណ៦០០នាក់ នៅវត្តសុវណ្ណមរកត ស្ថិតនៅភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល នាសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

រដ្ឋបាលខេត្ត បើកកិច្ចប្រជុំពិនិត្យ ការរៀបចំគម្រោងអភិវឌ្ឍន៍ខេត្ត និងការរៀបចំគម្រោងប្លង់ហេដ្ឋារចនាសម្ព័ន្ធក្រុង ស្រុក

ចំនួនអ្នកទស្សនា: Views



(កណ្តាល): ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២  នៅថ្ងៃ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំគម្រោងអភិវឌ្ឍន៍ខេត្ត នៅក្នុងភូមិសាស្ត្រទូទាំងខេត្តកណ្តាល ដែលមានការចូលរួមពីលោក លោកស្រី មន្រ្តី នៃរដ្ឋបាលខេត្ត មន្ទីរអង្គភាព និងមន្រ្តីជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំបានពិនិត្យ ពិភាក្សា អំពីការរៀបចំជួលជុលកែលម្អផ្លូវ-ស្ពាន ការងារសាងសង់ច្រាំងស្ទឹងព្រែកត្នោត ចំណុចអ្នកតាសានថៃជឺ ស្តារប្រព័ន្ធផ្លូវទឹក ទ្វារទឹក បង្កើតផ្លូវថ្មី ស្ពានថ្មី បំពាក់អំពូលភ្លើងតាមផ្លូវចាំបាច់មួយចំនួន ដើម្បីជាប្រយោជន៍សាធារណៈ សោភណភាព និងសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ។ ជាពិសេសបម្រើដល់ការដឹកជញ្ជូនទំនិញ និងកសិផលរបស់បងប្អូនអាជីវករ ពាណិជ្ជករទូទៅ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ។

នៅថ្ងៃដដែលនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យសម្រេច លើការរៀបចំគម្រោងប្លង់ហេដ្ឋារចនាសម្ព័ន្ធក្រុង ស្រុក ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាល អភិបាលរងក្រុង ស្រុកទាំង១១ មន្រ្តីបច្ចេកទេស និងលោក លោកស្រីមេឃុំពាក់ព័ន្ធ តាមប្រព័ន្ធ online Zoom meeting ផងដែរ ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ ធូ កុសល

សម្ដេចក្រឡាហោម សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង នៅអនុវិទ្យាល័យខ្នាចរមាស

ចំនួនអ្នកទស្សនា: Views

      


បាត់ដំបង: ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅថ្ងៃ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្ត
ព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នង នៅអនុវិទ្យាល័យខ្នាចរមាស ស្ថិតនៅស្រុកបរវេល និង អញ្ជើញចុះពិនិត្យវិទ្យាស្ថាន គរុកោសល្យបាត់ដំបងទាំងពីរកន្លែង ព្រមទាំងបន្តពិនិត្យមើលអគារវិទ្យាល័យនេតយ៉ង់ ដើម្បីសិក្សាអំពីតម្រូវការអគារបន្ថែមទៀតនៅវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ មានប្រសាសន៍សំណេះ

សំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានសង្កត់ធ្ងន់អំពីពាក្យអរគុណសន្តិភាព ដោយសម្ដេចបានថ្លែងពន្យល់បន្ថែមថា មូលហេតុ នៃការអរគុណសន្តិភាព គឺដោយសារទម្រាំមានសុខសន្តិភាពនេះ កម្ពុជាបានឆ្លងកាត់ការលំបាកច្រើនណាស់។ ដូច្នេះកម្ពុជាត្រូវចងចាំប្រវត្តិដ៏ជូរចត់ ការដណ្ដើមបានសន្តិភាពដោយលះបង់សាច់ស្រស់ ឈាមស្រស់ ការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ មន្រ្តីរាជការ និងរាជ

រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា (CPP) ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ ការប្រារព្ធពិធីសម្ពោធអគារសិក្សានាឱកាសនេះ គឺបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្រាលឡើងវិញ ក្រោមការដឹកនាំនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល។ សម្ដេចក្រឡាហោម ក៏បានសម្ដែងក្ដីមោទកភាព ចំពោះការរីកចម្រើនគ្រប់វិស័យនៅក្នុងស្រុកបវេល ក្នុងនោះរួមទាំងវិស័យអប់រំ ដែលគ្រប់មូលដ្ឋានប្រជាពលរដ្ឋ មានសាលារៀនសម្រាប់

កូនចៅសិក្សារៀនសូត្រ ជាមួយនឹងការបំពាក់នូវមធ្យោបាយរៀន និងបង្រៀនកាន់តែប្រសើរជាងមុន ក្នុងនោះក៏មានការខិតខំបង្រៀន និងរៀនតាមបែបគន្លងថ្មីនៅក្នុងបរិបទនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នារយៈកាលកន្លងមកផងដែរ។

 ពាក់ព័ន្ធនឹងវិស័យអប់រំនេះដែរ សម្ដេចក្រឡាហោម នាយករដ្ឋមន្រ្តីស្ដីទី ក៏បានបង្ហាញមោទកភាពផងដែរ ដែលខេត្តបាត់ដំបងស្ថិតក្នុងចំណោម ខេត្តមានអត្រាសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបបានច្រើនជាងគេ ក្នុងនោះខេត្តមានសិស្សជាប់និទ្ទេស Aចំនួន១២៣រូប និងដោយឡែកសិស្សនៅស្រុកបវេលក៏បានជាប់និទ្ទេស A ចំនួន៧រូបដែរ។ សម្ដេចបន្ថែមថា អគារសិក្សាមួយខ្នងដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ គឺជាសមិទ្ធផលចំណងដៃមួយទៀតជូនស្រុកបវេល ហើយសម្ដេចមានសេចក្ដីសង្ឃឹមជឿជាក់ថា វិស័យអប់រំក្នុងស្រុកមួយនេះនឹងកាន់តែមានការរីកចម្រើន ដើម្បីរួមចំណែកវិនិយោគបន្ថែមទៀត នូវធនធានមនុស្សសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ៕ដោយណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖ dara

ឯកឧត្ដម ទេសរដ្ឋមន្ដ្រី លី ធុជ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់គណៈកម្មការ សេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ នៅប្រទេសថៃ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖  ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិ បាលកម្ពុជា ទៅ ចូលរួមដោយផ្ទាល់ នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN ESC AP) នៅព្រះរាជាណាចក្រថៃ ក្រោមមូលបទ «របៀបវារៈរួម ដើម្បីជំរុញការអភិវឌ្ឍ ប្រកប ដោយចីរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលនឹង ប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

 ក្នុងឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ នឹងធ្វើសេចក្តីថ្លែងការណ៍ចំពោះអង្គសន្និបាត នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ អំពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមក្របខ័ណ្ឌពហុភាគីនិយម ដើម្បីស្តារឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា។

 នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដមទេសរដ្ឋមន្រ្តី នឹងជួបប្រជុំទ្វេភាគី ជាមួយលោក ជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានUN ESCAP ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសទៅ លើវិស័យមីន ដែលជាគោលដៅទី១៨ នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៏ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០ ហើយទេសរដ្ឋមន្ត្រី ក៏នឹងដឹកនាំកិច្ចប្រជុំកម្រិតខ្ពស់ស្តីពី «ការធានាឱ្យបានភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការតភ្ជាប់» ។

  សូមបញ្ជាក់ផងដែរ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ នឹងធ្វើសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំបណ្តាប្រទេស ដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក អំពីវិធានការជំរុញសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីរងផល ប៉ះពាល់ពីវិបត្តិ នៃជំងឺកូវីដ-១៩ផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក រយៈពេល៥ថ្ងៃ នៅប្រទេសស្វីស

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ : នៅរាត្រីថ្ងៃសុក្រទី២០ ឈានចូលថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០០:៣០នាទី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសស្វីស ដើម្បីទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្រោម
មូលបទ “ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ (Davos-Klosters) ប្រទេសស្វីស។

 ការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកសាស្រ្តាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។ 

 អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំនេះ រួមមានឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងណាពិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀត ព្រមទាំងសមាជិកមួយចំនួនរបស់សភាពាណិជ្ជកម្មកម្ពុជាផងដែរ។ 

 ក្នុងឱកាសចូលរួមក្នុងវេទិកានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ “ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន” និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។

 ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកាខាងលើ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏រំពឹងថា នឹងមានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន ក៏ដូចជាទទួលការចូលជួបសម្តែងការគួរសមពីសំណាក់ឥស្សរជននយោបាយ និងធុរជនពិភពលោកផងដែរ។ 

 ក្នុងឱកាសស្នាក់នៅប្រទេសស្វីស សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាបើក “រាត្រីកម្ពុជា” (CAMBODIA NIGHT) ដែលជាព្រឹត្តការណ៍រៀបចំដោយក្រុមហ៊ុន វើលដ៏ ប្រ៊ីជ គ្រុប (WorldBridge Group) ក្នុងគោលបំណង ដើម្បីលើកស្ទួយអំពីធុរកិច្ចបរទេសនៅក្នុងប្រទេសកម្ពុជា។ 

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសអឺរ៉ុបផងដែរ៕

ចំនួនអ្នកទស្សនា: Views

!

ឯកឧត្តម រ័ត្ន ស៊្រាង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សមិទ្ធផលនានាក្នុងសាលាបឋមសិក្សា កែវ មុនី សង្កាត់ព្រែកកំពឹស !

នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២

ឯកឧត្តម រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ ក្រុមការងារក្រោមឱវាទ បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស និងប្រគល់សមិទ្ធផលនានា ក្នុងសាលាបឋមសិក្សា កែវ មុនី សង្កាត់ព្រែកកំពឹស ដែលឯកឧត្តមបានជួយឧបត្ថម្ភ ជួសជុល កែលម្អ និងកសាងរួចរាល់ជូនដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សប្រើប្រាស់ជាផ្លូវការ ដែលក្នុងនោះរួមមាន :

ចាក់ដី ចាក់កំទេចថ្ម និងខ្សាច់បំពេញក្នុងទីតាំងសាលាទាំងមូល ចំនួន១៩២ឡាន ។

ចាក់សាបបេតុងលើទីធ្លាសាលាទាំងមូល ទំហំ១,១៨៨ម៉ែត្រការ៉េ ។

រៀបការ៉ូឡាជុំវិញបរិវេណទីធ្លា និងដងទង់ជាតិទំហំ២១០ម៉ែត្រការ៉េ ។

ជួសជុលកែលម្អសួនច្បារ ដងទង់ជាតិ ដាំផ្កាឡើងវិញ និងដាំដើមឈើធ្នង់បន្ថែមចំនួន៣៥ដើម ។

ជួលជុលក្លោងទ្វារ របង បន្ទប់ទឹក ចាក់សាបបាតអគារនិងលាបថ្នាំអាគារឡើងវិញទាំងអស់ ។

ធ្វើរោងសម្រាប់ដាក់ម៉ូតូ កង់ ធ្វើតារាងបាល់បោះ រៀបចំសួនកំសាន្តនិងបំពាក់ឧបករណ៍ក្មេងលេង ក្នុងបរិវេណសាលា។

កសាងប្រព័ន្ធលូរំដោះទឹកក្នុងបរិវេណសាលាទាំងមូល ដោយធានាបាន១០០% ។

ឯកឧត្តម រ័ត្ន ស៊្រាង បានថ្លែងឲ្យដឹងថា មានសន្តិភាព គឺមានការអភិវឌ្ឍន៍ មានសិទ្ធិសេរីភាព និងមានអ្វីៗទាំងអស់។ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយបញ្ញាញាណ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចធ្លាប់បានយកជីវិតធ្វើដើមទុន ឆ្ពោះទៅរកការរំដោះជាតិ ឲ្យរួចផុតពីរបបវាលពិឃាត ជាពិសេសសម្តេចបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ រំលាយបានទាំងស្រុងនូវអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម ទើបនាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស ដូចសព្វថ្ងៃ និងបានអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។

ជាក់ស្តែង ការកសាងសមិទ្ធិផលក្នុងសាលា ផ្តល់ឱកាសឲ្យសិស្សានុសិស្សបានរៀនសូត្រគ្រប់កម្រិតដោយគ្មានការព្រួយបារម្ភនាថ្ងៃនេះ ក៏បានមកពីសន្តិភាព ដែលសម្តេចតេជោ និងឥស្សរជនថ្នាក់ដឹកនាំគ្រប់រូប ប្រឹងប្រែងរកបានមកដោយលំបាក។ លើសពីនេះ ដោយមានទស្សនៈវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជាឆ្លងផុតនូវគ្រោះមហន្តរាយនៃជំងឺឆ្លងកូវីដ-១៩យ៉ាងឆាប់រហ័ស ធ្វើឲ្យការរស់នៅប្រកបរបរចិញ្ចឹមជីវិត ការសិក្សា ការដើរកំសាន្ត និងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម ត្រឡប់មកប្រក្រតីវិញ។

ឯកឧត្តម រ័ត្ន ស៊្រាង បានសម្តែងនូវទឹកចិត្ត​ សប្បាយ​រីករាយ​បំផុត ដែលបានមកជួបសំណេះសំណាលដោយផ្ទាល់ និប្រគល់​​ដាក់​ឲ្យ​ប្រើប្រាស់ នូវសមិទ្ធផលនានាក្នុងសាលាបឋមសិក្សា កែវ មុនី ក្នុងថ្ងៃនេះ​។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បាននាំយកអាហារសម្រន់ ទៅទទួលទាន ជាមួយ សមាជិក សមាជិកា សិស្សានុសិស្ស ដែលចូលរួមទាំងអស់ ក្រោមបរិយាកាសរីករាយ ប្រកបដោយ មនោសញ្ចេតនាស្និទ្ធស្នាលក្រៃលែង។ ព្រមទាំងបានឧបត្ថម្ភថវិកា សម្ភារៈសិក្សា ខោអាវកីឡាជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សព្រមទាំងអាណាព្យាបាលសិស្ស គ្រប់ៗគ្នា រួមមាន៖

ជូនថវិកាដល់លោកគ្រូ អ្នកគ្រូ ចំនួន០៣សាលាក្នុងសង្កាត់ព្រែកកំពឹស ស្មើនឹង ១១១នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល ។

មាតាបិតាអាណាព្យាបាលសិស្ស យុវជន (សសយក)សង្កាត់ សរុបចំនួន ១៩៣នាក់ ម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល។

សិស្សបឋមសិក្សាចំនួន៤៥០នាក់ ម្នាក់ៗទទួលបាន សៀវភៅ០១ក្បាល ប៊ិច០១ ខ្មៅដៃ០១ និងថវិកា ៥ពាន់រៀល។

កុមារា កុមារី ចាប់ពីអាយុ២ឆ្នាំ រហូតដល់យុវជនរៀនមហាវិទ្យាល័យ ដែលរស់នៅក្នុងទូទាំងសង្កាតព្រែកកំពឹស ក៏ដូចជាសិស្សរស់នៅក្រៅមូលដ្ឋាន ដែលបានមករៀននៅសាលាទាំង០៣ ក្នុងសង្កាត់ព្រែកកំពឹស សរុប ៤,២៨៥ នាក់ ក្នុងម្នាក់ៗ ទទួលបានខោអាវកីឡា ១កំប្លេគ្រប់ៗគ្នា។












សម្តេចតេជោចាត់ទុកជំនួយវ៉ាក់សាំងរបស់ឥណ្ឌានាពេលកន្លងមក បានជួយកម្ពុជាទទួលបានជោគជ័យ លើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ចំនួនអ្នកទស្សនា: Views



 
សម្តេចតេជោចាត់ទុកជំនួយវ៉ាក់សាំងរបស់ឥណ្ឌានាពេលកន្លងមក បានជួយកម្ពុជាទទួលបានជោគជ័យ លើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកជំនួយវ៉ាក់សាំងរបស់ឥណ្ឌា ដែលផ្តល់ជូនកម្ពុជានាពេលកន្លងមក បានជួយកម្ពុជាទទួលបានជោគជ័យលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយឈានទៅ បើកប្រទេសឡើងវិញ។
 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ ពីភូមិគ្រឹះ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ 

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ដោយសម្ដេចតេជោបានគូសបញ្ជាក់ អំពីការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌា តាំងពីឆ្នាំ១៩៨១។ 

គិតមកដល់ឆ្នាំ២០២២នេះ គឺជាខួបលើកទី៧០ឆ្នាំ ហើយ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌា។ ដើម្បីប្រារព្ធខួបនៃទំនាក់ទំនងការទូតនេះ ប្រទេសទាំងពីរនឹងត្រៀមរៀបចំពិធី អបអរសាទរខួបលើកទី៧០ឆ្នាំនេះផងដែរ ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ 

សម្តេចតេជោក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងការពិភាក្សានេះ អ្វីដែលសម្ដេចចង់លើក គឺការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ក្នុងន័យនេះ សម្តេចតេជោបានអបអរសាទរចំពោះឥណ្ឌាដែលបានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងគ្រប់គ្រងកូវីដ-១៩ ពីការឆ្លងច្រើនរហូតដល់ឆ្លងតិចតួចនៅពេលនេះ ថ្វីត្បិតតែប្រទេសឥណ្ឌា មានប្រជាពលរដ្ឋច្រើន។ សម្ដេចតេជោក៏បានអរគុណប្រទេសឥណ្ឌា ដែលបានផ្ដល់វ៉ាក់សាំងដល់កម្ពុជាកាលពីនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ចំនួន៣២ ម៉ឺន៥០០០ដូស។

 សម្ដេចតេជោបានបញ្ជាក់ផងដែរថា នេះគឺជាវ៉ាក់សាំងដែលឆ្លុះបញ្ចាំងពីអ្វីដែលឥណ្ឌាចូលរួមនៅក្នុងសាមគ្គីភាព ហើយធ្វើឲ្យកម្ពុជាទទួលបានជោគជ័យ ហើយនៅពេលនេះ កម្ពុជា បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ៩៣,៦ ភាគរយ នៃចំនួនប្រជាជន១៦លាននាក់ ដូច្នេះដោយសារការចូលរួមចំណែករបស់ប្រទេសឥណ្ឌានេះ ធ្វើឲ្យប្រទេសកម្ពុជា បានបើកប្រទេស ឡើងវិញកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២១។ 

សម្តេចបានគូសបញ្ជាក់ដែរថា មកដល់ពេលនេះ មានរយៈពេល១១ថ្ងៃហើយ ដែលប្រទេសកម្ពុជាមិនមានករណីឆ្លងកូវីដ-១៩ថ្មីៗឡើយ ។ ជាការឆ្លើយតប ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា បានមានប្រសាសន៍ថា យើងពិតជារីករាយដែលអាចជួយកម្ពុជាបាន ហើយកម្ពុជា ជាប្រទេសទី១ នៅក្នុងក្របខណ្ឌនេះ ដែលទទួលបានវ៉ាក់សាំងពីប្រទេសឥណ្ឌា ហើយឯកឧត្តមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ ផងដែរថា ឯកឧត្តម ពិតជារីករាយដែលឮថា កម្ពុជា មិនមានករណីឆ្លងកូវីដ-១៩ ក្នុងរយៈពេល១១ថ្ងៃមកនេះ។ 

ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ជាសមត្ថភាពរបស់ឥណ្ឌា ដែលខិតខំជំរុញជួយខ្លួនឯងផង និងជួយមនុស្សក្នុង សកលលោកផងដែរ។

 ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា នៅពេលនេះ ឥណ្ឌា បានជួយផ្ដល់វ៉ាក់សាំងនេះទៅដល់ប្រមាណ ១០០ ប្រទេស ហើយក៏បានចូលរួមបណ្ដុះបណ្ដាលមន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណជាង ២ពាន់នាក់ ជាពិសេសនៅក្នុងការ បណ្ដុះបណ្ដាលគ្រប់វិស័យខុសៗគ្នា ហើយថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌា នឹងផ្ដល់អាហារូបករណ៍ចំនួន១០០០ កន្លែងទៀត សម្រាប់វិស័យ IT ក្នុងការបណ្ដុះបណ្ដាលប្រជាពលរដ្ឋមកពីប្រទេសសមាជិកអាស៊ាន។

តេក្វាន់ដូ WT កម្ពុជាឈ្នះមេដាយប្រាក់ និងសំរឹទ្ធិ ក្នុងស៊ីហ្គេម

ចំនួនអ្នកទស្សនា: Views

      

ហាណូយ :ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ កីឡាករ សំ យូដេត បានឈ្នះមេដាយប្រាក់១គ្រឿងលើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៥៨គីឡូក្រាម ខណៈកីឡាករ ឈុន សុខឡុង ទទួលបានមេដាយសំរឹទ្ធិលើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៦៨គីឡូក្រាម នៃប្រភេទកីឡាតេក្វាន់ដូ WT កាលពីល្ងាចថ្ងៃ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ពេលនេះប្រភេទកីឡាតេក្វាន់ដូ WT កម្ពុជាបានបញ្ចប់ចំនួន៧វិញ្ញាសាហើយ ហើយវិញ្ញាសាដែលនៅសល់ដែលត្រូវប្រកួតបន្តនៅសល់៦វិញ្ញាសាទៀត នៅក្នុងចំណោមវិញ្ញាសាសរុបចំនួន១៣។ ដោយឡែកប្រភេទកីឡាមួយចំនួនកំពុងដំណើរការប្រកួតឆ្ពោះទៅស្វែងរកមេដាយបន្ថែមទៀតផងដែរ។ ដោយឡែកប្រភេទកីឡាវ៉ូវីណាម ស្នូកឃ័រ ប្រដាល់មួយចំនួនជាដើមចាប់ផ្តើមប្រកួតនៅរសៀលថ្ងៃទី១៨ ឧសភានេះ។

គួរបញ្ជាក់ថា គិតមកដល់ត្រឹមព្រឹកថ្ងៃនេះ មេដាយសរុប ដែលអត្តពលិកកម្ពុជា ដណ្តើមបានជាបន្តបន្ទាប់ក្នុងស៊ីហ្គេម នៅប្រទេសវៀតណា នាពេលនេះ មានចំនួន ១៧គ្រឿង ក្នុងនោះមេដាយមាស ២គ្រឿង មេដាយប្រាក់៥គ្រឿង និងសំរឹទ្ធិ ១០គ្រឿង៕ ដោយ ហេង ណាលីន សម្រួលផ្សាយដោយ៖ dara

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593