-->

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >



ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ

ក្រសួងសាធារណការពន្យារពេលដំណើរការសាកល្បងកាមេរ៉ាចាប់ល្បឿន នៅលើកំណាត់ផ្លូវជាតិលេខ៣

ចំនួនអ្នកទស្សនា: Views

 

  

ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចលើកពេលការដាក់ឱ្យដំណើរការសាកល្បងកាមេរ៉ាចាប់ល្បឿន នៅលើ កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីចោមចៅដល់ទីរួមខេត្តកំពត ខណៈក្នុងផែនការ គ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនៅដើមខែមករា ឆ្នាំ ២០២២ខាងមុខនេះ។

សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា ក្រសួងសម្រេចពន្យារពេលនៃការដាក់ឱ្យដំណើរការសាកល្បង កាមេរ៉ាចាប់ល្បឿននេះ ដោយបច្ចុប្បន្ន ក្រុមការងារបច្ចេកទេស បច្ចេកវិទ្យាព័ត៌មានវិទ្យា ត្រូវបន្តដំណើរការតភ្ជាប់ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រង ចរាចរណ៍របស់អគ្គស្នងការនគរបាលជាតិមិនទាន់ចប់សព្វគ្រប់។

កាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិលេខ៣ បាននិងកំពុងរៀបចំបច្ចេកវិទ្យា ដើម្បីតាមដានការបើកបររបស់ប្រជាពលរដ្ឋ ដែលល្មើសនឹងបម្រាម នៅតាមគោលដៅកំណត់ល្បឿនចរាចរណ៍។

ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោងសាងសង់ផ្លូវជាតិលេខ៣ បានបញ្ជាក់ឱ្យដឹងថា កាមេរ៉ាចាប់ល្បឿនទាំង១០ទីតាំង ត្រូវបានដំឡើងនៅលើផ្លូវជាតិលេខ៣ ចាប់ពីចោមចៅ ដល់ទីរួមខេត្តកំពត ដែលក្នុងនោះពីចោមចៅដល់បែកគូស ដែលផ្លូវមាន៤គន្លង មានចំនួន៤ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅទីរួមខេត្តកំពត ដែលជាផ្លូវ មាន២គន្លង មានចំនួន៦ទីតាំង។ កាមេរ៉ាចាប់ល្បឿនទាំងនេះ អាចឱ្យមន្រ្តីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងផ្លាកលេខ រថយន្ត អ្នកបើកបរមិនពាក់ខ្សែក្រវាត់ការពារ និងប្រើទូរសព្ទពេលបើកបរ ក្នុងគោលបំណងតាមដាន និងការពារសុខសុវត្ថិភាពក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋលើផ្លូវជាតិលេខ៣។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៣ នឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ហើយការបំពាក់កាមេរ៉ាចាប់ល្បឿនទាំង១០ទីតាំង ជាគម្រោងបច្ចេកវិទ្យាទំនើបដំបូង ដែលដាក់ឱ្យប្រើប្រាស់លើផ្លូវជាតិ និងជាយន្តការត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការខូចខាតផ្លូវសាធារណៈ ដែលនាំឱ្យខាតបង់ថវិកាជាតិ និងប៉ះពាល់ដល់អាយុជីវិតអ្នកធ្វើដំណើរ៕


ពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលស្រុកបរិបូណ៌

ចំនួនអ្នកទស្សនា: Views


 កំពង់ឆ្នាំង: ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅថ្ងៃ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំស្រុកបរិបូណ៌ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អភិបាលរងក្រុង ស្រុក ថ្នាក់ដឹកនាំការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ និងមេឃុំ ក្នុងស្រុកបរិបូណ៌ជាច្រើននាក់ផងដែរ។

លោក ខឹម ចាន់នឿន នាយករងរដ្ឋបាលសាលាខេត្ត បានអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៥៧៩អនក្រ.តត ស្តីពីការតែងតាំង លោក ចេង ចាន់ដូណា ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកបរិបូណ៌ ជំនួស លោក យឹម សារិន អតីតអភិបាល នៃគណៈអភិបាលស្រុក ត្រូវបានផ្ទេរភារកិច្ចឱ្យមកបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ឆ្នាំង។

លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ ដែលទើបតែតែងតាំងថ្មី បានថ្លែងអំណរគុណ ចំពោះលោកអភិបាលខេត្ត ពិសេសសម្ដេចប្រមុខរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដែលមានជំនឿទុកចិត្ត បានចាត់តាំងឱ្យរូបលោកមកកាន់មុខតំណែងជាអភិបាលស្រុកបរិបូណ៌ នាពេលនេះ ។ លោកបានប្តេជ្ញាចិត្តខិតខំអនុវត្តន៍ និងបំពេញការងារឱ្យអស់ពីសមត្ថភាព តាមបទបញ្ជារបស់ថ្នាក់លើប្រគល់ឱ្យ ទាំងការគោរពច្បាប់ លិខិតបទដ្ឋាននានា ការងារគ្រប់គ្រងរដ្ឋបាលស្រុក ការងារអភិវឌ្ឍន៍ ជំរុញការងារអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បង្ការ និងបង្ក្រាបបទល្មើសផ្សេងៗឱ្យមានប្រសិទ្ធិភាព ដើម្បីជាសេនាធិការដ៏រឹងមាំ ឱ្យគណៈបញ្ជាការឯកភាពខេត្ត និងផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ ។

លោក អម សុភា អភិបាលរងខេត្តបានមានប្រសាសន៍ថា ការប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលស្រុកនាពេលនេះ គឺជាការគិតគូររបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃ ដើម្បីដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក និងពង្រឹងការដឹកនាំការងារឱ្យកាន់តែប្រសើរឡើងថែមទៀត ។ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អជាមួយមន្ត្រីក្រោមឱវាទ ចៀសវាងប្រកាន់បក្ខពួក នាំឱ្យប៉ះពាល់ដល់សតិអារម្មណ៍ ធ្វើឱ្យការអនុវត្តការងារមិនរលូនទៅមុខ។

លោកអភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរដែលទើបតែឡើងកាន់តំណែងថ្មី ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាកង្វល់ សំណូមពរនានារបស់ប្រជាពលរដ្ឋ ជាពិសេសករណីទំនាស់ដីធ្លី ដោយស្មារតីយកចិត្តទុកដាក់ គិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ ដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាទំនាស់ដីធ្លីនោះទេ ៕ដោយបៃស៊ីថុន សម្រួលផ្សាយដោយ៖ dara





 

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ ចំខួបលើកទី២៣ឆ្នាំ នៃនយោបាយឈ្នះឈ្នះ !

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេច ( ២៩-ធ្នូ-១៩៩៨ - ២៩-ធ្នូ-២០២១)។

អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីនេះ ត្រូវបានសាងសង់នៅលើទីតាំងចាស់ ដែលមានទទឹងប្រវែង២៨ម៉ែត្រ បណ្តោយប្រវែង ១៩១ម៉ែត្រ និងកំពស់ ៣២ម៉ែត្រ និងមានចំណត់រថយន្ត នៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន១៥០គ្រឿង សរុបផ្ទៃក្រឡាប្រើប្រាស់រួម ទូទាំងអគារមាន ៣០,៩៧៩ម៉ែត្រការ៉េ (ស្មើនឹង១០ដង នៃទំហំ អគារចាស់)។ នេះបើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ។

អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ដែលតាមគម្រោងផែនការសាងសង់មានរយៈពេល៣៦ខែ និងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ ដោយសារវិបត្តិកូវីដ១៩ ការសាងសង់ត្រូវបានស្នើរសុំពន្យាកិច្ចសន្យារយៈពេល៤ខែ ដូច្នេះការដ្ឋានត្រូវពន្យារហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ទើបបានបញ្ចប់។

អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី ត្រូវបានបញ្ចូលរចនាបទខ្មែរទៅក្នុងសោភ័ណភាពនៃសំណង់ ដូចករណីនៃការរចនារៀបចំឲ្យមាន ស្លាបឆ្វេង ស្លាបស្ដាំ និងតួកណ្តាល ដែលយកដើមជ្រៃធ្វើជាអ័ក្ស ដូចបណ្ដាសំណង់បុរាណតែងកសាងមានអ័ក្សដូច្នោះដែរ។

អគាររដ្ឋបាល-សាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី ចែកចេញជា៣ផ្នែករួមមាន៖

១៖ ផ្នែកខាងកើត ឬ(ស្លាបឆ្វេង) រៀបចំជាតំបន់ធានាឲ្យការត្រួតពលក្នុងអគារ(ពេលមានភ្លៀង) រៀបចំធ្វើជាបន្ទប់ប្រជុំតូច-ធំ រៀបចំជាបន្ទប់សវនាការតូចធំ, រៀបចំទីផ្លាសន្និសិទកាសែត និងសាលប្រជុំធំ ដែលមានសមត្ថភាពធានារៀបចំអង្គប្រជុំចំណុះបាន១,០០០នាក់ ដែលអាចធានាឲ្យរាល់ពិធីការ និងការប្រជុំថ្នាក់ជាតិ-អន្តរជាតិនានា។

២៖ ផ្នែកកណ្តាល រៀបចំជាទីធ្លាបដិសណ្ឋារកិច្ច និងរង់ចាំទទួលភ្ញៀវ (Lobby) នៅជាន់ផ្ទាល់ដី, នៅទីធ្លាជាន់ទី១ រៀបចំជាទីធ្លាសម្រាប់ពិធីត្រួតពល កងកិត្តិយស ។

៣៖ ផ្នែកខាងលិច ឬ(ស្លាបស្ដាំ)រៀបចំជាសាលពិព័រណ៍, ជាបន្ទប់រក្សាឯកសារ, ជាទីកន្លែងបំរើការធានាសន្តិសុខសុវត្ថិភាព ជាការិយាល័យធ្វើការថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងបណ្តាការិយាល័យសំខាន់ចាំបាច់មួយចំនួនផ្នែក ខាងលិចនេះមានចំនួន៦ជាន់ (គិតទាំងជាន់ផ្ទាល់ដីផង)។

នាយឧត្តមសេនីយ៍ បានឱ្យដឹងថា ពិធីសម្ពោធនេះត្រូវបានប្រារព្ធឡើងចំនឹងខួបលើកទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវ នយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ដែលក្រោមនយោបាយឈ្នះ ឈ្នះ នេះ បានធ្វើឱ្យមាតុភូមិកម្ពុជា ទទួលបាននូវសន្តិភាព និងការឯកភាពជាតិពេញលេញរហូតមកដល់សព្វថ្ងៃ ហើយសម្រាប់នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការពារជាតិក៏នឹងមានកម្មវិធីបាញ់កាំជ្រួចជាកិច្ចអបអរសាទរខួបទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅវិមានឈ្នះឈ្នះផងដែរ។

នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅវិមានឈ្នះ ឈ្នះ ក៏នឹងមានពិធីអបអរសាទរខួបទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែនផងដែរ។ នេះបើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត៕








ការប្រឡងសញ្ញាបត្របាក់ឌុប ឆ្នាំ២០២១ ចាប់ផ្តើមដំណើរការព្រឹកថ្ងៃទី២ ជាមួយស្ថានភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ

ចំនួនអ្នកទស្សនា: Views


ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា បេក្ខជនទាំងអស់ បានចូលក្នុងមណ្ឌលប្រឡងតាមរាជធានីខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ ពីសំណាក់គណៈមេប្រយោគ អង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរមានសមត្ថកិច្ច។

ចំពោះដំណើរការសំណេរនាព្រឹកនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺអក្សរសាស្ត្រខ្មែរ និងរូបវិទ្យា និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម គឺ គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា។

ដោយឡែកពេលរៀលវិញមានមួយមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម គឺអក្សរសាស្ត្រខ្មែរ មានរយៈពេល១៥០នាទី និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រ គឺគណិតវិទ្យា រយៈពេល១៥០នាទី។

សូមជម្រាបថា បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៤ ១៨៣នាក់ ស្រី៦០៣៩៧នាក់ មាន ២០៤ មណ្ឌល ៤៦១៦ បន្ទប់។ ចំនួនបេក្ខជនអវត្តមាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃទី១នៃការប្រឡងមានចំនួន៤២២៤នាក់ (ស្រី១៧៩៤នាក់) ត្រូវជាភាគរយ៣.៧ %៕



អភិបាលខេត្តសៀមរាប ជំរុញ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ទាំងអស់ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងត្រូវគោរពតាមវិន័យ លក្ខខណ្ឌកំណត់ !

ចំនួនអ្នកទស្សនា: Views


សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានជំរុញ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១នេះ ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយត្រូវគោរពតាមវិន័យ លក្ខខណ្ឌកំណត់របស់ក្រសួងអប់រំយុវជននិងកីឡា។

លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ដសៀមរាប មានប្រសាសន៍ថា ការប្រឡងបាក់ឌុបនៅក្នុងខេត្តសៀមរាប នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១នេះ មានមណ្ឌលប្រលងចំនួន ១២មណ្ឌល ស្មើ៣៥៧បន្ទប់ និងមានបេក្ខជនសរុប ៨,៨៣២នាក់ស្រី ៥,០៣៨នាក់ ។ ក្នុងចំណោមបេក្ខជនទាំងអស់នេះ មានបេក្ខជនប្រភេទជាស្វ័យរិន ១៥៧នាក់ ស្រី ៧១នាក់ និងបេក្ខជនបំពេញវិជ្ជាចំនួន ១៥៥នាក់ ស្រី៦៩នាក់ និងបេក្ខជនប្រភេទជាស្វ័យរិនបំពេញវិជ្ជាចំនួន ២០០នាក់ ស្រី ៧៧នាក់ផងដែរ។លោកប្រធានមន្ទីរ បន្តថា ដោយឡែកនីតិវិធីនៅក្នុងដំណើរការប្រឡងខុសប្លែកពីឆ្នាំមុនៗ ដោយមានយន្តការនៅក្នុងការគាំទ្រការចូលរួមចំណែកទប់ស្កាត់អាការរីករាលដាលជំងឺកូវីដ-១៩ មានដូចជាការពិនិត្យអាការ: កម្តៅ និងការរិតបន្ដឹងបន្ដិចចំពោះបេក្ខជន ដែលបានមកមើលឈ្មោះហើយពិនិត្យកំដៅ ក្នុងករណី ដែលគាត់មិនមានអ្វីដែលខុសប្រក្រតីទេ បានន័យថា ពួកគាត់មានសុខភាពធម្មតាគឺអនុញ្គាតអោយចូលប្រលង ដោយមានបិទស្ទីកគ័រនៅលើប័ណ្ណសំគាល់ ក្នុងនោះដែរក៏មានការគាំទ្រពីមន្ទីរសុខាភិបាលខេត្ត ដោយមានរថយន្តសង្គ្រោះបន្ទាន់ចំនួន ៥គ្រឿង នៅតាមតំបន់នៅជិតមណ្ឌលប្រលងមួយៗផងដែរ។

ឯកឧត្ដម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ ទាំងអស់ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងត្រូវគោរពតាមវិន័យលក្ខខណ្ឌកំណត់ និងបម្រាមទាំងឡាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគោរព និងស្តាប់តាមការណែនាំរបស់អនុរក្សចៀសវាងប្រព្រឹត្តិផ្ទុយនូវការណែនាំ និងលក្ខណ្ឌកំណត់ផ្សេងៗ។ ឯកឧត្តមបន្ដថា ការប្រឡងនេះ ត្រូវមានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរទាំងបេក្ខជន មកប្រឡងក៏ត្រូវប្រកាន់ឱ្យបានខ្ជាប់នូវវិន័យ និងគោរពពេលម៉ោងបានទៀងទាត់ផងដែរ។ ឯកឧត្តម ទៀ សីហា ក៏បានណែនាំ និងផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ជាបេក្ខជនទាំងប្រឡងទាំងពីរភេទ ត្រូវយកចិត្តទុកដាក់ ទាំងអស់ត្រូវប្រឹងប្រែងទៅតាមសមត្ថភាព ដើម្បីឈានទៅទទួលលទ្ឋផលល្អនៅពេលប្រកាសលទ្ឋផល ដែលថា ការប្រឡងនេះ គឺជាការវាស់ស្ទង់នូវរាល់កម្រិត នៃចំណេះដឹងរបស់បេក្ខជនម្នាក់ៗ ដែលបានសិក្សារៀនសូត្រ អស់រយ:ពេលជាច្រើនឆ្នាំមកហើយ។ ឯកឧត្ដម បានពន្យល់ដល់បេក្ខជនថា វិញ្ញាសារប្រឡងនេះ មិនមានការបែកធ្លាយឡើយពោលគឺសុវត្ថិភាព ព្រោះក្រសួងអប់រំ មានការគ្រប់គ្រងច្បាស់លាស់ មិនបានធ្វើឲ្យបែកធ្លាយឬមានបញ្ហាអ្វីចេញទៅក្រៅឡើយ។

សូមជម្រាបជូនថា ក្នុងពិធីបើកវិញ្ញាសារប្រឡង នាព្រឹកថ្ងៃទី២៧ ខែធ្នូនេះ នៅគ្រប់មណ្ឌលប្រឡងទាំង១២ ផ្តល់កិត្តិយសបើកវិញ្ញាសារ ដោយ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត, សមាជិកក្រុមប្រឹក្សាខេត្តមួយចំនួន, ឯកឧត្តម អភិបាលខេត្ត និងអភិបាលរងខេត្តទាំងអស់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ dara


លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល CPP ផ្ញើសារជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល CPP និងជាអភិបាលរាជធានីភ្នំពេញ បានផ្ញើសារអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដែលសម្តេចពិជ័យសេនា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បោះឆ្នោតសម្រេចជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងសារលិខិតអបអរសាទរ និងជូនពរនេះ បានបញ្ជាក់ថា សម្តេចពិជ័យសេនា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ជាឥស្សរជនជាតិដ៏ឆ្នើមរបស់ជាតិប្រកបដោយគំរូវីរភាពដ៏ត្រចះត្រចង់ ដែលជានិច្ចកាលតែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ព្រមទាំងបាន និងកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន រួមចំណែកធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យពេញលេញ និងរីកចម្រើនលើគ្រប់វិស័យ ក្នុងដំណើរឆ្ពោះទៅកាន់នីតិរដ្ឋរឹងមាំ ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។

នាឱកាសដ៏មង្គលសួស្ដីថ្លៃថ្លារីករាយនេះ យើងខ្ញុំសូមបួងសួងដល់តេជបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំ ប្រសិទ្ធពរជ័យជូន សម្តេចពិជ័យសេនា និងលោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រី និងចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមបន្តជោគជ័យគ្រប់ភារកិច្ច និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២

ចំនួនអ្នកទស្សនា: Views

     

ព្រៃវែង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១  ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា អញ្ជើញអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២២ របស់សាខាកាកបាទ​ក្រហមកម្ពុជាខេត្តព្រៃវែង ព្រមទាំងពិធីប្រគល់-ទទួល ថវិកាសមាជិកភាព និងថវិកាហឹបសង្រ្គោះ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

រូបថត៖ ព្រៃវែង

សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចពន្យារការចូលនិវត្តន៍របស់ ឯកឧត្តម គុណ ញឹម រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយ

ចំនួនអ្នកទស្សនា: Views




(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសម្រេចពន្យារការចូលនិវត្តន៍របស់ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យបន្តកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រហូតដល់ឆ្នាំ២០២៥ ដើម្បីបន្តធ្វើទំនើបកម្មស្ថាប័នគយ។

សម្តេចតេជោ ហ៊ុន សែន បន្តថាអ្នកដែលចង់រត់ការយកតំណែង ឯកឧត្តម គុណ ញឹម កុំទាន់សង្ឃឹម សម្តេចបានប្រើប្រាស់ឆន្ទានុសិទ្ធិ គឺបានសម្រេចរួចហើយ ពន្យារការចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៥។

ការប្រកាសជាសាធារណៈរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ ៕ ដោយ៖ dara

ឯកឧត្តម គង់ សោភ័ណ្ឌ នាំយកថវិកាប្រគល់ជូន មូលនិធិគន្ធបុប្ផាកម្ពុជា

ចំនួនអ្នកទស្សនា: Views

        

កណ្ដាល :ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធម៌ និងនិរន្តរភាពនៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផា ដោយឈរលើស្មារតី«ខ្មែរជួយខ្មែរ» តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោកន្លងទៅនេះ នៅព្រឹកថ្ងៃ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិ បាលខេត្តកណ្ដាល បានដឹកនាំសហការីនាំយកថវិកាចំនួន ៥២២ ៤៥៧ ០០០រៀល និង១ ១៥០ដុល្លារអាម៉េរិក ដែលជាការចូលរួមចំណែកបរិច្ចាគពី ឯកឧត្ដម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តកណ្តាល ប្រគល់ជូនមូលនិធិគន្ធបុប្ផា ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា ។

សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យ កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំង០៥ទីតាំង នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចូលរួមបរិច្ចាគពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស។ ពាក្យស្លោកនៃមូលនិធិគន្ធបុប្ផាកម្ពុជាគឺ «ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ការចូលរួមបរិច្ចគ របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា គឺជាកាយវិការដ៏សប្បុរសដែលនឹងរួមចំណែកក្នុងការព្យាបាល និងជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់»។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណ និងអរគុណចំពោះរដ្ឋបាលខេត្តកណ្តាល ដែលបានចូលរួមបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេ ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងជាប្រធានកិត្តិយស សំដៅធានាកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ប្រព្រឹត្តទៅដោយរលូនបន្តទៀត ៕ ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្ដាល) សម្រួលផ្សាយដោយ៖dara


    


អភិបាលខេត្តកណ្តាល ណែនាំដល់បណ្តាក្រុង-ស្រុក ទាំង១១របស់ខេត្ត ត្រូវរៀបចំចាក់វ៉ាក់សាំងកូវីដដូសជម្រុញដល់ពលរដ្ឋក្នុងមូលដ្ឋានអោយទាន់ពេលវេលា

ចំនួនអ្នកទស្សនា: Views


កណ្តាល៖ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ រដ្ឋបាលខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំជម្រុញការងារចាក់វ៉ក់សាំងជូសជម្រុញ(ដូសទី៣) និងផ្សព្វផ្សាយបទបញ្ជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនិង ជំងឺកូវីដ-១៩ និងការងារត្រៀមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១ តាមប្រពន្ធ័online ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី លោក លោកស្រីប្រធានអនុប្រធានមន្ទីរដែលពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុកទាំង១១។

ក្នុងកិច្ចប្រជុំនេះ ដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានណែនាំដល់បណ្តាក្រុងស្រុកទាំង១១ ត្រូវរៀបចំការងារចាក់វ៉ាក់សាំងដូសទី៣ (ដូសជម្រុញ)ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនអោយបានទាន់ពេលវេលាដើម្បីការពារអាយុជីវិតទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ ដោយវ៉ាក់សាំងនេះជា វ៉ាក់សាំងដែលបានមកពីការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដើម្បីឱ្យបងប្អូនជៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសូមបន្តចូលរួមអនុវត្តន៍វិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីបន្តការពារទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩អោយបានគ្រប់ៗគ្នា៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល សម្រួលផ្សាយដោយ៖ ធូ កុសល


អ្នកជិះកង់ជាង ៥៣០នាក់ ចូលរួមប្រណាំងកង់ភ្នំជុំទី២នៅទីលានព្រែកលៀប

ចំនួនអ្នកទស្សនា: Views



ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ Mountain Bike Series ជុំទី២ ចាប់ផ្តើមការប្រកួតនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅឯទីលានប្រណាំងកង់ព្រែកលៀប សិ្ថតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានអ្នកជិះកង់អាជីព និងអ្នកមានបទពិសោធន៍តិចតួចចូលរួមចុះឈ្មោះប្រកួតប្រមាណជាង ៥៣០ នាក់ មកពីទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា នេះបើតាមការឲ្យដឹងពីលោក Pierre Yves Catry ប្រធានបច្ចេកទេសរៀបចំការប្រកួត និងស្ថាបនិកព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ។

លោក Pierre Yves Catry មានប្រសាសន៍ថា៖ «ការប្រកួតជុំទី២ ទទួលបានអ្នកចុះឈ្មោះចូលរួមច្រើនជាងជុំទី១ ដែលបង្ហាញការគាំទ្រកាន់តែខ្លាំងលើព្រឹត្តិការណ៍ប្រណាំងកង់ភ្នំនេះ។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់គឺអ្នកចូលរួមភាគច្រើនមានវ័យក្រោម ៤០ ឆ្នាំ ព្រោះផ្លូវប្រណាំងលើកនេះមានលក្ខណៈពិបាកជាងមុន»។

លោកបានឲ្យដឹងទៀតថា ការប្រកួតជុំទី២នេះ បែងចែកជា ១៤ វិញ្ញាសាផ្សេងគ្នា ដែលអ្នកជិះកង់ជំនាញ និងអ្នកដែលមានបទពិសោធន៍តិចតួចអាចប្រណាំងជាមួយគូប្រជែងក្នុងកម្រិតដូចគ្នា។

ទន្ទឹមនឹងនេះ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសដែលជាម្ចាស់ឩបត្ថម្ភផ្តាច់មុខព្រឹត្តិការណ៍នេះ បានសម្តែងការរំភើបពេលឃើញមានអ្នកចូលរួមកាន់តែច្រើនកុះករឡើងបែបនេះ។

អ្នកស្រី គង់ កុសល មានប្រសាសន៍ថា៖ «កម្មវិធីនេះពិតជាល្អ និងសំខាន់សម្រាប់កីឡាករអាជីព ក៏ដូចជាអ្នកចូលចិត្តជិះកង់ទូទៅ ព្រោះវាមិនត្រឹមតែជាការប្រណាំងដើម្បីឈ្នះពាន់រង្វាន់ប៉ុណ្ណោះទេ តែវាក៏ជាការជំរុញ និងបណ្តុះស្មារតីតស៊ូ និងតាំងចិត្តដល់កីឡាករ ដើម្បីធ្វើយ៉ាងណាខិតខំឆ្ពោះទៅមុខជានិច្ច រហូតទៅដល់ទីលានផ្ដាច់ព្រ័ត្រ»។

គួរបញ្ជាក់ថា ក្រោមការឩបត្ថម្ភផ្តាច់មុខពីភេសជ្ជៈប៉ូវកម្លាំង វើក កម្មវិធីនេះធ្វើឡើង ដើម្បីផ្តល់ការកម្សាន្តបែបសុខភាពជូនដល់អ្នកចូលចិត្តជិះកង់គ្រប់រូប និងអ្នកទស្សនា ក៏ដូចជាជំរុញវិស័យកីឡាជិះកង់នៅកម្ពុជា តាមរយៈការបង្កើតឱកាសឲ្យកីឡាករអាចហ្វឹកហាត់ពង្រឹងសមត្ថភាពរបស់ខ្លួនត្រៀមប្រកួតក្នុងឆាកអន្តរជាតិ។

សម្រាប់ឆ្នាំ២០២១ ការប្រកួតធ្វើឡើងចំនួន៣ ជុំផ្សេងគ្នា។ ជុំទី ១ ធ្វើឡើងនៅឯភ្នំជាលខេត្តកំពង់ស្ពឺ ជុំទី២ នៅព្រែកលៀបរាជធានីភ្នំពេញ ចំណែកឯជុំទី៣នឹងធ្វើឡើងនៅចុងខែមករា ឆ្នាំ២០២២ នៅគិរីរម្យខេត្តកំពង់ស្ពឺ។  


 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593