ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ


គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប សម្រេចបានប្រមាណ ៨៦ភាគរយ !


សៀមរាប៖ គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ការអនុវត្តគម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបានប្រមាណជា ៨៦%ហើយ ដែលគ្រោងការនេះ នឹងបញ្ចប់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ។

នេះបើយោងតាមរបាយការណ៍ ដែលបង្ហាញដោយឯកឧត្តម យិត ប៊ុណ្ណា រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

ឯកឧត្តម យិត ប៊ុណ្ណា បានបន្តថា ក្រៅពីការងារសាងសង់ផ្លូវនេះ ការងាររៀបចំបណ្តាញលូទឹកភ្លៀង និងលូទឹកកខ្វក់ ក៏សម្រេចបានប្រមាណជា ៩០%ហើយដែរ ដែលការងារនៅសេសសល់បន្តិចបន្តួចនេះ គឺការភ្ជាប់បណ្តាញជាមួយអ្នកប្រើប្រាស់តែប៉ុណ្ណោះ។

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ ក្នុង រយ:ពេលជាង ១១ខែកន្លងមកនេះ គ្រោងបញ្ចប់ការស្ថាបនានៅចុងខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាប ទៅកាន់តំបន់ដាច់ស្រយាលផងដែរ។ ជាមួយគ្នានោះ ក៏មានការតភ្ជាប់ប្រព័ន្ធលូចាស់-ថ្មី ដើម្បី សម្រួលកុំឱ្យជន់លិចទឹក និងអាចឱ្យបងប្អូនប្រជាពលរដ្ឋ អាចអាស្រ័យប្រើប្រាស់បាន។

ឯកឧត្តមបន្តថា ជាមួយគ្នានេះ ការចុះពិនិត្យ នៅតាមការដ្ឋានស្ថាបនាផ្លូវនានា ក្នុងគោលបំណងដើម្បី ពិនិត្យមើលវឌ្ឍនភាពការងាររួម និងផ្តល់គោលការដោះស្រាយនូវបញ្ហាប្រឈមនានា ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណ:បច្ចេកទេស សៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។ ឯកឧត្ដម បានបន្ដថា ការងារសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធនេះ បានប្រឈមនឹងការរាំស្ទះដោយសាវិបត្តិជំងឺកូវីដ-១៩ ធ្វើឲ្យកម្មករ ក៏ដូចអ្នកអនុវត្តមានលំបាកក្នុងការងារប្រតិបត្តិការ។ ទន្ទឹមនឹងនេះ ពេលវេលា សម្រាប់ការសាងសង់មានរយ:ពេលខ្លីក្រុមការត្រូវពុះពារធ្វើការងារ ទាំងក្នុងរដូវវស្សាភ្លៀងធ្លាក់ មានការលំបាក់ក្នុងការងារសាងសង់។

តែទោះជាយ៉ាងនេះក្តី ដោយមានការតាំងចិត្តខ្ពស់ពីក្រុមការងារជំនាញ និងការជំរុញយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំ ផ្លូវទាំង ៣៨ខ្សែ កំពុងត្រូវបានបន្តការស្ថាបនា សម្រេចបានយ៉ាងលឿនជាងផែនការកំណត់បន្តិច និងសង្ឃឹមថាក្រុងសៀមរាប នឹងត្រូវបានប្តូរមុខមាត់ថ្មី នៅក្នុងចុងឆ្នាំនេះ ជាមួយ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រណិតសក្តិសមជាទីក្រុងទេសចរាចណ៍វប្បធម៌របស់កម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ទៀតថា ខណ:ពេលដែលក្រសួងមានសម្ភារ:ត្រួតពិនិត្យបច្ចេកទេសបច្ចេកវិទ្យាទំនើបមួយចំនួនហើយនោះ ក្រសួងក៏បានបញ្ជាទិញ សម្ភារ:ត្រួតពិនិត្យ មួយចំនួនទៀត យកមកប្រើប្រាស់ដើម្បីធានាថា ផ្លូវទាំង ៣៨ខ្សែត្រូវបានសាងសង់ស្របតាម លក្ខណ:បច្ចេកទេស ជាប់គង់វង្សយូអង្វែង។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនេះ មានប្រវែងសរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩,២១៦,៥៩៥ដុល្លារអាមេរិក ដោយក្នុងនោះចំនួន ៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨ខ្សែនេះ ចំណាយពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ខ្មែរម្ចាស់ស្រុក


0 $type={blogger}:

Post a Comment

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593