ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ


សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យដោះលែងយានយន្តដែល ក្រសួងសាធារណការ និងដឹកជញ្ជូនបានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។


សូមជំរាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា៖ ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និងសង្គម ផ្សេងៗទៀត។ ម្យ៉ាងវិញទៀត ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសការគាំទ្រដល់ការរស់ឡើងវិញរបស់វិស័យឯកជន និងជាការលើកលែងបន្ធូរបន្ថយ និងផ្ដល់ឱកាសសារជាថ្មីនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានផាកពិន័យ និងការឃាត់ទុកយានយន្តក្នុងបទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រាជរដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនដោះលែងយានយន្តទាំង ២២៩គ្រឿងខាងលើជូនទៅម្ចាស់យានយន្តដើម្បីប្រកបអាជីវកម្មឡើងវិញ។ ប៉ុន្តែយានយន្តទាំងឡាយណាដែលមិនទាន់បង់ប្រាក់ពិន័យត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់កំណត់ជាមុនសិនទើបអនុញ្ញាតឱ្យមានការដោះលែង។


ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះក៏ពិតមែន ប៉ុន្តែសូមម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយគោរព និងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ហើយសូមឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតែបន្តអនុវត្តយ៉ាងតឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដោយមិនមានការលើកលែងជាលើកទី២ ទៀតទេ។ ជាងនេះទៀត ក្រសួង ត្រូវខិតខំធ្វើការផ្សព្វផ្សាយជូនដំណឹងឱ្យបានទូលំទូលាយបន្ថែមទៀតអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាដល់សាធារណជនទូទៅ ឱ្យបានយល់ដឹង និងជ្រួតជ្រាបកាន់តែច្បាស់។


ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាចក្រកម្ពុជា សូមកោតសរសើរដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់ដោយឈរលើបទដ្ឋានច្បាប់នៃការដឹកជញ្ជូន លើការរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៕









ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានដង្ហែផ្កាប្រាក់សាមគ្គី ចូលរួមកសាងសាលាឆាន់ នៅវត្តព្រហ្មចារីយ៍ហៅវត្តព្រែកក្របៅ

  

ខេត្តកណ្តាល៖ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង ភរិយា រួមជាមួយ ថ្នាក់ដឹកនាំសមាគមបានដង្ហែផ្កាប្រាក់សាមគ្គីជាបច្ច័យជាង ១,០០០$ និងទេយវត្ថុជាច្រើន ប្រគេនព្រះគ្រូ សេង សុភ័ស្ត ចៅអធិការវត្តព្រហ្មចារីយ៍ ហៅវត្តព្រែកក្របៅ ស្ថិតក្នុងឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីចូលរួមកសាងសាលាឆាន់ ផ្នែកបង្កាន់ដៃ និង ផ្ទាំងគំនូរ នាថ្លៃសីល ៨រោច ខែភទ្របទ ត្រូវថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។


សូមជម្រាបថា បច្ច័យកសាង និង ទេយ្យវត្ថុដែលបានប្រគេននេះ បានមកពីការចូលរួមរបស់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសាររបស់ ឃីម រដ្ឋា ចាងហ្វាងគេហទំព័ររស្មីស្ទឹងត្រង់ និង កល្យាណមិត្តសមាគមជាច្រើនរូប តាមការផ្តួចផ្តើមបុណ្យរបស់ លោកប្រធាន ទេស វិបុល  និង លោកអគ្គលេខាធិការ ថាំង ប៊ុនសុង។


បន្ទាប់ពីពិធីប្រគេន ព្រះសង្ឃបានសូត្រចម្រើនព្រះបរិត្ត និងអោយពរម្ចាស់ទានទាំងអស់ សូមជួបប្រទះតែនឹងព្រះពុទ្ធពរ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


 ពិធីនេះចូលរួមដោយ៖

១.លោក ទេស វិបុល និងភរិយា 

២.លោក ហង្ស ចក្រា អនុប្រធានទី២

៣.លោក ថាំង ប៊ុនសុង អគ្គលេខាធិការ

៤.លោក ឃីម រដ្ឋា សមាជិកសមាគម និងជា ចាងហ្វាងគេហទំព័ររស្មីស្ទឹងត្រង់ និងភរិយា ព្រមទាំង ម្តាយ

៥.លោក ម៉ី សារិត សមាជិកសមាគម

៦.លោក យ៉ាន់ ងឿន សមាជិកសមាគម......។








អាជ្ញាធរព្រះវិហារ សម្រេចកំណត់ភូមិអូរខ្លែងពណ៌ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ជា «តំបន់ក្រហម» និងបិទខ្ទប់២សប្តាហ៍ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចបិទខ្ទប់ និងកំណត់ជា «តំបន់ក្រហម» នៅសម្រាប់ភូមិសាស្ដ្រ ភូមិអូរខ្លែងពណ៌ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ រយៈពេល២សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន  ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវបានបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ជាបណ្តោះអាសន្នរយៈពបេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយកំណត់ភូមិសាស្ត្រភូមិអូរខ្លែងពណ៌ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ជា «តំបន់ក្រហម»

រដ្ឋបាលខេត្ដ បានបញ្ជាក់ថា៖ «ត្រូវបានបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាបណ្តោះអាសន្នរយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយកំណត់ភូមិអូរខ្លែងពណ៌ ស្ថិតនៅក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ជា «តំបន់ក្រហម»

បន្ថែមពីនេះទៀត ក្នុងអំឡុងពេល នៃការអនុវត្តបិទខ្ទប់វិធានការដែលត្រូវអនុវត្តសម្រាប់ភូមិសាស្ត្រដែលបានកំណត់ជា «តំបន់ក្រហម» មានដូចខាងក្រោម៖

ទី១៖ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាតឱ្យធ្វើសកម្មភាពកីឡានៅក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួន ប៉ុន្តែការធ្វើដំណើរចេញក្រៅពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន ឬការធ្វើដំណើរចេញចូល «តំបន់ក្រហម» អាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ដូចខាងក្រោម៖

*ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់។ ការធ្វើដំណើរដើម្បីទៅជួបមន្ត្រីសុខាភិបាលធ្វើការយកសំណាកទៅវិភាគរកមេរោគកូវីដ១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅទីតាំងជិតបំផុតក្នុង «តំបន់ក្រហម» តាមការកំណត់ និងដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
*ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលមានសមត្ថកិច្ចអនុវត្ត វិធានការនានាក្នុងអំឡុងពេលបិទខ្ទប់ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ហាបេសកកម្មុំ។
*ការធ្វើដំណើរដែលទាក់ទងទៅនឹងសកម្មភាពចុះចែកជំនួយសង្គ្រោះបន្ទាន់ ដោយភ្ជាប់ជាមួយអត្តសញ្ញាណ និងលិខិតបញ្ជាបេសកកម្ម។
*ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកផ្នែកសុខាភិបាលរដ្ឋ និងឯកជនដោយភ្ជាប់ជាមួយប័ណ្ណសម្គាល់ខ្លួន និងលិខិតបញ្ជាបេសកកម្ម។
*ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកនៃសេវាពន្លត់អគ្គីភ័យ ការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ស្បៀង និងសេវាប្រៃសណីយ៍ទូរគមនាគមន៍ ការផ្គត់ផ្គង់ទឹកស្អាត។
*ការធ្វើដំណើរដើម្បីត្រឡប់ទៅលំនៅឋាន ឬទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬកន្លែងសម្រាកព្យាបាលនៅក្នុង ឬចេញលក្នុង «តំបន់ក្រហម» ដោយមានការសម្របសម្រួលរបស់អាជ្ញាធរមានសមត្ថកិច្ច។

ទី២៖ ផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដោយរួមទាំងទីកន្លែងលក់គ្រឿងស្រវឹង គ្រប់ប្រភេទព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់នៅក្នុង «តំបន់ក្រហម» ត្រូវផ្អាកជាបណ្តោះអាសន្ន លើកលែងតែសកម្មភាពការងារ មុខរបរ និងអាជីវកម្មដូចខាងក្រោមនេះ ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការជាធម្មតា៖

*សេវាពន្លត់អគ្គីភ័យ។
*សេវាផ្គត់ផ្គង់អគ្គិសនី សេវាផ្គត់ផ្គង់ទឹកស្អាត និងសេវាប្រតិបត្តិការផ្នែកប្រៃសណីយ៍ទូរគមនាគមន៍។
*សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាលរដ្ឋ និងឯកជនដោយរួមទាំងឱសថស្ថាន។
*ទីតាំងលក់ហ្គាសសម្រាប់ចម្អិនអាហារ។
*សេវាប្រមូល និងដឹកជញ្ជូនសម្រាម។
*សេវាផ្គត់ផ្គង់ឱសថ និងបរិក្ខាពេទ្យ។

ទី៣៖ រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ត្រូវបានហាមឃាត់ លើកលែងតែករណីចាំបាច់ដូចខាងក្រោម៖

*ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា
*ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច
*ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាលជាអាទិ៍
*ការយកសំណាក មកវិភាគរកមេរោគកូវីដ១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
*ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុង ការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
*ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬរបស់សាលាជម្រះក្តី
*ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណង ផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

ទី៤៖ រាល់ការជួបជុំ ការប្រមូលផ្ដុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលព្រះវិហារ៖


សេចក្តីជូនដំណឹង និងអំពាវនាវ ដល់​ សប្បុរសជន​ មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា សម្រាប់កម្មវិធី ថ្ងៃសីល ស្អែកនេះ៖(តាមរយ: 012 25 38 87/ 097 32 56 333)

 


សមាគម: ថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានផ្តួចផ្តើមគំនិតប្រមូលបច្ច័យ ហើយនឹងដង្ហែផ្កាប្រាក់សាមគ្គី ប្រគេន ព្រះគ្រូចៅអធិការវត្តព្រហ្មចារីយ៍ ហៅព្រែកក្របៅ ស្ថិតនៅឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃសីលស្អែកនេះ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២រសៀល ដើម្បីចូលរួមកសាងសាលាឆាន់សសរ១០០ដើម ដែលកំពុងសាងសង់បង្ហើយ  គ្រោងចំណាយថវិកាសរុបប្រមាណ១លានដុល្លាអាមេរិក។

សមាគមសូមអំពាវនាវ ពុទ្ធសាសនិក សប្បុរសជន មេត្តាជួយចូលបច្ច័យកសាងបន្ថែមទៀត ដើម្បីអោយការសាងសង់រួចរាល់ជាស្ថាពរឆាប់ៗ ទុកជាកេរមរតកបម្រើសាសនាព្រះសម្មាសម្ពុទ្ធជាទីគោរពសក្ការរបស់យើង។


សម្រាប់បងប្អូន ដែលចង់ចូលរួមចាប់មគ្គផល សូមទំនាក់ទំនង លោក ថាំង ប៊ុនសុង អគ្គលេខាធិការ លេខ 012 25 38 87 (Telegram and WhatsApp)

ឬ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា 097 32 56 333។






រដ្ឋបាលខេត្តសៀមរាប បានធ្វើការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាពលរដ្ឋ ស្ថិតក្នុងតំបន់ក្រហម នៃក្រុងសៀមរាប បានជិត ៣ពាន់គ្រួសារហើយ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញានេះ !

  


សៀមរាប៖ ដោយមើលឃើញពីការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់ក្រហម កំណត់ដោយរដ្ឋបាលខេត្ត ដែលជាតំបន់កំពុងប្រឈមនឹងហានីភ័យខ្ពស់ចំពោះការឆ្លងរាលដាល នៃជំងឺកូវីដ-១៩នោះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងសាលាខេត្តសៀមរាប បានរៀបចំយុទ្ធនាការផ្គត់ផ្គង់ស្បៀង អាហារដល់ប្រជាពលរដ្ឋជួបការខ្វះខាត ដោយគិតមកត្រឹមនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានផ្គត់ផ្គង់ស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិ សង្កាត់ ដែលកំណត់ជាតំបន់ក្រហម បានចំនួន ២,៦៧៨គ្រួសារ លើចំនួនសរុបជាង ៧ពាន់គ្រួសារ ។

លោក ស៊ុន ចំណាន ក្រុមការងាររៀបចំផ្គត់ផ្គង់ស្បៀងអាហារ នៃរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រោមកិច្ចយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានរៀបចំក្រុមការងារផ្គត់ផ្គង់ស្បៀងអាហារ ដោយសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត និងការចូលរួមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា និងមន្ត្រីរាជការសាលាខេត្ត ព្រមទាំងបងប្អូនសមាគមម៉ូតូកង់បី បានស្ម័គ្រចិត្ត ក្នុងការដឹកជញ្ជូនស្បៀងយកទៅចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅក្នុងភូមិសាស្ត្រតំបន់ក្រហម ខណ:ដែលរដ្ឋបាលខេត្តជាអ្នកផ្គត់ផ្គង់ប្រេង ហើយបងប្អូនអ្នកដឹកជញ្ជូនស្បៀងនេះ ក្នុងរយ:ពេល ១សប្តាហ៍ ត្រូវយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ម្ដង ដើមី្បជៀសវាងកុំឲ្យនាំមេរោគកូវីដ-១៩ ចូលក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនៃការចុះចែកស្បៀងអាហារដល់ប្រជាពលរដ្ឋ នារយ:កាលកន្លងមកនេះ ឯកឧត្តម គុជ លីណា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបញ្ជាក់ថា ស្បៀងអាហារដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋ គឺបានមកពីការឧបត្ថម្ភរបស់រដ្ឋបាលខេត្ត និងសប្បុរសជនទាំងក្នុង និងក្រៅខេត្ត រួមនឹងសាខាកាកបាទក្រហមកម្ពុជាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តផងដែរ ដើមី្បធ្វើការផ្គត់ផ្គង់ជូនបងប្អូនជួបការខ្វះខាត ក្នុងពេលដែលរដ្ឋបាលខេត្ត បានបិទខ្ទប់ និង កំណត់ជាតំបន់ក្រហម រយ:ពេល ពីរសប្តាហ៍នេះ ដោយធ្វើការចែកជូនបងប្អូនជួបការខ្វះខាត នៅតាមខ្នងផ្ទះផ្ទាល់ ដើម្បីកាត់បន្ថយការជួបជុំ និងការប្រមូលផ្តុំ គឺធ្វើទៅតាមភាពជាក់ស្តែង ដោយមិនប្រកាន់បក្ខពួក និន្នាការនយោបាយ ឬ គ្រួសារនិយមនោះឡើយ ឲ្យតែបងប្អូនជួបការខ្វះខាត ក្រុមការងារយើងបានផ្តល់ជូនទាំងអស់ ទោះបីមិនមានប័ណ្ណ ក្រ១,ក្រ២ ក៏ដោយ ឲ្យតែឃើញភាពខ្វះខាតគឺផ្តល់ជូនតែម្តង។

លោក អ៊ុន ពាន់ អ្នកស្ម័គ្រចិត្តដឹកជញ្ជូនដោយម៉ូតូរឺម៉ក់កង់បី បានបញ្ជាក់ថា ចាប់ពីរដ្ឋបាលខេត្តសម្រេចកំណត់ជាតំបន់ក្រហមមក ក្រុមរឺម៉ក់ម៉ូតូកង់បីរបស់ពួកគាត់ បានបម្រើសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ និងចូលរួមចុះចែកអំណោយជូនបងប្អូនខ្វះខាតនៅតាមលំនៅដ្ឋាន ក្នុងភូមិសាស្ត្របិទខ្ទប់ តំបន់ក្រហម ដោយការពេញចិត្តជួយបងប្អូន ដែលកំពុងជួបការលំបាក ក្រុមការងារយើងនឹងដឹកជញ្ជូនទៅផ្តល់ជូនទាំងអស់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

ក្រុមយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចុះផ្សព្វផ្សាយពីការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដល់សិស្សានុសិស្ស ដែលទើបនឹងចូលរៀន

 


ខេត្តប៉ៃលិន ៖ កាលពីថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១  ដោយមានការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្រុមយុវជនប្រតិបត្តិសាខា បានដឹកនាំយុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម ចំនួន៤នាក់ ក្នុងស្រី២នាក់ និងមានការចូលរួមសហការពី លោកគ្រូបង្រៀ ន យុវជនកាយរិទ្ធ បាននាំគ្នាចុះធ្វើការអប់រំផ្សព្វផ្សាយ អំពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងណែនាំអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស នៅសាលាអនុវិទ្យាល័យបរយ៉ាខា ស្ថិតក្នុងភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ក្រុមយុវជនសាខាកាកបាទក្រហមខេត្តប៉ៃលិន បានធ្វើការចែកបណ្ណផ្សព្វផ្សាយ និងបណ្ណស្តីពីវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល (៣កុំ ៣ការពារ) ចំនួន៤១សន្លឹក ផ្ទាំងរូបភាព៣កុំ៣ការពារធំ ចំនួន៦សន្លឹក បណ្ណផ្សព្វផ្សាយចរាចរណ៍ផ្លូវគោក ចំនួន៣៧សន្លឹក ដើម្បីអោយប្អូនៗ សិស្សានុស្សិស្ស មានការប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសកូវីដ ១៩នេះ និងត្រូវមានអនាម័យជាប្រចាំ គឺឧស្សាហ៍លាងសម្អាតដៃជាមួយនឹងសាប៊ូ អាល់កុល ឬជែល រក្សាគម្លាតសុវត្ថិផាពបុគ្គល ។ ប្រភពបន្តទៀតថា ចំពោះការធ្វើដំណើរទៅទីជិត ឬឆ្ងាយ ត្រូវឱ្យសិស្សានុសិស្ស ពាក់មួកសុវត្តិភាព ដើម្បីការពារ ក្បាលពេលមានករណីដួលបោកទៅលើផ្លូវថ្នល់ បើកបរម៉ូតូដោយគោរពច្បាប់ចរាចរណ៍ និងពាក់ម៉ាសជាប់ជាប្រចាំ ដើម្បីចូលរួមការពារ កុំឱ្យមានការឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី ( ដែលតា ) ដ៏កាចសាហាវនេះ ។ ក្រុមយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក៏បានលើកទឹកចិត្តដល់យុវសិស្សានុស្សិ ស្សទូទៅ ឱ្យអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសារអប់រំនានា របស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ 19 កុំអោយបន្តរីកឆ្លងរាលដាលចូលក្នុងសហគមន៍ ។

សូមបញ្ជាក់ថា ៖ មុននឹងអនុញ្ញាតឱ្យសិស្សចូលទៅក្នុងបន្ទប់រៀននីមួយៗ ក្រុមយុវជន ក៏បានបាញ់អាល់កុលលាងសម្អាតដៃ និងស្ទង់កម្តៅ បើសិនជាឃើញមានសិស្សណាម្នាក់ មានកំដៅឡើងខ្ពស់ ឬក្តៅខ្លួន នឹងឱ្យវិលត្រឡប់ទៅផ្ទះវិញសិន ដើម្បីពិនិត្យសុខភាព ជៀសវាងការឆ្លងចូលទៅក្នុងសាលារៀននាំឱ្យមានការបិទទ្វារសារជាថ្មីឡើងវិញ លំបាកក្នុងការរៀនសូត្រ ៕ ដោយ ៖ នាក់ ង៉យ








អភិបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រ មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញដាំដើមឈើប្រណិត បង្កើនធម្មជាតិបៃតង

 


ប៉ៃលិន ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកជំទាវ បាន  ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌល ប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជុំវិញខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ចូលរួមដាំដើមឈើប្រណិតចំនួន៤០០០ដើម នៅទីបញ្ជាការទិសទី៣ ប៉ៃលន-សំឡូត ស្ថិតនៅចំណុចភ្នំជ្រូក ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន  ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានឱ្យដឹងថា ៖ ការដាំកូនឈើថ្ងៃនេះ ក្នុងគោលបំណង បង្កើនឲ្យមានសោភ័ណភាពបរិស្ថាន សំដៅជំរុញការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ សិស្សានុសិស្ស ឲ្យយល់ដឹងពីសារះសំខាន់ និងផលប្រយោជន៍ក្នុងការដាំដើមឈើ ។ ទន្ទឹមនឹងនេះដើមឈើមានសារៈសំខាន់ណាស់ចំពោះជីវិត មនុស្ស សត្វ និងជីវៈចម្រុះគ្រប់ ប្រភេទ ។ វាផ្តល់សារៈប្រយោជន៏យ៉ាងច្រើនដូចជាផ្តល់មកនូវ ម្លប់ ផ្លែផ្កា អុស សំរាប់ដុតជាឈើសំណង់ ជាជម្រកសត្វព្រៃ ជម្រកមច្ឆាជាតិ ជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវ ទឹកភ្លៀង សំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោក ។ ពេលវេលានេះពិតជាមានសារៈសំខាន់ណាស់ គឺដើម្បីបង្កើនធនធានធម្មជាតិឡើងវិញ ការពារធនធានធម្មជាតិចម្រុះ និងកាត់បន្ថយឥទ្ធិពល អវិជ្ជមាននៃការប្រែប្រួល អាកាស ធាតុ ជាពិសេសនោះ គឺទុកជាសម្បិត្តជាតិ និងជាសម្បិត្តិសកល និងដើម្បីកែប្រែសោភ័ណ្ឌភាពសហគមន៍ ដើម្បីលើកស្ទួយមុខមាត់ខេត្តរបស់យើងផងដែរ។

លោកឧត្តមសេនីយ៍ត្រី ទី សុខា មេបញ្ជាការទិសទី៣ ប៉ៃលិន-សំឡូត បានលើកឡើងថា នេះជាវប្បធម៌ដ៏ឧត្តមដែលប្រជាជាតិកម្ពុជា បានចូលរួមយ៉ាងសកម្ម និងធ្វើអោយសកម្មភាពនេះ មានជារៀងរហូតនៅក្នុងសង្គមជាតិយើងដែលធ្វើអោយតំបន់ដីព្រៃ រិចរិលដាំដុះដីព្រៃឈើឡើងវិញ និងចូលរួមការពារព្រៃឈើឲ្យគង់វង្ស កាន់តែប្រសើរឡើង ។ ពីមួយឆ្នាំទៅមួយឆ្នាំយើងសង្កេតឃើញថា ការដាំដើមឈើនេះ មានការចូលរួមពីសំណាក់មហាជនជាច្រើនជាពិសេសយុវជន ដែលជាសសរទ្រូងប្រទេសជាតិនេះ ក្នុងគោលបំណង ថែរក្សាការពារ និងបណ្តុះគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ដែលកំពុងតែរងការកាប់បំផ្លាញដែលនាំឲ្យឈានទៅរកការបាត់បង់បន្តិចម្តងៗ ។ហេតុដូចនេះហើយយើងទាំងអស់គ្នា ដែលជាអ្នកទទួលប្រយោជន៍ ពីដើមឈើ នោះគប្បីចូលរួមដាំថែរក្សាការពារ និងស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ ឲ្យបានគ្រប់ៗគ្នាដើម្បីជាប្រយោជន៏ ដល់ខ្លូនយើងផ្ទាល់ជីវិតសត្វព្រៃ គ្រប់ប្រភេទ និងប្រពន្ធជីវៈចម្រុះផងដែរ ។


សូមបញ្ជាក់ផងដែរថាការដាំកូនឈើនាពេលនេះ មានចំនួន៤០០០ដើម ប្រភេទកូនឈើប្រណិតចម្រុះ ដែលទទួលបានការឧបត្ថម្ភពី រដ្ឋបាលខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ស្នងការដ្ឋាននរគបាលខេត្តប៉ៃលិន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង យោធភូមិភាគទី៥ កងរាជអាវុធហត្ថខេត្ត រដ្ឋបាលព្រៃឈើ ៕ ដោយ ៖ នាក់ ង៉យ








 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593