ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ


ឯកឧត្តម គន់ គីម អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម ងួន រតនៈ ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ

      



(កំពង់ធំ ) ៖ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធីបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ ឯកឧត្តម ងួន រតនៈ ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និង អភិបាលស្រុក ចំនួន ៤ស្រុក ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុក ។

នៅក្នុងឱកាសនោះ ឯកឧត្តម ក៏បានផ្ដល់អំណោយនិងថវិកាមួយចំនួនជូនដល់បងប្អូនអតីតយុទ្ធជនផងដែរ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖​ ធូ កុសល



សម្ដេចតេជោ ហ៊ុន សែន មានសុទិដ្ឋិនិយមចំពោះលទ្ធផលដែលកើតចេញពីកិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣



ភ្នំពេញ: ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របានសម្ដែងនូវសុទិដ្ឋិនិយមចំពោះលទ្ធផលដែលកើតចេញពីកិច្ចប្រជុំពេញអង្គលើកទី១ នៃកិច្ច ប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដោយសម្ដេចបានគូសបញ្ជាក់ថា គឺធាតុចូលដ៏មានតម្លៃប្រកបដោយបញ្ញាញាណ សម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់ពហុភាគីនិយម និងដំណើរការ ASEM នោះ។

ក្នុងពិធីបិទកិច្ចប្រជុំពេញអង្គលើកទី១ «តួនាទីរបស់ ASEM ក្នុងការលើកកម្ពស់ពហុភាគីនិយម»នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ កាលពីរសៀលថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចខ្លឹមសារសំខាន់ៗរួមមាន ១. យើងបានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើនរបស់ ASEM ដែលទទួលបានកន្លងមក។

យើងក៏បានប្ដេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ ASEM ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកល ដែលយើងកាន់តែត្រូវការដោះស្រាយបញ្ហាប្រឈម។ ២. អង្គប្រជុំក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះភាគីនិយម ដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។ ពិតណាស់ ការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នា គឺជាគោលការណ៍នាំផ្លូវសម្រាប់ពហុភាគីនិយម។

៣. យើងបានលើកឡើងអំពីបញ្ហាប្រឈមដែលមិនធ្លាប់កើតមានពីមុនមក ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងវិបត្តិសេដ្ឋកិច្ច-សង្គម។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ យើងបានឯកភាពគ្នាថា សាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជំរុញវ៉ាក់សាំងពហុភាគីនិយម គឺជាកូនសោរគន្លឹះ។ ដូច្នេះការការពារសុខភាព និងសន្តិសុខរបស់ប្រជាជន ក៏ដូចជាការលើកកម្ពស់សាមគ្គីភាពរវាងរដ្ឋ និងរដ្ឋ គួរតែជាអាទិភាពរបស់យើង។

៤. ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ-១៩ គឺជាអាទិភាពរួមរបស់យើងទាំងអស់គ្នា។ ក្នុងន័យនេះ យើងបានសម្ដែងការគាំទ្រចំពោះការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ និងប្ដេជ្ញាការពារច្រវ៉ាក់ផ្គត់ផ្គង់ ដោយរលូន និងគ្មានការរាំងស្ទះ ក៏ដូចជាជំរុញនូវឌីជីថលូបនីយកម្ម និងពិនិត្យមើលលទ្ធភាពនៃការបើកឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ។ ៥. យើងភាគច្រើនក៏បានប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍបៃតង និងកម្រិតកាបូនទាប ដើម្បីរក្សាកម្រិតការកើនឡើងកំដៅផែនដីមិនឱ្យលើសពី ១.៥ អង្សាសេ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។

ក្នុងន័យនេះ ការផ្គត់ផ្គង់បច្ចេកទេស និងហិញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវតែជាអាទិភាពមួយ។ ៦. យើងបានឯកភាពគ្នាថា រយៈពេល២៥ឆ្នាំកន្លងទៅនេះ បានផ្ដល់នូវមូលដ្ឋានរឹងមាំមួយដល់ភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងការបោះជំហានទៅមុខ ឆ្ពោះទៅរកអនាគតមួយ ដែលភ្លឺថ្លាជាងមុន មានបរិយាប័ន្នជាងមុន និងធន់ជាងមុន៕

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន អះអាងថា វេទិកាសេដ្ឋកិច្ច និង ធុរកិច្ចអាស៊ី-អឺរ៉ុប បានផ្ដល់ជាធាតុចូលដ៏ចាំបាច់ សម្រាប់ដំណើរការអភិវឌ្ឍតំបន់ និង សកលក្នុងប្រក្រតីភាពថ្មី

     


ភ្នំពេញ :ថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២១

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា បទពិសោធន៍និងចំណេះដឹង ដែលលេចឡើងពីការចែករំលែកនៅក្នុងវេទិកាសេដ្ឋកិច្ច និង ធុរកិច្ចអាស៊ី-អឺរ៉ុប បានផ្ដល់ជាធាតុចូលដ៏ចាំបាច់ សម្រាប់ដំណើរការអភិវឌ្ឍតំបន់ និង សកលក្នុងប្រក្រតីភាពថ្មី។

ថ្លែងតាមប្រព័ន្ធវីដេអូ បិទវេទិកាសេដ្ឋកិច្ច និង ធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ ក្រោមមូលបទ“ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី : លើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់-តម្លៃសកល ពហុភាគីនិយម និង បដិវត្តន៍ឧស្សាហកម្ម ទី៤”នាល្ងាចថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២១នេះឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានបញ្ជាក់ថា បដិវត្តន៍ឧស្សាហកម្មទី៤ គឺជាកាតាលីករយ៉ាងសំខាន់ក្នុងការរួមចំណែកបង្កើតក្បាលម៉ាស៊ីនថ្មីមួយសម្រាប់ជំរុញកំណើនប្រកបដោយចីរភាព ហើយក៏បាននិងកំពុងជួយជំរុញផលិតភាព និង លើកកម្ពស់ភាពប្រកួតប្រជែង របស់សហគ្រាសធុនមីក្រូ តូច និង មធ្យម ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ច និង ជាប្រភពសម្រាប់ ការបង្កើតការងារ ការបង្កើនប្រាក់ចំណូល ព្រមទាំងសម្រាប់ការលើកកម្ពស់សហគ្រិនភាព ក្នុងចំណោមស្រ្តី និង យុវជន។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានគូសបញ្ជាក់ថា «ផ្អែកលើស្មារតីនៃការមូលមតិរបស់វេទិកា ដើម្បីសម្រេចបាននូវការស្ដារ និង ជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ យើងត្រូវការជាចាំបាច់ នូវការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ី-អ៊ឺរ៉ុប ឱ្យកាន់តែពេញលេញ និង ស៊ីជម្រៅបន្ថែមទៀត ជាពិសេសដោយផ្តោតលើកិច្ចការជាអាទិភាពមួយចំនួន រួមមាន : (១). ការរៀបចំ និង ការអនុវត្តយុទ្ធសាស្ត្រ និង ផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងតំបន់; (២).ការ-ធ្វើឌីជីថលូបនីយកម្មសេដ្ឋកិច្ច-សង្គម; (៣). ការអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម; (៤). ការអភិវឌ្ឍធនធានមនុស្ស; និង (៥). ការដោះស្រាយបញ្ហាដែលកើតចេញពីការប្រែប្រួលអាកាសធាតុ ។ល។លើមូលដ្ឋាននេះ បណ្ដាប្រទេសជាសមាជិកអាសិមទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីនៃការបើកចំហ និង ការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី សម្រាប់កិច្ចសហការអភិវឌ្ឍន៍របស់យើង ដើម្បីលើកកម្ពស់ភាពទាក់ទាញ និង ភាពអំណោយផល នៃបរិយាកាសសម្រាប់សកម្មភាពធុរកិច្ច, ពាណិជ្ជកម្ម និង ការវិនិយោគ សំដៅឆ្លើយតបទៅនឹងនិន្នាការនៃការផ្លាស់ប្តូរ នៅក្នុងនិម្មាបនកម្មសេដ្ឋកិច្ច និង ពាណិជ្ជកម្មសកល»។

ជាងនេះទៅទៀត យើងចាំបាច់ត្រូវពង្រឹងការសម្របសម្រួល និង កិច្ចខិតខំប្រឹងប្រែងរួមគ្នា ឱ្យបានកាន់តែជិតស្និទ្ធ និង រឹងមាំឡើង នៅក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រ និង សកម្មភាពជាក់ស្តែង ទាំងក្នុងកម្រិតតំបន់ និង សកល សំដៅជម្នះបញ្ហាប្រឈម និង ហានិភ័យនានា ជាពិសេស ក្នុងគោលដៅទាញយកសក្ដានុពលនៃការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មីនៃការអភិវឌ្ឍ ដើម្បីរក្សាចីរភាព និង ពង្រឹងភាពធន់ នៃកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់យើង។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានបង្ហាញការយល់ឃើញថា កត្តាគន្លឹះសម្រាប់ធានាចីរភាពនៃការអភិឌ្ឍ នៅក្នុងសភាពការណ៍ថ្មីនេះ គឺការប្តេជ្ញាចិត្តរបស់យើង ក្នុងការរួមគ្នាប្រកាន់យកមាគ៌ានៃកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ ដើម្បីធានាការផ្លាស់ប្តូរនៃទិសដៅពិភពលោក ឱ្យប្រព្រឹត្តទៅប្រកបដោយភាពសុខដុម ។ ក្នុងស្មារតីនេះ កម្ពុជាត្រូវតែពុះពារបង្កើតគោលនយោបាយជាតិ ប្រកបដោយភាពឆ្នៃប្រឌិត បន្តជំរុញការចូលរួមនៅក្នុងផលិតកម្មនៃខ្សែច្រវាក់តម្លៃសកល និង ចាប់យកកាលានុវត្តភាព ពីបដិវត្តន៍ឧស្សាហកម្មទី ៤ សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព និង បរិយាបន្ន។ ក្រោមដំបូលសន្តិភាព និង ស្ថិរភាព ដ៏ពេញលេញ និង ឋិតថេរ, កម្ពុជាបានរៀបចំត្រៀមលក្ខណៈជាស្រេច ក្នុងការពន្លឿនការចាប់យកនូវបច្ចេកវិទ្យាឌីជីថល និង ការពង្រីកកិច្ចសហប្រតិបត្តិការតំបន់ និង សកល សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅត្រឹមឆ្នាំ ២០៣០ និង ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕

ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ អ៊ឹម ភិរក្សនារីរតនៈ សម្រួលផ្សាយដោយ៖ ធូ កុសល

ក្រុមចោរ៣នាក់ ជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពឆក់កាបូបស្ត្រីពីរនាក់កំពុងជិះម៉ូតូតាមដងផ្លូវ បណ្តាលឱ្យដួលរងរបួសធ្ងន់ស្រាល

 

ខេត្តប៉ៃលិន ៖ 

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣នឹង ១៧នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មានពីនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ៖ មានករណី ក្រុមចោរឆក់កាបូបមួយកន្លែង ដោយជនសង្ស័យមានគ្នាចំនួន០៣នាក់ មានដាវសាម៉ារ៉ៃ០១ដើម បានធ្វើសកម្មភាពទៅលើជនរងគ្រោះចំនួន០២នាក់ ខណៈដែលកំពុងតែជិះម៉ូតូឌុបគ្នា បណ្តាលឱ្យដួលរងរបួសធ្ងន់ស្រាលតែម្តង ។

ប្រភពបន្តថា ជនរងគ្រោះ ទី១. ឈ្មោះ សែត មុំ ភេទស្រី  អាយុ២៤ឆ្នាំ របួសបាក់ជើងខាងឆ្វេង។ ទី២. ឈ្មោះ សែត ឌួង ភេទស្រី អាយុ៤០ឆ្នាំ រងរបួសដៃខាងស្ដាំ ទាំងពីរនាក់រស់នៅក្នុងភូមិស្ទឹងត្រង់  ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ចំណែកជនសង្ស័យ មានឈ្មោះ ស៊ុន ពិសិដ្ឋ ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយនគរបាលឃាត់ខ្លួនបានភ្លាមៗ ក្រោយពីជនរងគ្រោះបានដាក់ពាក្យបណ្ដឹង។

ប្រភពព័ត៌មានបានបញ្ជាក់ថា ៖ក្រោយពេលធ្វើសកម្មភាពឆក់កាបូប សម្ភារៈដែលបាត់មានដូចជា ៖

 ប្រាប់ចំនួន២០មុឺនរៀល ទូរស័ព្ទចំនួន ០១គ្រឿង រីឯជនសង្ស័យចំនួន០២នាក់ទៀត មិនស្គាល់អត្តសញ្ញាណបានគេចខ្លួនបាត់ស្រមោល។

  បច្ចុប្បន្ន៖ ជនសង្ស័យដែលឃាត់ខ្លួន ត្រូវបានយកទៅអធិការដ្ឋានស្រុកសាលាក្រៅ ដើម្បីកសាងសំនុំរឿងតាមនីតិវិធីចាត់ការតាមផ្លូវច្បាប់ និងជនសង្ស័យ០២នាក់ទៀត ដែលបានរត់គេចខ្លួនកម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត ។ ចំណែកជនរងគ្រោះត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តប៉ៃលិន៕ 







កម្ពុជា-ឡាវ ឯកភាពបង្កើនការគ្រប់គ្រង និងត្រួតពិនិត្យតាមបណ្ដោយព្រំដែនក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ

 

ភ្នំពេញ: ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១

កម្ពុជា-ឡាវ បានឯកភាពគ្នាបង្កើនការគ្រប់គ្រង និងត្រួតពិនិត្យតាមបណ្ដោយព្រំដែន ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន និងចាត់វិធានការទាន់ពេលវេលាក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសការលួចឆ្លងដែនខុសច្បាប់ បទល្មើសព្រៃឈើ ការទន្ទ្រានកាប់ព្រៃធ្វើការដាំដុះ។ នេះបើយោងតាមការចុះផ្សាយលើផេកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

ការបង្ហាញជំហរបែបនេះ គឺធ្វើឡើងក្នុងឱកាសដែរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំវាយតម្លៃ លទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២០-២០២១ និងចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមប្រព័ន្ធវីដេអូ។

ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តជាប់ព្រំដែន និងកងកម្លាំងអនុវត្តន៍ច្បាប់ នៃប្រទេសទាំងពីរដែលទោះបីស្ថិតក្នុងស្ថានភាពប្រឈមដ៏ស្មុគស្មាញ បង្កឡើងដោយជំងឺកូវីដ-១៩យ៉ាងណាក្តី ក៏នៅតែបន្តកិច្ចសហការជិតស្និទ្ធ ក្នុងការថែរក្សាបរិយាកាសសន្តិសុខតាមបន្ទាត់ព្រំដែន បានយ៉ាងល្អប្រសើរ ។ រួមចំណែកបង្កលក្ខខណ្ឌអំណោយផលដល់ការ ប្រកបជីវភាពរស់នៅរបស់ប្រជាជន និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសកិច្ចសហការដោះស្រាយបាតុភាពផ្សេងៗនៅតាមព្រំដែន ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។

ក្នុងស្មារតីបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត រវាងភាគីទាំងពីរនោះ សម្ដេចក្រឡាហោម ស ខេង និង ឯកឧត្តមឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង បានចុះហត្ថលេខាលើកំណត់ហេតុ កិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២២ និងបានឯកភាពគ្នាបន្តបង្កើនការយកចិត្តទុកដាក់ លើការងារមួយចំនួន។

ការងារសំខាន់ៗទាំងនោះ រួមមាន៖ ការបង្កើន និងពង្រឹងបន្ថែមនូវយន្តការសហប្រតិ បត្តិការបង្ក្រាបសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់ ព្រមទាំងពង្រីកវិសាលភាពការផ្លាស់ប្តូរព័ត៌មាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពជួញដូរ ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ដែលកើតឡើងតាមបណ្ដោយព្រំដែន។

ភាគីទាំងពីរក៏បានឯកភាពបង្កើនការគ្រប់គ្រង និងត្រួតពិនិត្យតាមបណ្ដោយព្រំដែនក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន និងចាត់វិធានការទាន់ពេលវេលាក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសការលួចឆ្លងដែនខុសច្បាប់ បទល្មើសព្រៃឈើ ការទន្ទ្រានកាប់ព្រៃធ្វើការដាំដុះ និងការបរបាញ់សត្វដោយខុសច្បាប់ និងសកម្មភាពផ្សេងទៀតដែលផ្ទុយនឹងបទប្បញ្ញត្តិព្រំដែន៕

ដោយ ចាន់ សុធីវង្ស

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាលើកទឹកចិត្តឱ្យប្រទេសចិនបន្តផ្ដល់ជំនួយដល់អាស៊ាន ពិសេសក្នុងក្របខ័ណ្ឌស្ដារឡើង វិញគ្រប់ជ្រុងជ្រោយ ក្នុងការឆ្លើយតប នឹងជំងឺកូវីដ-១៩

ភ្នំពេញ :ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ លើកទឹកចិត្តឱ្យប្រទេសចិនបន្តផ្ដល់ជំនួយដល់អាស៊ាន ជាពិសេសផ្ដល់ការគាំទ្រចំពោះ ក្របខ័ណ្ឌស្ដារឡើងវិញគ្រប់ជ្រុង ជ្រោយរបស់អាស៊ាន និងគំនិតផ្ដួចផ្ដើមនានា ក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ដែលក្នុងពេលចំពោះមុខនេះ កម្ពុជាសូមលើកទឹកចិត្តឱ្យចិនបើកការធ្វើដំណើរចេញ-ចូលប្រទេស រវាងតំបន់ទាំងពីរអាស៊ាន-ចិនឡើងវិញ សំដៅពង្រឹងនិងលើកស្ទួយនូវវិស័យទេសចរណ៍ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស សកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

ថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកនូវអនុសាសន៍មួយចំនួន សំដៅពង្រឹងបន្ថែមនូវទំនាក់ទំនងអាស៊ាន-ចិន ដែក្នុងនោះមាន ទី១. ជាមួយនឹងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រសើរ កម្ពុជាសូមអបអរសាទរចំពោះប្រទេសចិន ដែលបានស្ដារនិងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើវិញឆាប់រហ័ស ជាមួយនឹងកំណើនប្រមាណ ៩,៨ភាគរយ ក្នុងរយៈ ពេល ត្រឹមតែ ៩ខែដំបូង ក្នុងឆ្នាំ២០២១នេះ។កម្ពុជាក៏សូមអរគុណ និងវាយតម្លៃខ្ពស់ចំពោះចិន ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការស្ដារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងសកលលោក។

ទី២. ជាទិសដៅទៅអនាគត កម្ពុជាសូមលើកទឹកចិត្តឱ្យអាស៊ាន-ចិន បន្តពង្រឹងការតភ្ជាប់ក្នុងតំបន់ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមអាស៊ាន-ចិន ស្ដីពីការរួមផ្សំផែនការមេតភ្ជាប់អាស៊ានឆ្នាំ ២០២៥ (MPAC 2025) និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ដើម្បីបង្កើនប្រសិទ្ធភាពលំហូរទំនិញ សេវាកម្ម និងចលនាប្រជាជន។ ជាមួយគ្នានេះ បន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ការទាញប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀង ស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) គួរត្រូវបានជំរុញ និងយកចិត្តទុកដាក់បន្ថែម ដែលការណ៍នេះនឹងពង្រឹងមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលវែង ព្រមទាំងនឹងនាំមកនូវវិបុលភាពទៅវិញទៅមក ស្របតាមចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិនឆ្នាំ២០៣០។

ទី៣. កម្ពុជាសូមគាំទ្រចំពោះការលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការអនុម័តសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចប្រជមកំពូលអាស៊ាន-ចិន ដើម្បីរំម្លឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូអាស៊ាន-ចិន។ កម្ពុជាក៏សូមសូមស្វាគមន៍ផងដែរនូវគំនិតផ្ដួចផ្ដើមការអភិវឌ្ឍសកលរបស់ឯកឧត្ដម ស៊ី ជីនពីង ដែលនឹងក្លាយជាកម្លាំងគាំទ្រដ៏សំខាន់សម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ និងការលើកស្ទួយសិទ្ធិមនុស្ស តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។ ក្នុងន័យនេះ កម្ពុជាសង្ឃឹមថា គំនិតផ្ដួចផ្ដើមខាងលើ នឹងបំពេញបន្ថែម និងគាំទ្រដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ាន-ចិន ឱ្យកាន់តែមានអត្ថន័យខ្លឹមសារ ផ្អែកលើកិច្ចសហប្រតិបត្តិការជាក់ស្ដែងផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។

ទី៤. អាស៊ាន-ចិន គប្បីបន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមរួម ក្នុងតំបន់ និងសកលលោក ដោយសន្តិវិធី និងឈរលើស្មារតីនៃការទុកចិត្តទៅវិញទៅមក និងការជឿជាក់ សំដៅរក្សាបាននូវសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ និងប្រកបដោយផ្លែផ្កានៅក្នុងតំបន់។ ក្នុងស្មារតីនេះ កម្ពុជាសូមគាំទ្រគំនិតផ្ដួចផ្ដើមប្រារព្ធខួប ២០ឆ្នាំ នៃការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគី នៅសមុទ្រចិនខាងត្បូង ក្នុងឆ្នាំ២០២២ខាងមុងនេះ។ កម្ពុជាក៏សូមវាយតម្លៃខ្ពស់ លើវឌ្ឍនភាពនៃការចរចាឆ្ពោះទៅរកការបញ្ចប់ ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ដែលប្រកបដោយខ្លឺមសារពេញលេញ និងប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ដែរថា អញ្ជើញចូលរួមអម សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះដែរ រួមមាន ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុជននិងកីឡា និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀតផងដែរ៕

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ក្នុងភូមិ​សាស្ត្រ​មុនរៀបចំពិធីសម្ភោធដាក់​ឲ្យប្រេីប្រាស់​ ស្ពានមិត្តភាព​ ចិន-កម្ពុជា​ ស្ទឹងត្រង់-ក្រូចឆ្មារ​


ខេត្តកំពង់ចាម​ ៖​ ​លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ នៅរសៀលថ្ងៃទី១៩ ខែវិច្ចិកា​ ឆ្នាំ២០២១​ បានចុះត្រួតពិនិត្យទីតាំងមួយ​ ចំនួននៅក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ ពិសេស​នៅមុនរៀបចំពិធីសម្ភោធដាក់​ឲ្យប្រេីប្រាស់​ ស្ពានមិត្តភាព​ ចិន-កម្ពុជា​ ស្ទឹងត្រង់-ក្រូចឆ្មារ​ ។ 

តាម​របាយការណ៍​របស់​ស្នងការ​បានសរសេរ​រៀបរាប់គោលដៅចំនួនបីស្រុល​ ដែលលោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ អញ្ជើញ​ចុះទៅត្រួតពិនិត្យ​ដូច​ ខាងក្រោម​នេះ​ ៖

*១-ស្រុកស្ទឹងត្រង់​*

 *+ត្រួតពិនិត្យ​ទីតាំងបរិវេណដែលត្រៀមរៀបចំពិធីសម្ភោធដាក់​ឲ្យប្រេីប្រាស់​ ស្ពានមិត្តភាព​ ចិន-កម្ពុជា​ ស្ទឹងត្រង់-ក្រូចឆ្មារ​ ស្ថិត​នៅក្នុងភូមិ​បឹងដែង​ ឃុំព្រែកកក់​ ស្រុកស្ទឹងត្រង់​​​*

*+ត្រួតពិនិត្យអាគារអធិការដ្ឋាន​ ដែលបានរៀបចំជួសជុលកែលម្អ​ សោភ័ណភាព​អាគារតាមផ្នែកជំនាញ​នីមួយៗ​​ នៃ​អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់*

*២-ស្រុកចំការលេី*

*+ត្រួតពិនិត្យ​​ ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ជ័យយោ​ *

*+ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ស្ពឺ*

  *បានណែនាំ​ និងពង្រឹងនីតិវិធី​ នៃការអនុវត្តលេីការងារជំនាញ​ ការគ្រប់គ្រង​ឯកសារ​ និងលើការងារដ្ឋបាល​ទូទៅ​ ព្រមទាំងការរៀបចំសោភ័ណភាព​ប៉ុស្តិ៍​* ។ 

*៣-ស្រុកជើងព្រៃ​*

*+ត្រួតពិនិត្យអាគារអធិការដ្ឋាន​ ដែលបានរៀបចំជួសជុលកែលម្អ​ នៃអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ*

បន្ទាប់ពីត្រួតពិនិត្យ​ចប់ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ បានដឹកនាំលោកអធិការស្រុកចំការលេី​ ជួបពិក្សា និងសហការ​ ជាមួយអធិការស្រុកតាំងគោក​ ដេីម្បីជួយរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ​ ព្រុំប្រទល់ស្រុក​តាំងគោក​ និងស្រុកចំការលេី​ ជាពិសេសត្រង់ចំណុចផ្សារតាំគោក​ ដេីម្បីជួយសម្រួលដល់ការធ្វេីដំណេីរដល់​គណៈប្រតិភូ​ ភ្ញៀវ​ជាតិ​និងអន្តរជាតិ​ ចូលរួមកម្មវិធី​សម្ភោធ​ស្ពាន​មិត្តភាព​កម្ពុជា​ចិន​ស្ទឹង​ត្រង់​ផងដែរ ៕,វណ្ណៈ
















សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការនិពន្ធចម្រៀងមួយបទក្រោមចំណងជើងថា «ស្រក់ទឹកភ្នែកតែមិនយំ»


ដើមហេតុដែលនាំឱ្យមានការស្នើបែបនេះ ផ្តើមចេញពីចៅស្រីទី២១របស់សម្តេច ដែលតែងសុខចិត្តស្រក់ទឹកភ្នែក តែមិនយំឱ្យឮនោះទេ នៅពេលដែលអន់ចិត្តអ្វីមួយ។


តាមបណ្តាញសង្គមហ្វេសបុក សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖ «ម្សិលមិញត្រឡប់ពីធ្វើការមកដល់ផ្ទះឆ្លៀតដឹកចៅដើរលេង។ ចៅស្រីទី២១ មិនដឹងថា អន់ចិត្តរឿងអី បានជាស្រក់ទឹកភ្នែក។ ច្រើនលើកហើយចៅមួយនេះ សុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱយឮ»

សម្តេចបានបន្តថា៖ «នៅកម្ពុជាយើងតើមានបទចម្រៀងដែលមានចំណងជើង (ស្រក់ទឹកភ្នែកតែមិនយំ) ហើយឬនៅ? បើមិនទាន់មានទេសូមជួយនិពន្ធមួយបទផង»៕

អភិបាលរាជធានីភ្នំពេញ រម្លឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្ដទុកដាក់ និងកុំ​ ភ្លេចការពារខ្លួនពីជំងឺកូវីដ-១៩ ក្នុងឱកាសឈប់សម្រាកបុណ្យអុំទូកនេះ

  

ភ្នំពេញ :ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានផ្ញើសារក្រើនរម្លឹក​ដល់បងប្អូន ប្រជា​ពល​រដ្ឋ ដែលធ្វើដំណើរកម្សាន្ត ឬជួបជុំគ្នានាឱកាសថ្ងៃឈប់សម្រាក ក្នុងឱកាសព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក​ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១​នេះ សូមឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំប្រហែសភ្លេចការពារខ្លួន ពីជំងឺកូវីដ-១៩ ។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ បង្កើនការ ប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ និងគោរពទៅតាមវិធាន របស់ ក្រសួង​សុខាភិបាល ក្នុងឱកាសថ្ងៃឈប់សម្រាក ដោយប្រកាន់ភ្ជាប់នូវវិធានការ​របស់ក្រសួង​សុខាភិបាល និងកុំភ្លេច ៣ កុំ ៣ ការពារ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ត្បិតឆ្នាំនេះ​ទោះបីជារាជរដ្ឋាភិបាលមិនបានធ្វើសកម្មភាពរៀបចំព្រះរាជពិធីបុណ្យអុំទូក និងការប្រណាំង​ទូក​ក្ដី តែប្រមុខរាជរដ្ឋាភិបាល នៅតែអនុញ្ញាត ឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ - កម្មការិនី បានឈប់សម្រាក ដើរកម្សាន្ត ជាធម្មតា។ លោកបានបន្ដថា ដូច្នេះ រាល់ការជួបជុំ បងប្អូននៅ តាមផ្ទះ ឬធ្វើដំណើរ កម្សាន្ត ទៅកាន់ ទីណាក៏ដោយ គឺត្រូវចងចាំ និងអនុវត្តន៍ ជាដាច់ខាតនូវ វិធានការ ៣ កុំ ៣ ការពារ ។

​សូមជម្រាបជូនថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម ឃួង ស្រេង អភិបាល​​រាជធានីភ្នំពេញបានដឹកនាំប្រជុំគណ:បញ្ជាការឯកភាព ទូទាំងរាជធានីភ្នំពេញ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ដែលបានចេញបញ្ជា ឱ្យ​កម្លាំង​សមត្ថកិច្ច និងអាជ្ញាធរគ្រប់ខណ្ឌទាំង១៤ រក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និង​ការពង្រឹងឱ្យបានខ្ជាប់ខ្ជួនវិធានរបស់ក្រសួងសុខាភិបាល ក្នុងឱកាសឈប់សម្រាកព្រះរាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕


ជនជាតិអាហ្វហ្កានីស្ថានមួយចំនួន ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ីរបស់អាមេរិក បានមកដល់ប្រទេសកម្ពុជាហើយ ខណៈរាជរដ្ឋាភិបាលត្រៀមទីតាំងដើម្បីឱ្យពួកគេស្នាក់នៅបណ្តោះអាសន្ន

  

ការមកដល់របស់ជនជាតិអាហ្វហ្កានីស្ថាននេះ ធ្វើឡើង ក្រោម គោលការណ៍ មនុស្សធម៌ ដោយយោងទៅតាមការ សម្រេច របស់ រដ្ឋាភិបាល កម្ពុជា កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ បន្ទាប់ពីប្រទេសអាហ្វហ្គានីស្ថាន ស្ថិតក្នុងសភាពវឹកវរ ក្រោយការចូលកាន់កាប់របស់ក្រុមតាលីបង់កាលពីថ្ងៃអាទិត្យទី១៥ សីហា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថាន មកស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកម្ពុជា ដែលមានលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ជាអនុប្រធានអចិន្ត្រៃយ៍។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់មន្ត្រីចុះសហការជាមួយបុគ្គលិកអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា (The Asia Foundation) នាយកដ្ឋានប្រឆាំងភេវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងនាយកដ្ឋានសន្តិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចុះពិនិត្យទីតាំងខុនដូរ (Axis Residences) សម្រាប់ស្នាក់នៅរយៈពេលវែងរបស់បុគ្គលិកអង្គការមូលនិធិអាស៊ី (The Asia Foundation) ដែលជាពលរដ្ឋអាហ្គានីស្ថាន និងក្រុមគ្រួសារ ចំនួនប្រហែល៤០ ទៅ៥០បន្ទប់ ដែលមានទីតាំងស្ថិតនៅផ្លូវឌួងងៀប៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ (ចម្ងាយប្រមាណ១០០០ម៉ែត្រពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ)។

ក្រោយចុះពិនិត្យទីតាំងជួលខាងលើ ដែលមានលក្ខណសម្បត្តិដូចខាងក្រោម៖ -ផ្ទៃក្រឡាសរុប ២ហិកតា មាន០៨អគារ ក្នុងនោះមាន៦៤០បន្ទប់ -ក្នុងមួយអគារមាន ០៩ជាន់ ក្នុងមួយជាន់មានចាប់ពី ០៨ ទៅ១២បន្ទប់ តាមទំហំអគារ -ជាន់នីមួយៗ មានបន្ទប់០៣ប្រភេទ៖ ១-បន្ទប់គ្រែមួយ ទំហំ ៦០ម៉ែត្រការេ ២-បន្ទប់គ្រែពីរ ទំហំ ៨០ម៉ែត្រការេ, ៣-បន្ទប់ Studio ទំហំ ៤៥ម៉ែត្រការ៉េ -មានសន្តិសុខយាម២៤ម៉ោង នៅតាមច្រកទ្វារចេញ-ចូលខាងមុខ និងច្រកទ្វារចេញ-ចូលតាមអាគារនីមួយៗ។

ដោយពិនិត្យឃើញថា អាគារខុនដូរខាងលើមានច្រើនយូនីត(Unit)ដែលអាចឱ្យពលរដ្ឋអាហ្គានីស្ថានទាំងនោះស្នាក់នៅប្រមូលផ្ដុំតែមួយកន្លែងបាន ងាយស្រួលក្នុងការការពារសន្តិសុខ សុវត្ថិភាពរបស់ពួកគេ ហើយស្ថិតនៅជិតព្រលានយន្តហោះផងនោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ស្នើបានសុំគោលការណ៍ពី សម្តេចក្រឡារហាម អនុញាតឱ្យអង្គការមូលនិធិអាស៊ីជួលទីតាំងខាងលើសម្រាប់ប្រើប្រាស់អោយពលរដ្ឋអាហ្វហ្កានីស្ថានទាំងនោះ ស្នាក់នៅបណ្តោះអាសន្នរហូូតដល់ពួកគេចាកចេញទៅប្រទេសទី៣៕


ឯកឧត្តម គួច ចំរើន បើកកិច្ចប្រជុំ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរ (SOP) ដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរបរទេសវ៉ាក់សាំង

 

ព្រះសីហនុ :ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១

រសៀលថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃចន្ទទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំ ស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរ (SOP) ដើម្បីត្រៀមលក្ខណៈទទួលទេសចរបរទេសវ៉ាក់សាំង ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ តាមប្រព័ន្ធ Zoom Meeting មានក្រុង ស្រុកទាំង៥ ចូលរួម និងអង្គភាពពាក់ពន្ធនានាក្នុងខេត្ព្រះសីហនុ ។ 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ដោយអនុញ្ញាតឱ្យរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ទទួលភ្ញៀវទេសចរវ៉ាក់សាំង ហើយការបើកឱ្យទទួលភ្ញៀវទេសចរវ៉ាក់សាំង គឺដើម្បីបើកសេដ្ឋកិច្ចសង្គមឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩ មានការថយចុះ ។    ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអ្នកដំណើរចូលមកកម្ពុជា តាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កទៀតទេ គឺគ្រាន់តែ តម្រូវឱ្យធ្វើតេស្តរហ័ស ឬតេស្ត PCR។ ដោយឡែកចំពោះអ្នករត់តាក់ស៊ីដឹកភ្ញៀវនៅតាមព្រលានយន្តហោះ ក៏ត្រូវមានប័ណ្ណចាក់វ៉ាក់សាំង បើមិនមានប័ណ្ណចាក់វ៉ាក់សាំង មិនអនុញ្ញាត ឱ្យចូលអាកាសយានដ្ឋានអន្តរជាតិឡើយ ហើយអាកាសយានដ្ឋានអន្តរជាតិ ត្រូវគ្រប់គ្រងអ្នករត់តាក់ស៊ីឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការដណ្តើមភ្ញៀវគ្នានាំឱ្យបាត់បង់សណ្តាប់ធ្នាប់។ ដោយឡែកចំពោះភ្ញៀវទេសចរចូលតាមផ្លូវទឹក មុនពេលចុះពីលើនាវាត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ ជាមុនសិន ។ ដូច្នេះត្រូវជូនដំណឹងមករដ្ឋបាលខេត្ត ដើម្បីងាយស្រួលត្រៀមក្រុមគ្រូពេទ្យចុះយកសំណាកពីភ្ញៀវបានទាន់ពេលវេលា ។ 

ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏អនុញ្ញាតឱ្យញែកភ្ញៀវទេសចរជាពីរ ដោយ ទី១-ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងគ្រប់ដូស អនុញ្ញាតឱ្យគាត់ធ្វើតេស្តរហ័ស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ទី២-ចំពោះភ្ញៀវមិនទាន់ចាក់វ៉ាក់សាំងចូលមកកម្ពុជា តម្រូវឱ្យពួកគាត់ធ្វើតេស្ត PCR ពីរលើក និងធ្វើចត្តាឡីស័ក ១៤ថ្ងៃ ទើបអនុញ្ញាតឱ្យគាត់ធ្វើដំណើរកម្សាន្តបាន ។

ឯកឧត្តម អភិបាលខេត្ត បានប្រកាសជូនសាធារណជន ដែលមិនមានឯកសារចាក់វ៉ាក់សាំង សូមទៅកាន់សាលាឃុំ-សង្កាត់ ឱ្យអាជ្ញាធរបញ្ជាក់លិខិតជូន ដើម្បីមានឯកសារគ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំងបានទាន់ពេលវេលា ។ ប្រសិនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរណាមិនបានចាក់វ៉ាក់សាំង ត្រូវមានលិខិតបញ្ជាក់សុខភាព ពីក្រុមគ្រូពេទ្យទើបអនុញ្ញាតឱ្យចូល។   ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ប្រធានមន្ទីរ អង្គភាពទាំងអស់ត្រូវចាប់ផ្តើមអនុវត្តន៍ ដោយផ្តោតសំខាន់លើប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គការសង្គមស៊ីវិល ដែលត្រូវចូលទៅមន្ទីរ អង្គភាពណាមួយ ឬចូលសាលាខេត្ត សាលាក្រុង ស្រុក សាលាឃុំ សង្កាត់ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងជាមុនទើបអនុញ្ញាតឱ្យចូល។ យើងចាប់ផ្តើមត្រួតពិនិត្យប័ណ្ណចាក់វ៉ាក់សាំង ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ៕

ដោយ ងូ សុមុនី សម្រួលផ្សាយ៖ dara

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593