ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ផ្សាយពាណិជ្ជកម្ម
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593 >

ព័ត៌មានប្រចាំថ្ងៃ


ឯកឧត្តម ជៀង អំ ចុះពិនិត្យមណ្ឌលចត្តាឡីស័ក​ និងកន្លែងព្យាបាលអ្នកកើតជំងឺកូវីដ-១៩​ ស្ថិតនៅវិទ្យាល័យត្រពាំងក្រហម ក្នុងស្រុកកូនមុំ


ភ្នំពេញ : ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី​ ចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក និងប្រគល់អំណោយជាគ្រឿងឧបភោគ​ បរិភោគ ជូនក្រុមគ្រូពេទ្យ និងកម្លាំងប្រចាំការ នៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម​ ក្នុងស្រុកកូនមុំ​ ខេត្តរតនគិរី។

ការចុះពិនិត្យមណ្ឌលចត្តាឡីស័កនេះ ក៏មានការអញ្ជើញចូលពីសំណាក់​ឯកឧត្តម​ ថង​ សាវុនអភិបាលខេត្តរតនគិរី អភិបាលរងខេត្ត​ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ​ ប្រធាន​ អនុប្រធានមន្ទីរដែរពាក់ព័ន្ធ​ លោកអភិបាលស្រុក​ អភិបាលរងស្រុក និងមន្រ្តីចត្តាឡីស័កជាច្រើនទៀតផងដែរ។

នាឱកាសនោះ ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី​ បានណែនាំ ដល់រដ្ឋបាលស្រុកកូនមុំ ត្រូវពិនិត្យទីតាំងបំពេញបន្ថែម នៅផ្នែកដែលខ្វះខាត ដោយធ្វើយ៉ាងណាត្រូវបង្ករលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ អាចស្នាក់នៅ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កផងដែរ។

ឯកឧត្តម បានលើកទឹកចិត្តដល់មន្ត្រីប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កទាំងអស់ ឱ្យបន្តការខិតខំប្រឹងប្រែងបន្តទៀតក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ ព្យាយាមណែនាំពលរដ្ឋដែលមកធ្វើចត្តាឡីស័ក ឱ្យរក្សាអនាម័យខ្លួនប្រាណ រក្សាគម្លាត ជាពិសេសបើសិនជាមានបងប្អូនដែលជាសាច់ញាតិមកសួរសុខទុក្ខ ត្រូវរៀបចំឱ្យពួកគាត់សួរសុខទុក្ខ នៅឱ្យឆ្ងាយពីអ្នកធ្វើចត្តាឡីស័ក ព្រោះថាបើសិនជាមិនមានការរៀបចំដាក់ឱ្យឆ្ងាយទេ គាត់នឹងទៅជិតអ្នកចត្តាឡីស័កជាមិនខាន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តណែនាំឱ្យមន្រ្ដីប្រចាំការ រៀបចំកន្លែងចត្តាឡីស័ក មានជាកន្លែងអង្គុយលេង ស្រូបយកខ្យល់អាកាស រៀបចំបន្ទប់ឱ្យមានខ្យល់ចេញចូលបានគ្រប់គ្រាន់ ដើម្បីឱ្យគាត់មានអារម្មណ៍ មិនមានភាពធុញថប់ ក្នុងកំឡុងពេលនៃការធ្វើចត្តាឡីស័កនេះ។

​ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តម​ ជៀង​ អំ​ ក៏បាននាំយកសម្ភារៈជូនក្រុមការងារកន្លែងចត្តាឡីស័ក​នៅវិទ្យាល័យត្រពាំងក្រហម​ ដែលអំណោយទាំងនោះរួមមាន៖​ អង្ករ​ ៥០០គីឡូក្រាម,​ ទឹកខ្ពុរមាត់​ ​២០០ដប,​ ម៉ាស​ ០១កេស,​ ទឹកត្រី​ ១០យួរ,​ ទឹកសុីអុីវ​ ១០យួរ​ និងថវិការមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ផងដែរថាចំនួនប្រជាពលរដ្ឋ ដែលបានចូលមក ចត្តាឡីស័កសរុបចំនួន ១៥៧ នាក់ស្រី ៥០ នាក់ក្នុងនោះអ្នកមានវិជ្ជមានសរុបចំនួន ១៣ នាក់ស្រី ០២ នាក់។ អ្នកដែលបានចេញពីមណ្ឌលត្រឡប់ទៅផ្ទះវិញចំនួន ១២៤ នាក់ស្រី៤២នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលសរុបចំនួន ៣៣ នាក់ស្រី ០៨ នាក់ គិតត្រឹមថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១ ម្សិលមិញនេះ ៕

ដោយ៖មន្ទីរព័ត៌មានខេត្តរតនគិរី

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តរតនគិរី អញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងនិងចែកអំណោយជូនវរ:ការពារព្រំដែនក្នុងភូមិសាស្ត្រខេត្តរតនគិរី


រតនគិរី​៖ នា​រសៀល​ថ្ងៃ​សៅរ៍ ០៣​រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២១​នេះ ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តរតនគិរី បាន​ដឹកនាំ​ក្រុមការងារ​ចុះសួរសុខទុក្ខ កងកម្លាំង និង​ប្រគល់​អំណោយ គ្រឿងឧបភោគ បរិភោគ ជូន​កងកម្លាំង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន យោធា​ការពារ​ព្រំដែន និង​មន្ដ្រី​ឧទ្យាន​ជាតិ​នៃ​មន្ទីរ​បរិស្ថាន នៅ​ចំនុច​វរ​:​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២៣​។

​ការចុះពិនិត្យ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​កងកម្លាំង​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ជាច្រើនរូប​ទៀត​។​

​ឯកឧត្ដម ជៀង អំ បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​អនុវត្ត​តួនាទី​ក្នុងការ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​នៅតាម​ព្រំដែន និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ជាមួយ​ភាគី​វៀតណាម ក្នុងការ​សម្របសម្រួល​លើ​ការដឹកជញ្ជូន និង​ផ្លាស់ប្តូរ​ទំនិញ​ឆ្លងកាត់​ព្រំដែន បញ្ចៀស​បាន​នូវ​ការកកស្ទះ ជាមួយនិង​ការប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្តតាម​វិធាន​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួងសុខាភិបាល​បាន​យ៉ាង​ល្អប្រសើរ​។​

​ឯកឧត្ដម ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​ដែនដី កងកម្លាំង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ពង្រឹង​ការចេញ​ល្បាត​តាម​ភូមិសាស្ត្រ​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​បង្ការ ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់ ហើយ​ក្នុងករណី​មាន​ប្រជាពលរដ្ឋ​ឆ្លងដែន​ចូលមក​កម្ពុជា ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ជាដាច់ខាត នៅ​ទីតាំង​ដែល​រដ្ឋបាលខេត្ត​បានរៀបចំ​រួចជាស្រេច ដោយ​មិនត្រូវ​ឲ្យ​នរណាម្នាក់​ឆ្លងកាត់​ព្រំដែន​ដោយ​មិនបាន​ត្រួតពិនិត្យ និង​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក​នោះទេ​។ ជាមួយគ្នានេះដែរ ឯកឧត្ដម ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​ប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន​ជានិច្ច​ពី​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ ពាក់​ម៉ាស់ រក្សា​គម្លាត ឲ្យ​បាន​ត្រឹមត្រូវ ឧស្សាហ៍​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល ឬ​អាល់កុល​ជាប្រចាំ និង​ត្រូវ​អនុវត្តតាម​វិធានការ​សុខាភិបាល ៣​ការពារ !!៣​កុំ​!!​ទាំងអស់គ្នា​។

​សូមបញ្ជាក់ថា​អំណោយ គ្រឿងឧបភោគ បរិភោគ ដែល​កងកម្លាំង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន និង​យោធា​ការពារ​ព្រំដែន និង​មន្ដ្រី​ឧទ្យាន​ជាតិ​នៃ​មន្ទីរ​បរិស្ថាន ទទួលបាន​នៅពេលនេះ​រួមមាន ៖

- វរ​:​នគរបាល​លេខ​៦២៣ និង​វរ​:​នគរបាល​លេខ​២០៣ ទទួលបាន អង្ករ ៦០០​គីឡូក្រាម , មី​៦០​កេស , ជែ​ល​លាងដៃ ៦០​ដប​, ត្រីខ​១៣​កេស​, ម៉ាស​០១​កេស​, អំបិល​១០០​គីឡូក្រាម និង​ថវិកា​មួយចំនួនទៀត​។

- វរ​:​យោធា​ការពារ​ព្រំដែន​ទទួលបាន អង្ករ​៨០០​គីឡូក្រាម , មី​៨០​កេស​, ជែ​ល​លាងដៃ​៨០​ដប​, ត្រីខ​១៤​កេស​, ម៉ាស​០១​កេស , អំបិល​១០០​គីឡូក្រាម និង​ថវិកា​មួយចំនួនទៀត​។

- មន្ត្រី​ឧទ្យាន​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ទទួលបាន អង្ករ​៥០០​គីឡូក្រាម , មី​៥០​កេស​, ជែ​ល​លាងដៃ​៥០​ដប​, ត្រីខ​១០​កេស​, ម៉ាស​០១​កេស​, អំបិល​៥០​គីឡូក្រាម និង​ថវិកា​មួយចំនួនទៀត​ផងដែរ​៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី 

សម្តេចតេជោ ហ៊ុន សែន៖ ខែមិថុនា វ៉ាក់សាំងនឹងមកដល់ប្រមាណ ៤.៥លានដូសទៀត ធ្វើឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ចាក់ជូនប្រជាពលរដ្ឋតាមផែនការ(មានvideo)

 


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ប្រមាណ ៤.៥លានដូសទៀត នឹងមកដល់ប្រទេសកម្ពុជា នៅខែមិថុនានេះ។ សម្តេចតេជោ បានបញ្ជាក់ដែរថា ផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឱ្យបាន ១០លាននាក់ អាចសម្រេចត្រឹមដំណាច់ឆ្នាំ២០២១នេះ ឬត្រឹមដើមឆ្នាំ២០២២។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារសំឡេងពិសេសស្តីពីផែនការចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១នេះ។

ក្នុងសារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងមានវ៉ាក់សាំងកូវីដ១៩ គ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋគ្រាន់តែមុន និងក្រោយប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានស្នើប្រជាពលរដ្ឋយោគយល់ និងរង់ចាំការចាក់វ៉ាក់សាំងតាមផែនការដែលរាជរដ្ឋាភិបាលបានរៀបចំ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំនេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់។ តាមគម្រោងនឹងមកប្រមាណ ៤លាន ៥សែនដូសទៀត សម្រាប់ខែមិថុនា និងមកជាបន្តបន្ទាប់។ យើងនឹងអាចចាក់យ៉ាងហោចណាស់ក្នុង ៥លាន ទៅ ៦លាននាក់ មុនដំណាច់ឆ្នាំនេះ ក្នុងចំណោម ១០លាននាក់។ ហើយយើងនឹងខិតខំធ្វើឱ្យសម្រេចនូវការចាក់វ៉ាក់សាំង ១០លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុត នៅដើមឆ្នាំក្រោយតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវ៉ាក់សាំងគ្រប់ៗគ្នា»

បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ទទួលបានវ៉ាក់សាំង ត្រូវបន្តប្រកាន់ខ្ជាប់វិធានការពារខ្លួនពីជំងឺកូវីដ១៩ ដោយប្រើវិធាន «៣ការពារ និង៣កុំ» ហើយសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចហើយ ក៏មិនត្រូវបោះបង់វិធាននេះផងដែរ។

សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ «ក្នុងពេលវេលានេះត្រូវប្រើប្រាស់ [៣ការពារ ៣កុំ] ការពារខ្លួនឱ្យខាងតែបានសិនទម្រាំវ៉ាក់សាំងទៅដល់ ហើយបើទោះបីជាអ្នកបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏មិនត្រូវភ្លេច [៣ការពារ និង៣កុំ] ព្រោះវ៉ាក់សាំងមិនអាចទប់បានគ្រប់ការចម្លងនោះទេ គឺយើងត្រូវប្រើប្រាស់វ៉ាក់សាំងផង និងវិធីការពារខ្លួនពីកូវីដ១៩ផង»

សូមបញ្ជាក់ថា កម្ពុជា បានទទួលវ៉ាក់សាំងជាលើកដំបូងនៅក្នុងខែកុម្ភៈ។ រហូតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងក្នុងដៃជាង ៦លានដូស។ តាមរយៈវ៉ាក់សាំងនេះ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ២.៤លាននាក់ ស្មើនឹងជាង ២៤ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលនឹងត្រូវចាក់វ៉ាក់សាំង។

លទ្ធផលចាក់វ៉ាក់សាំងដែលសម្រេចបាននេះ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈរនៅលំដាប់ទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ជាប្រទេសដែលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន និងលឿន៕


គ្រឿងញៀនជិត១គីឡូក្រាម និងជនសង្ស័យ៣នាក់ ត្រូវមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបបាន នៅខេត្តកំពង់ស្ពឺ

 

(កំពង់ស្ពឺ)៖ កម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀនជិត១គីឡូក្រាម នៅខេត្តកំពង់ស្ពឺ។

ប្រតិបត្ដិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករង និងលោកវរៈសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) និងសហការជាមួយ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួល ពីលោក ខៃ សុភ័ស្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ។

ប្រតិបត្ដិការនេះ ធ្វើឡើងនៅចំណុចស្ថានីយ៍ប្រេង PTT បណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិរលាំងសង្កែ ឃុំសុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០៖២៥នាទី។

ការចុះបង្ក្រាបនេះ ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន។

ជនសង្ស័យ៣នាក់ រួមមាន ទី១៖ ឈ្មោះ ភុំ បេន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ, ទី២៖ ឈ្មោះ ភុំ សំបូរ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ, ទី៣៖ ឈ្មោះ អាន ចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និងវត្ថុតាងចាប់យកបាន ម្សៅសសង្ស័យមេតំហ្វេតាមីន (ICE) ចំនួន១កញ្ចប់ធំ ស្មើទម្ងន់៩៨៨,២៧ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវីធី៕

ពលរដ្ឋនៅភ្នំពេញ ជិត២លាននាក់ បានចាក់វ៉ាក់សាំងកូវីដ-១៩ គិតត្រឹមថ្ងៃ២៧ ខែឧសភា

 


(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៧ ខែឧសភា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួនជិត ២លាននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ដែលថាអ្នករស់នៅភ្នំពេញ នឹងទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ គ្រប់គ្នា យ៉ាងយូរបំផុត ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ តែងបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងជារឿយៗ និងបានជំរុញឱ្យក្រុមការងារ ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដី សម្រុកចាក់ឱ្យបានលឿន ដើម្បីឱ្យការចាក់វ៉ាក់សាំងនេះ បានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុត ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះ។

ជាក់ស្តែង ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋនៅភ្នំពេញ ចំនួន ១.៩១៤.៦៤១នាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្នុងនោះ តួលេខនៅថ្ងៃទី២៦ ខែឧសភា មានចំនួន ១.៨២១.៥៥៩នាក់ និងតួលេខនៅថ្ងៃទី២៧ ខែឧសភា បន្ថែមចំនួន ៩៣.០៨២នាក់ទៀត ដែលធ្វើឲ្យចំនួនអ្នកចាក់បានកើនឡើងរហូតដល់ចំនួន ១.៩១៤.៦៤១នាក់។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ៕



សម្ដេចប្រធានរដ្ឋសភា ប្រគល់រថយន្តសង្រ្គោះបន្ទាន់មួយគ្រឿង ដល់មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

 


ភ្នំពេញ : ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២១នេះ ដើម្បីឆ្លើយតបតម្រូវការខាងវិស័យសុខាភិបាលនៅក្នុងខេត្ត ពិសេសក្នុងគ្រានៃការរីករាលដាលវីរុសកូវីដ-១៩នេះ។

ក្នុងពិធីប្រគល់ជូនរថយន្តសង្រ្គោះបន្ទាន់ដល់មន្ទីរពេទ្យបង្អែក ដែលរៀបចំធ្វើនៅគេហដ្ឋានផ្ទាល់របស់សម្តេច ស្ថិតនៅភូមិអន្លងជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា រថយន្តសង្គ្រោះបន្ទាន់មានសារៈសំខាន់ណាស់ សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដែលមានជំងឺ និងរងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសការដឹងជញ្ជូនពលរដ្ឋដែលបានរកឃើញថា​ មានវិជ្ជមានកូវីដ-១៩ ឲ្យបានទាន់ពេលវេលា ទៅព្យាបាលនៅមន្ទីរពេទ្យ។

សម្តេច បានថ្លែងអំណរគុណនិងកោតសរសើរជាទីបំផុត ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ពិសេសក្រុមគ្រូពេទ្យ កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅក្នុងការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងពីជំងឺកូវីដ-១៩​ និងវិធានការការពារនានា ពិសេសការយកចិត្តទុកដាក់ដល់ការព្យាបាលអ្នកជំងឺ ការថែទំាសុខភាពប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក្កដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តរាល់វិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយមិនត្រូវធ្វេសប្រហែសឡើយ ពីព្រោះជំងឺកូវីដ-១៩ នៅតែគំរាមកំហែងសង្គមជាតិខ្លាំងក្លានៅឡើយ។ សម្តេចបានគូសបញ្ជាក់ថា​ ការអនុវត្តតាមវិធានច្បាប់និងវិធានសុខាភិបាល “៣ការពារ និង ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន ជាមួយនិងការទៅទទួលវ៉ាក់សំាងដោយឥតគិតថ្លៃដែលរាជរដ្ឋាភិបាលកំពុងផ្តល់ជូន គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពខ្ពស់បំផុត ដែលអាចឲ្យយើងគ្រប់គ្នាគេចផុតពីជំងឺដ៍កាចសាហាវនាពេលនេះ។

ប្រជាពលរដ្ឋ អាជ្ញាធរខេត្តត្បូងឃ្មុំ ជាពិសេសមន្រ្តីសុខាភិបាលស្រុកពញាក្រែង បានថ្លែងអំណរគុណជ្រាលជ្រៅចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានរដ្ឋសភានាពេលនេះ ថាពិតជាមានសារៈសំខាន់នៅក្នុងការជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋនៅគ្រាមានអាសន្ន និងបានឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការក្នុងកាលៈទេសៈដែលជំងឺកូវីដ-១៩​ កំពុងរាតត្បាតនេះ។

អាជ្ញាធរបានលើកឡើងថា​ កន្លងមកសម្តេចប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង​ សំរិន តែងតែស្ថិតនៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ​ និងតែងតែជួយដោះស្រាយរាល់តម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ​ មិនថានៅក្នុងវិស័យសុខាភិបាល អប់រំ កសិកម្ម ធារាសាស្រ្តនិងផ្លូវគមនាគមន៍នោះទេ៕

 
គេហទំព័រ WWW.KMSTVONLINE.COM ទីស្នាក់ការកណ្តាល : លេខ៤៨អឺ០ ភូមិ៣ ផ្លូវ៣៤៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ភ្នំពេញ ទំនាក់ទំនង Tele: 012 880 593